ជាតិ
បទយកការណ៍ / បទសម្ភាសន៍
”​ផ្នូរ​គ្មាន​ឈ្មោះ​” ភាពយន្ត​ឯកសារ​មានតម្លៃ​សម្រាប់​ពិភពលោក​
22, Sep 2018 , 4:29 pm        
រូបភាព
​ភ្នំពេញ​៖ “​ផ្នូរ​គ្មាន​ឈ្មោះ​” ជា​ភាពយន្ត​ឯកសារ​បង្ហាញ​ពី​រឿង​ពិត​របស់​ផលិតករ ប៉ាន់ រិទ្ធី ដែល​ប្រឹងប្រែង​ស្វែងរក​ឆ្អឹង​របស់​សាច់ញាតិ ដែល​ស្លាប់​នៅ​សម័យ​ខ្មែរក្រហម​។ រឿងនេះ​ស្ដែង​ឱ្យឃើញ​ពី​ភាព​សោកសង្រេង របស់​អ្នក​រស់រានមានជីវិត ព្រមទាំង​ព្រលឹង​ដែល​បាន​ស្លាប់​កាលពី​សម័យ​សង្គ្រាម​។ “​ផ្នូរ​គ្មាន​ឈ្មោះ​” ក៏​កំពុងស្ថិត​ក្នុងការ​ពិចារណា​របស់​គណៈកម្មការ​អូ​ស្ការ សម្រាប់​ដាក់​ក្នុង​ជម្រើស Best Foreign Language Film Oscar នា​ព្រឹត្តិការណ៍ Academy Awards លើក​ទី​៩១ ដែរ​។​


 
 ព្រលឹង​វង្វេង​ក្នុងព្រៃ​ដែល​គេ​យកទៅ​សម្លាប់ មិនអាច​ស្គាល់ផ្លូវ​មក​ផ្ទះ​វិញ ពួកគេ​ដឹង​ត្រឹមតែ​អ្វីដែល​មាននៅ​ជុំវិញខ្លួន​។ ខំ​ស្វែងរក​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ផ្សេងៗ ឱ្យ​តែមាន​តម្រុយ​ថា ប្រហាក់ប្រហែល នេះ​ជា​អ្វីដែល​តួរ​អង្គ​ក្នុង​រឿង​បានធ្វើ​។ ភាពយន្ត​បង្ហាញ​ពី​បុរស​វ័យ​ចំណាស់​ពីររូប ជា​អ្នក​រស់រានមានជីវិត ពី​របប​ដ៏​ឃោរឃៅ​នេះ រម្លឹក​ពី​ព្រឹត្តិការណ៍​ដែល​កើតឡើង​សម័យ​នោះ​។ ពី​ធី​ហៅ​ព្រលឹង​តាមបែប​ប្រពៃណី​ខ្មែរ ក៏មាន​បញ្ចូល​ក្នុង​សាច់រឿង​នេះដែរ​។ 
 
​អ្នកទស្សនា​មួយរូប​កញ្ញា តឹក ច័ន្ទ​រចនា មក​មើល​ភាពយន្ត​នេះ​ដោយសារតែ​នាង​ធ្លាប់​ដឹង​ទឹកដៃ​របស់​អ្នកនិពន្ធ​។ ភាពយន្ត​នេះ​ធ្វើឱ្យ រចនា ទទួលបាន​ចំណេះដឹង​ច្រើន​បន្ថែមទៀត លើ​អ្វីដែល​នាង​ធ្លាប់​ដឹង​ពីរ​បប​ខ្មែរក្រហម​។ ភាពមិនច្បាស់លាស់ ថា​សាច់ញាតិ​របស់ខ្លួន​ស្លាប់​ឬ​រស់ ជា​ចំណុច​ដែល រចនា ចាប់អារម្មណ៍​ពី​ក្នុង​រឿង​ទាំងមូល​។ ច័ន្ទ​រចនា បញ្ជាក់ថា​៖«​ខ្ញុំ​ចាប់អារម្មណ៍​ត្រង់ រឿងនេះ​បង្ហាញ​អំពី​ភាពមិនច្បាស់លាស់​ថា​សាច់ញាតិ​ស្លាប់ ឬ រស់ ហើយ​មិនដឹងថា​គេ​យកទៅ​កប់​នៅឯណា​ទៀត​។ វា​បង្ហាញឱ្យឃើញថា ស្លាប់​នៅ​សម័យ​សង្គ្រាម ដែល​គេ​យកទៅ​សម្លាប់​នៅ​កន្លែង​មួយ​ច្រើន​គ្នា គឺ​ពិតជា​ពិបាក​រក​ឆ្អឹង​ណាស់​»​។


