អន្តរជាតិ
ប្រទេស​ភាគច្រើន​មិនអាច​សម្រេច​គោលដៅ SDG បន្ថយ​ការស្លាប់​ដោយសារ​ជំងឺមិនឆ្លង​មុន​ឆ្នាំ ២០៣០
11, Oct 2018 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រទេស​ច្រើន​ពាក់កណ្តាល​ទូទាំង​ពិភពលោក​ទំនងជា​នឹង​មិនអាច​សម្រេច​គោលដៅ​ក្នុងការ​កាត់បន្ថយ​ការស្លាប់​របស់​ប្រជាជន​ដោយសារ​ជំងឺមិនឆ្លង​រ៉ាំរ៉ៃ​លើ​ឲ្យ​បាន​ដល់​មួយ​ភាគបី​មុន​ឆ្នាំ ២០៣០​ឡើយ​។ នេះ​បើតាម​របាយការណ៍​ស្រាវជ្រាវ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​ទី ២១ ខែកញ្ញា​នេះ​។


 
​សាស្ត្រាចារ្យ​នៃ​សាលា​សុខភាព​សាធារណៈ​នៅ​ទីក្រុង​ឡុង​លោក Majid Ezzati ដែលជា​អ្នកដឹកនាំ​ក្រុង​ស្រាវជ្រាវ និង​ចងក្រង​របាយការណ៍​នេះ​បាន​បញ្ជាក់ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ថ្វីបើ​មានការ​កំណត់​គោលដៅ និង​ប្តេជ្ញាចិត្ត​ដើម្បី​កាត់បន្ថយ​ការស្លាប់​ដោយសារ​ជំងឺមិនឆ្លង​នេះ​ក៏ដោយ ក៏​ជា​លទ្ធផល​ចុងក្រោយ ប្រទេស​ភាគច្រើន​នៅតែ​បរាជ័យ​ដដែល​។ 
 
​អ្នកស្រាវជ្រាវ​រូបនេះ​បាន​បង្ហាញថា ការសិក្សា​ត្រូវបាន​រៀបចំឡើង​ដោយ​ផ្អែកលើ​ប្រទេស ១៨០​ទូទាំង​ពិភពលោក​។ គេ​រកឃើញថា មាន​ត្រឹម​ប្រទេស ៣៥​ប៉ុណ្ណោះ​លើ​លោក​ដែល​ស្ថិតនៅ​លើផ្លូវ​ឈានទៅរក​ជោគជ័យ​តាម​គោលដៅ​ទី​បី​នៃ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ដែល​ត្រូវបាន​ដាក់ចេញ​នៅ​ឆ្នាំ ២០១៥​។ 
 
​ចំណែក​ប្រទេស ២០​ផ្សេងទៀត​នោះ​នៅជាប់​ទ្រឹង និង​ដើរ​ថយក្រោយ​ថែម​ទៀតផង​។ សហរដ្ឋអាមេរិក​ដែលជា​ប្រទេស​អ្នកមាន​នោះ​ក៏​ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​បរាជ័យ​ដែរ បើ​យោងតាម​របាយការណ៍​ស្រាវជ្រាវ​ថ្មី​នេះ​។​
 
​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ដែរ​ថា កាលពី​ឆ្នាំមុន​វិទ្យាស្ថាន​សុខភាព​សាធារណៈ​អាមេរិក​បង្ហាញថា​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​ដែល​អាច​ទប់ស្កាត់បាន​ដូចជា​ជំងឺ​រ៉ាំរ៉ៃ​នេះ​កើនឡើង​ក្នុងចំណោម​ប្រជាជន​អាមេរិក​ស្បែ​កស និង​ប្រជាជន​រស់នៅ​តាម​ជនបទ​ជាដើម​។​
 
​ដោយឡែក បើតាម​របាយការណ៍​ស្រាវជ្រាវ​ថ្មី​នេះដែរ គ្រាន់តែ​ក្នុង​ឆ្នាំ ២០១៦ មនុស្ស​ប្រហែល ១២,៥​លាន​នាក់​ទូទាំង​ពិភពលោក​ដែលមាន​អាយុ​ពី ៣០​ដល់​៧០​ឆ្នាំ​បាន​ស្លាប់​ដោយសារ​ជំងឺ​រ៉ាំរ៉ៃ​នានា​, ជំងឺមហារីក​, ជំងឺ​បេះដូង និង​ជំងឺ​ពាក់ព័ន្ធ​ឈាម​និង​សរសៃឈាម ក៏ដូចជា​ជំងឺ​ទឹកនោមផ្អែម​ដែរ​។ 
 
​សាស្ត្រាចារ្យ Ezzati បាន​ពន្យល់​ផងដែរ​ថា ការបរាជ័យ​នេះ​ដោយសារ​ប្រទេស​ម្ចាស់ជំនួយ​អន្តរជាតិ និង​រដ្ឋាភិបាល​ប្រទេស​សាមី​នោះ​មិនបាន​ប្រឹងប្រែង​ដើម្បី​ជំរុញ​ការកាត់បន្ថយ​ចំនួន​អ្នកស្លាប់​ដោយ​ជំងឺមិនឆ្លង​ទាំង​នេះឡើយ​។ 
 
​យ៉ាងណាក៏ដោយ​អ្នកជំនាញ​រូបនេះ​ក៏បាន​បង្ហើប​ផងដែរ​ថា វា​នៅមាន​ដំណឹង​ល្អ​ខ្លះ​សម្រាប់​ពិភពលោក​។ នោះ​គឺ យ៉ាងហោចណាស់​ប្រទេស​ទាំងនោះ​កំពុង​ដើរ​លើផ្លូវ​ត្រូវ​នៅពេលនេះ​៕

Tag:
 SDG
  ជំងឺមិនឆ្លង​
  គោលដៅ​អភិវឌ្ឍន៍​ដោយ​ចរី​ភាព​
© រក្សាសិទ្ធិដោយ thmeythmey.com