អន្តរជាតិ
ប្រធានរដ្ឋសភាមីយ៉ាន់ម៉ា ដាស់តឿនសមាជិកឲ្យចុះតាមដានស្ថានភាពប្រជាជន ឲ្យសមជាតំណាងរាស្ត្រពិតប្រាកដ
× ប្រធានរដ្ឋសភាមីយ៉ាន់ម៉ា បានក្រើនរម្លឹកដល់សមាជិក និងជាសហការីរបស់ខ្លួនឲ្យបំពេញតួនាទីឲ្យដូចជានាមរបស់ខ្លួន គឺតំណាងរាស្ត្រ។ ប្រធានរដ្ឋសភា ផ្តល់យោបល់ឲ្យអ្នកតំណាងរាស្ត្រទាំងនោះ ចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពរបស់រាស្ត្រប្រជាដើម្បីធ្វើគោលនយោបាយ និងអនុម័តច្បាប់ទៅមានប្រសិទ្ធភាពក្នុងការការពារពួកគេពិតប្រាកដ។
លោកប្រធានរដ្ឋសភាជាតិមីយ៉ាន់ម៉ា T Khun Myat នៅថ្ងៃ១៩ កញ្ញា នាឱកាសនៃប្រជុំសាមញ្ញរបស់សភា បានទទូចឲ្យអ្នកតំណាងរាស្ត្រទាំងអស់ចូលរួមធានាថា ច្បាប់ដែលពួកគេ បានអនុម័តទាំងអស់ពិតជាបានការពារ និងលើកកម្ពស់សុខមាលភាពរបស់ប្រជាជន។ លោក ក៏ចង់ឲ្យអ្នកតំណាងរាស្ត្របង្ហាញពីគំរូក្នុងការគោរពច្បាប់សម្រាប់ប្រជាជនផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ Myanmar Times។
តាមប្រភពព័ត៌មានដដែលនោះ លោកប្រធានរដ្ឋសភារូបនេះ បានក្រើនរម្លឹកដល់សហការីរបស់ខ្លួនថា សភា គឺជាកន្លែង ដែលប្រមូលផ្តុំផលលំបាករបស់ប្រជាជនដើម្បីមកជជែកវែកញែក និងផ្តល់ដំណោះស្រាយវិញ តាមរយៈការអនុម័តច្បាប់។ លោក បន្ថែមថា ប្រសិនបើច្បាប់តាក់តែងឡើងបានត្រឹមត្រូវ នោះស្ថានភាពលំបាករបស់ប្រជាជន នឹងត្រូវបានកាត់បន្ថយជាក់ជាពុំខាន។
លោក ក៏បានដាស់តឿនឲ្យសមាជិកសភាទាំងអស់ ចុះសហគមន៍ ដែលពួកគេ ធ្វើជាអ្នកតំណាង ហើយចូលរួមសកម្មភាពនានា ដើម្បីជាការតាមដានកាន់តែជិត លើលក្ខខណ្ឌនៃការរស់នៅរបស់ប្រជាជន។ « ធ្វើជាអ្នកបម្រើរាស្ត្រពិតប្រាកដ។ អ្នក មានភារកិច្ចជួយប្រជាជនដើម្បីអភិវឌ្ឍការអនុវត្តល្អៗ នៃសង្គមប្រជាធិបតេយ្យ»។ លោកសង្កត់ធ្ងន់យ៉ាងដូច្នេះ។
សូមជម្រាបផងដែរថា រយៈពេលជាងពីរឆ្នាំមកហើយ ដែលសភាមីយ៉ាន់ម៉ា ត្រូវបានគ្របដណ្តប់ដោយបក្សស៊ីវិល របស់លោកស្រី អ៊ុងសាន ស៊ូជី។ បើត្រលប់ទៅគ្រាពីរឆ្នាំមុន ពោលគឺមុនពេលសភាមីយ៉ាន់ម៉ាបច្ចុប្បន្នចាប់ផ្តើមផ្លូវការ លោកស្រីស៊ូជី ដែលជាប្រមុខបក្សសំឡេងភាគច្រើនក្នុងសភា បានបញ្ជាក់ដល់ក្រុមអ្នកតំណាងរាស្ត្ររបស់ខ្លួនជាមុនដោយ ត្រូវតែគោរពតាមបទបញ្ជា និង មានឥរិយបថត្រឹមត្រូវ។ លោកស្រី ក៏បានព្រមានដាក់ទណ្ឌកម្មលើតំណាងណាមួយដែលបំពាននឹងបញ្ជាផ្ទៃក្នុងផងដែរ។
ថ្មីៗនេះ នាឱកាសនៃការចូលរួមវេទិកាសេដ្ឋកិច្ចក្នុងប្រទេសវៀតណាម លោកស្រី អ៊ុងសាន ស៊ូជី ក៏បានឆ្លៀតបង្ហាញពីជំនឿជាក់របស់លោកស្រី ថា បក្សលោកស្រី អាចនឹងឈ្នះការបោះឆ្នោតមីយ៉ាន់ម៉ាជាថ្មីនៅអាណត្តិក្រោយ។ លោកស្រី ហ៊ានថ្លែងបែបនេះ ដោយមើលឃើញពីការគាំទ្រច្រើនក្នុងការដឹកនាំប្រទេសរបស់បក្សលោកស្រីពីប្រជាជន ទោះបីជាមានបញ្ហាខ្លះ បានកើតឡើងក៏ដោយ៕
Tag:
មីយ៉ាន់ម៉ា
អាស៊ាន
T Khun Myat
© រក្សាសិទ្ធិដោយ thmeythmey.com