 
​កញ្ញា សែត ហត្ថា វ័យ​២៦​ឆ្នាំ ក៏​ជា​អ្នក​បាន​ទស្សនា​រឿងនេះ​ដែរ​។ មាន​ជំនឿ​លើ​ព្រលឹង ព្រោះ​នាង​ក៏​ធ្លាប់​ជួប​រឿង​បែបនេះ​ពីមុន​ដែរនោះ ហត្ថា យល់ថា​ភាពយន្ត​នេះ​បានបង្ហាញ​គំនិត​ជ្រៅ ដែល​ឆ្លុះបញ្ចាំង​ពី​តថភាព​សង្គម​។ ជា​អ្នកនិពន្ធ​មួយរូប​ដែរនោះ ហត្ថា ថា​រឿងនេះ​ពិតជា​បានផ្ដល់​ចំណេះ​ច្រើន​ទៅដល់​អ្នកទស្សនា និង​បានបង្ហាញ​ពី​ជំនឿ​របស់​ប្រជាជន​ខ្មែរ​ផងដែរ​។ «​ក្នុង​រឿងនេះ​គេ​បង្ហាញ​ពី​ការស្វែងរក​ព្រលឹង​អ្នកស្លាប់​។ ខ្ញុំ​ជឿថា​មនុស្ស​យើង​អាច​និយាយ​ជាមួយ​ព្រលឹង​បាន ព្រោះ​ខ្ញុំ​ក៏​ធ្លាប់​ជួប​ដែរ​។ វា​ពិតជា​សំខាន់​ដែល​យើង​បាន​សិក្សា​ពី​រឿង​ទាំងនេះ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់ កញ្ញា សេត ហត្ថា​។


 
​កាលពី​ឆ្នាំ​២០១៣ ភាពយន្ត​រឿង «​កង្វះ​រូបភាព​» (The Missing Picture) បាន​ស្ថិតក្នុង​ជម្រើស​របស់​គណៈកម្មកា​រ​ជ្រើសរើស​ភាពយន្ត​ប្រកួត​ក្នុង​មហោស្រព​ភាពយន្ត​ពិភពលោក ពានរង្វាន់​អូ​ស្ការ ហើយ​៥​ឆ្នាំក្រោយ ផលិតករ​ខ្មែរ​-​បារាំង ប៉ាន់ រិទ្ធី បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ម្តងទៀត​លើ​ស្នាដៃ​រឿង «​ផ្នូរ​គ្មាន​ឈ្មោះ​» (Graves without a name)​។ គណៈកម្មការ​អូ​ស្ការ​កំពុង​ពិចារណា​សម្រាប់​ដាក់​ក្នុង​ជម្រើស Best Foreign Language Film Oscar នា​ព្រឹត្តិការណ៍ Academy Awards លើក​ទី​៩១ ។


 
​លោក ជា សុភាព នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​បុប្ផា​ណា ដែល​បានរួម​ចំណែក​ផលិតភាព​យន្ត​នេះ លើកឡើងថា​រឿង «​ផ្នូរ​គ្មាន​ឈ្មោះ​»  ជា​ប្រភព​ដ៏​សំខាន់​មួយ ដើម្បីឱ្យ​ក្មេងជំនាន់ក្រោយ បាន​ស្វែងយល់​បទពិសោធន៍​ពី​អតីតកាល ដើម្បី​សិក្សា​ពី​បច្ចុប្បន្ន និង​អនាគត​។ «​មជ្ឈមណ្ឌល​បុប្ផា​ណា​ជា​កន្លែង​រក្សាទុក​ភាពយន្ត​ឯកសារ ដូច្នេះ​ភាពយន្ត​មួយ​នេះ វា​មានតម្លៃ​សម្រាប់​ប្រជាជន​ខ្មែរ​គ្រប់រូប​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ជា សុភាព​។


