ជាតិ
សេដ្ឋកិច្ច
ទូត​ឥណ្ឌូណេស៊ី​៖ ជើងហោះហើរ​ត្រង់​ពី​ឥណ្ឌូណេស៊ី មក​កម្ពុជា អាច​នឹង​ដំណើរការ​ចុងឆ្នាំ​នេះ​
22, Sep 2018 , 7:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី​ប្រចាំ​កម្ពុជា​លោក Sudirman Haseng ឲ្យ​ដឹងថា​ក្រុមហ៊ុន​អាកាសចរ​ចំនួន​ពីរ នឹង​បើក​ជើងហោះហើរ​ត្រង់​ឥណ្ឌូណេស៊ី​-​កម្ពុជា ដែល​រំពឹងថា​នឹង​ចាប់ផ្ដើម​នៅ​ចុង​ឆ្នាំនេះ​។ លោក​ឯកអគ្គរដ្ឋទូត​ថ្លែង​បែបនេះ​នៅ​ថ្ងៃទី​១៨​ខែកញ្ញា ក្នុង​សន្និសីទ​ស្ដី​ការរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​របស់​ឥណ្ឌូណេស៊ី​នៅ​ភ្នំពេញ​។​


 
«​ចំពោះ​ការតភ្ជាប់​តាមផ្លូវ​អាកាស យ៉ាង​ហើ​ចណាស់​ក៏មាន​ក្រុមហ៊ុន​អាកាសចរ​ចំនួន​ពីរ​ដែរ ដែល​កំពុង​ពិនិត្យ​លទ្ធភាព​បើក​ជើងហោះហើរ​ត្រង់​។ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា អាកាសចរ​មួយ​នឹង​បើក​ជើងហោះហើរ​ត្រង់​នៅក្នុង​ឆ្នាំនេះ ហើយ​មួយទៀត​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំក្រោយ​»​។ នេះ​ជា​ប្រសាសន៍​លោក Sudirman Haseng ។​
 
​អគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី លើកឡើងថា ជើង​ហោះ​ត្រង់​រវាង​ប្រទេស​ទាំងពីរ នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​ទ្វេភាគី កាន់តែ​ប្រសើរ​។ 
 
​ការដោះដូរ​ពាណិជ្ជកម្ម រវាង​កម្ពុជា និង​ឥណ្ឌូណេស៊ី​មាន​ចំនួន ៥៤២​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧ ។ ហើយ​ក្នុងអំឡុង​៦​ខែ​ដើមឆ្នាំ​២០១៨​នេះ ទំហំ​ពាណិជ្ជកម្ម​សម្រេចបាន ៣១៨​លាន​ដុល្លារ កើនឡើង ៨​ភាគរយ​។ នេះ​បើតាម​តួលេខ​ពី​ស្ថានទូត​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា​។ 
 
​រីឯ​ទេសចរ​រវាង​ប្រទេស​ទាំងពីរ​វិញ​កាលពី​ឆ្នាំ​២០១៧ ភ្ញៀវ​ឥណ្ឌូណេស៊ី​មក​កម្ពុ​ជាមាន​ចំនួន ៥​ម៉ឺន​នាក់ ខណៈ​ទេសចរ​កម្ពុជា​ទៅ​ប្រទេស​នេះ​វិញ​មាន​ចំនួន​ត្រឹម​ជាង ៥​ពាន់​នាក់​៕
 

Tag:
 ជើងហោះហើរ​ត្រង់​
© រក្សាសិទ្ធិដោយ thmeythmey.com