ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​អាមេរិក​មួយចំនួន​នឹង​មក​សិក្សា ពី​សក្ដានុពល​វិស័យ​កសិកម្ម​របស់​កម្ពុជា​
22, Sep 2018 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ តំណាង​ក្រុមហ៊ុន​ធំៗ​ចំនួន ១៦​រូប​ពី​សហរដ្ឋអាមេរិក នឹង​មក​សិក្សា​ស្វែងយល់​ពី​វិស័យ​កសិកម្ម​នៅ​កម្ពុជា រយៈពេល​ពីរ​ថ្ងៃ​។ កម្មសិក្សា​នេះ​ធ្វើឡើង ក្រោម​ប្រធានបទ ឱកាស​ធុរកិច្ច​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ដែល​រៀបចំ​ដោយ​សភាពាណិជ្ជកម្ម​សហ​រដ្ឋ​អាមេរិក​។ នេះ​បើ​យោងតាម​សេ​ក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​។


 
​រយៈពេល​២​ថ្ងៃ​នៃ​កម្មសិក្សា​នេះ សមាជិក​ប្រតិភូ​នឹង​ស្វែងយល់​ពី​វិស័យ​ផ្សេងៗ​ទាក់ទង​នឹង​កសិកម្ម​របស់​កម្ពុជា ដែលមាន​ដូចជា ស្រូវ​អង្ករ ចំណី​សត្វ បសុសត្វ វារីវប្បកម្ម និង​ទស្សនា​ទីតាំង​ផលិតកម្ម​ក្នុង​មូលដ្ឋាន​។ លើសពីនេះ​គណៈប្រតិភូ​នឹង​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​មក​ពី​ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម និង​អ្នកជំនួញ​កម្ពុជា​ផងដែរ​។​
 
​សេចក្ដីប្រកាស​លើកឡើង​ទៀតថា ការរៀបចំ​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​ផ្ដល់​លទ្ធភាព​ឲ្យ​ក្រុមហ៊ុន​អាមេរិក​មានការ​យល់ដឹង​ស៊ីជម្រៅ​ទៅលើ​វិស័យនេះ  និង​បង្កើន​ទំនាក់ទំនង​ជាមួយ​ភាគី​កម្ពុជា ដែល​នឹង​អាច​ក្លាយជា​ដៃគូ​វិនិយោគ​ដ៏​មាន​សក្តានុពល​នៅពេល​អនាគត​។​
 
​ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ Rosewood ភ្នំពេញ នា​ថ្ងៃទី ២៦ ដល់​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨៕

Tag:
 កសិក​កម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com