 
​គណៈកម្មាធិការ​ជ្រើសរើស​រឿង​នៃ​ពានរង្វាន់ Oscar អ្នកស្រី Mariam Arthur ឱ្យដឹងថា រឿង «​ផ្នូរ​គ្មាន​ឈ្មោះ​» កំពុងស្ថិត​ក្នុងការ​ពិចារណា​របស់​គណៈកម្មាធិការ​ជ្រើសរើស​រឿង​។ អ្នកស្រី​ថា ភាពយន្ត​នេះ​អាចមាន​ឱកាស​ច្រើន​ដើម្បី​ក្លាយខ្លួន ជា​ជម្រើស​សម្រាប់​យកទៅ​ប្រកួតប្រជែង​ពាន់រង្វាន់ Oscar លុះត្រា​ណា​តែ​រឿងនេះ​បាន​បញ្ចាំង​នៅក្នុង​ស្រុក​យ៉ាងហោចណាស់​មួយ​សប្ដាហ៍ ហើយ​មាន​អ្នកគាំទ្រ​ច្រើន​។ ជារួម​ក្នុងនាម​ជា​គណៈកម្មាធិការ​ជ្រើសរើស​រឿង អ្នកស្រី ពេញចិត្ត​ភាពយន្ត​មួយ​នេះ ព្រោះ​វា​បានបង្ហាញ​អំពី​តថភាព​សង្គម​។ អ្នកស្រី Mariam Arthurr បញ្ជាក់​៖«​រឿងនេះ​អាច​ក្លាយជា​ជម្រើស​សម្រាប់​គណៈកម្មកា​រ លុះត្រាតែ​វា​មានការ​គាំទ្រ​ច្រើន​ក្នុងស្រុក​ជាមុនសិន​»​។


 
​ប្រធាន​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​លោក  ប៉ុក បូរ​ក្ស ក៏បាន​លើកឡើងថា ភាពយន្ត​”​ផ្នូរ​គ្មាន​ឈ្មោះ​”​នេះ មានគុណ​តម្លៃ​មិន​ត្រឹមតែ​សម្រាប់​ប្រជាជន​កម្ពុជា​ទេ តែ​វា​ក៏​សម្រាប់​ពិភពលោក សិក្សា​ពីបទ​ពិសោធន៍​ដ៏​ជូរចត់​នេះដែរ​។ ក្នុងនាម​ជា​តំណាង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោក បូរ​ក្ស ក៏បាន​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ឱ្យមក​មើល​ភាពយន្ត​ឯកសារ​នេះដែរ​។ លោក​ប៉ុក បូរ​ក្ស បន្ថែម​៖ «​ភាពយន្ត​ជាច្រើន​របស់លោក ប៉ាន់ រិទ្ធី បានធ្វើឱ្យ​អន្តរជាតិ​ស្គាល់​កម្ពុជា​កាន់តែច្រើន​។ ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ខ្មែរ​មើល​រឿងនេះ​ឱ្យបាន​ច្រើន ព្រោះ​វា​បង្ហាញ​ពីបទ​ពិសោធន៍ និង​សម្រាប់​សិក្សា​ថ្ងៃ​អនាគត​»​។ 


 
​សូមបញ្ជាក់ថា ចាប់ពី​ថ្ងៃទី​១៥​ខែកញ្ញា​តទៅ ភាពយន្ត​”​ផ្នូរ​គ្មាន​ឈ្មោះ​” ដាក់​បញ្ចាំង​នៅ​រោងភាពយន្ត ប៉ារីស អេ​ដិ​ន ក្នុង​មជ្ឈមណ្ឌល​បុ​ប្ដា​ណា​, ឡឺ ស៊ី​នេ​ម៉ា ក្នុង​វិទ្យាស្ថាន​បារាំង​, Legend Cinema (Exchange Square Premium and Eden Garden), Prime Cineplex Sovanna​។ សម្រាប់តែ​រោងភាពយន្ត Major Cineplex by Smart (AEON Mall, Sorya Center Point, Siem Reap) តម្លៃ​សំបុត្រ​ត្រឹមតែ​៣​ដុល្លារ និង​២ ដុល្លារ​តែប៉ុណ្ណោះ ហើយ​ថវិកា​ទាំងអស់​ដែល​ទទួលបាន រោងភាពយន្ត​និង​ផ្ដល់​ដល់​មជ្ឈមណ្ឌល​បុប្ផា​ណា​៕
 

Tag:
 ភាពយន្ត​
  ផ្នូរ​គ្មាន​ឈ្មោះ​
  សិល្បៈ​
  ប៉ាន់ រិទ្ធី​
© រក្សាសិទ្ធិដោយ thmeythmey.com