កីឡាជាតិ
ជាតិ
រយៈពេល​១៨​ឆ្នាំ អត្ត​ព​លិ​ក​ជនពិការ​ដណ្តើមបាន​មេដាយ​ចំនួន​១៥៩​ពី​កម្រិត​អន្តរជាតិ​
23, Sep 2018 , 8:59 am        
រូបភាព
ដោយ:
​បើតាម​របាយការណ៍ ដែល​ផ្តល់​ដោយ​លោក យី វាសនា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា អត្ត​ព​លិ​ក​ពិការ​កម្ពុជា​ដណ្តើមបាន​មេដាយ​សរុប​ចំនួន​១៥៩​គ្រឿង បើ​គិតពី​ឆ្នាំ​១៩៩៩​ដល់​ឆ្នាំ​២០១៧​។ មេដាយ​ទាំងនេះ ដណ្តើមបាន​ពី​ការប្រកួត​កម្រិត​អាស៊ាន អាស៊ី និង​ពិភពលោក​។

 
​មេដាយ​ទាំង​១៥៩​គ្រឿង​ខាងលើ​មាន​មេដាយមាស​២២ ប្រាក់​៧៨ និង​សំរឹទ្ធ​៥៩ ដោយ​មេដាយ​ទាំងនេះ​ទទួលបាន​ពី​ការចូលរួម​ប្រកួត​ចំនួន​១៥​លើក​របស់​អត្ត​ព​លិ​ក​។ នា​ការប្រកួត FESPIC Games នៅ​ប្រទេស​ថៃ ឆ្នាំ​១៩៩៩ ដែលជា​ការចូលរួម​លើកដំបូង​ក្រោយ​របប​ប្រល័យពូជសាសន៍ អត្ត​ព​លិ​ក​កម្ពុជា​ដណ្តើម​មេដាយប្រាក់​៣ និង​សំរឹទ្ធ​២​។ នៅ​ឆ្នាំ​១៩៩៩​នោះដែរ កម្ពុជា​ទទួលបាន​មេដាយប្រាក់​១ និង​សំរឹទ្ធ​១​បន្ថែម ពី​ការប្រកួត​ជើងឯក​ម៉ារ៉ាតុន​រទេះ​នៅ​ប្រទេស​អូស្ត្រាលី​។ 


 លោក យី វាសនា (អាវក្រហម)ទទួលថវិកាពីសម្តេច ហ៊ុន សែន មុនចេញទៅចូលរួម ASEAN Para Games កាលពីពេលកន្លងទៅ
 
​បន្ទាប់មក​នៅ​ឆ្នាំ​២០០១ ក្នុង​ព្រឹត្តិការណ៍​កីឡា​ជនពិការ​ជាតិ​ម៉ាឡេស៊ី កម្ពុជា​ដណ្តើមបាន​មេដាយមាស​២ ប្រាក់​២ និង​សំរឹទ្ធ​២​។ ឆ្នាំ​២០០២​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជនពិការ​អាស៊ាន​លើក​ទី​១(AEAN Para Games) នៅ​ម៉ាឡេស៊ី កម្ពុជា​ឈ្នះ​មេដាយមាស​៦ ប្រាក់​៥ និង​សំរឹទ្ធ​២ មុន​ឈ្នះ​មេដាយមាស​៣ ប្រាក់​២ និង​សំរឹទ្ធ​១​ពី FESPIC Games នៅ​ប្រទេស​កូរ៉េខាងត្បូង​ឆ្នាំ​២០០២​។ 
 
​នា​ការប្រកួត​កីឡា​ជនពិការ​អាស៊ាន​លើក​ទី​២​នៅ​ប្រទេស​វៀតណាម​ឆ្នាំ​២០០៣ កម្ពុជា​ដណ្តើមបាន​មេដាយមាស​២ ប្រាក់​៥ និង​សំរឹទ្ធ​៣​។ ក្នុង​ព្រឹត្តិការណ៍​ដដែល​នៅ​ប្រទេស​ហ្វីលីពីន​ឆ្នាំ​២០០៥ កម្ពុជា​ហាក់​មានការ​ធ្លាក់ចុះ ដោយបាន​មេដាយប្រាក់​៥ និង​សំរឹទ្ធ​១​។ ព្រឹត្តិការណ៍​កីឡា​ជនពិការ​អាស៊ាន​ឆ្នាំ​២០០៨​នៅ​ថៃ កម្ពុជា​ដណ្តើមបាន​មេដាយប្រាក់​តែ​៤​ប៉ុណ្ណោះ មុន​ឈ្នះ​មេដាយមាស​១ ប្រាក់​៩ និង​សំរឹទ្ធ​៥ ពី​ព្រឹត្តិការណ៍​ដដែល​ឆ្នាំ​២០០៩ នៅ​ម៉ាឡេស៊ី​។ 
 
​នៅ​ឆ្នាំ​២០១១ កម្ពុជា​ដណ្តើមបាន​មេដាយមាស​២ ប្រាក់​៧ និង​សំរឹទ្ធ​១២ ពី​ការប្រកួត​កីឡា​ជនពិកា​អាស៊ាន​នៅ​ប្រទេស​ឥណ្ឌូណេស៊ី មុន​ឈ្នះ​មេដាយមាស​៤ ប្រាក់​១១ និង​សំរឹទ្ធ​១៧ ក្នុង​ព្រឹត្តិការណ៍​ដដែល​ឆ្នាំ​២០១៤ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។ ក្នុង​ព្រឹត្តិការណ៍​ដូចគ្នានេះ​នៅ​ប្រទេស​សិង្ហ​បុរី​ឆ្នាំ​២០១៥ កម្ពុជា​ដណ្តើមបាន​មេដាយមាស​១ ប្រាក់​២ និង​សំរឹទ្ធ​៧​។​
 
​ការប្រកួត​កីឡា​អូឡាំពិក​រដូវរងារ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ឆ្នាំ​២០១៧ កម្ពុជា​ដណ្តើមបាន​មេដាយប្រាក់​១​។ នៅ​ឆ្នាំ​២០១៧​នេះដែរ​កម្ពុជា​ឈ្នះ​មេដាយមាស​១ និង​សំរឹទ្ធ​១ ពី​ការប្រកួត​កីឡា​យុវជន​ជនពិការ​រដូវក្តៅ​នៅ​ប្រទេស​កូរ៉េខាងត្បូង​។ នា​ការប្រកួត​កីឡា​ជនពិការ​អាស៊ាន​លើក​ទី​៩​នៅ​ម៉ាឡេស៊ី កាលពី​ឆ្នាំ​២០១៧ កន្លងទៅ កម្ពុជា​ដណ្តើមបាន​មេដាយប្រាក់​២១ និង​សំរឹទ្ធ​៥៕   
 

Tag:
 យី វាសនា​
  អត្ត​ព​លិ​ក​ពិការ
© រក្សាសិទ្ធិដោយ thmeythmey.com