កីឡាជាតិ
ជាតិ
លី​គ​៖ ណាហ្គា​វើ​ល​ប៉ះ​វិសាខា បឹងកេត​ជួប​អង្គ​រថា​យ​ហ្គឺ​រ ភ្នំពេញ​ក្រោ​ន​ស្វាគមន៍​វេ​ស្ទើ​ន​
23, Sep 2018 , 10:56 am        
រូបភាព
ជំនួបរវាងក្រុមសូលទីឡូអង្គរជាមួយអគ្គិសនីកម្ពុជាកាលពីថ្ងៃសៅរ៍
ជំនួបរវាងក្រុមសូលទីឡូអង្គរជាមួយអគ្គិសនីកម្ពុជាកាលពីថ្ងៃសៅរ៍
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៨ បាន​ឈានដល់​សប្តាហ៍​ទី​២១ ដោយនៅ​ថ្ងៃអាទិត្យ ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ក្រុម​ណាហ្គា​វើ​ល​ត្រូវ​ប្រជែង​ជាមួយ​វិសាខា រីឯ​បឹងកេត​ប៉ះ​អង្គ​រថា​យ​ហ្គឺ​រ និង​ភ្នំពេញ​ក្រោ​ន​ស្វាគមន៍​វេ​ស្ទើ​ន​ភ្នំពេញ​។

 
​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​(​ស្តា​ត​ចាស់​) នឹង​ក្លាយជា​ទីលាន​កាត់សេចក្តី​ជំនួប​រវាង​ណាហ្គា​វើ​ល​ជាមួយ​វិសាខា​នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨​។ នេះ​ជា​ជំនួប​ដ៏​សំខាន់​មួយ ព្រោះ​ក្រុម​ទាំងពីរ​សុទ្ធតែ​ត្រូវការ​ឈ្នះ ដើម្បី​បង្កើន​ឱកាស​ប្រជែង​ដណ្តើម​ជើងឯក​នៅ​ឆ្នាំនេះ​។ ណាហ្គា​វើ​ល​កំពុង​ស្ថិតនៅ​កំពូល​តារាង​មាន​៥០​ពិន្ទុ និង​វិសាខា​ស្ថិតនៅ​លេខ​៣​មាន​៤៥​ពិន្ទុ​។ 
 
​ក្នុងករណី​ណាហ្គា​វើ​ល​ឈ្នះ នោះ​វិសាខា​នឹង​អស់​ឱកាស​ក្នុងការ​ប្រជែង​ដណ្តើម​ជើងឯក ហើយ​ណាហ្គា​វើ​ល​ជា​ក្រុម​មាន​ភាគរយ​ខ្ពស់​ក្នុងការ​គ្រង​ជើងឯក​នៅ​ឆ្នាំនេះ​។ ប៉ុន្តែ​បើ​វិសាខា​ឈ្នះ ក្រុម​នេះ​នៅតែ​មានឱកាស​ប្រជែង​ដណ្តើម​ជើងឯក និង​ធ្វើ​ឲ្យ​តំណែង​នេះ​មានការ​ប្រកួតប្រជែង​កាន់តែខ្លាំង​ថែមទៀត​។ តែ​យ៉ាងណា វា​មិន​ងាយស្រួល​យកឈ្នះ​សម្រាប់​ណាហ្គា​វើ​ល​ឡើយ ព្រោះ​វិសាខា​ជា​ក្រុម​ចំណូល​ថ្មី ដែល​កំពុង​ឡើង​ជើង ខណៈ​កាល​ជើង​ទី​១​ក្រុម​នេះ​បាន​យកឈ្នះ​ណាហ្គា​វើ​ល​ក្នុង​លទ្ធផល ៣-០​។​
 
​យ៉ាងណាមិញ ក្រុម​ទាំងពីរ​ខាងលើ ត្រូវ​រង់ចាំ​អ៊ុត​លទ្ធផល​រវាង​ក្រុម​បឹងកេត​ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រ ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​ម៉ោង​៣:៣០​នាទី​រសៀល​។ បើ​បឹងកេត​ឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ នឹង​ជួយ​ឲ្យ​ក្រុមឈរ​លេខ​២​មាន​៤៨​ពិន្ទុ​ក្នុង​ដៃ​មួយ​នេះ​ឡើងឈរ​កំពូល​តារាង​បណ្តោះអាសន្ន ហើយ​វា​នឹងធ្វើ​ឲ្យ​ជំនួប​រវាង​ណាហ្គា​វើ​ល​ជាមួយ​វិសាខា​កាន់តែ​ស្វិតស្វាញ​ខ្លាំង​ផងដែរ​។ 
 
​ប៉ុន្តែ​បើ​បឹងកេត​ចាញ់ ឬ​ស្មើ​នៅថ្ងៃនេះ ហើយ​ណាហ្គា​វើ​ល​ឈ្នះ​វិសាខា​វិញ​នោះ ទាំង​បឹងកេត​និង​វិសាខា​ត្រូវអស់​ឱកាស​ប្រជែង​ដណ្តើម​ជើងឯក​។ ចំណែក​ណាហ្គា​វើ​ល នឹង​ក្លាយជា​ម្ចាស់​ជើងឯក ទោះបី​ក្រុម​ទាំងនេះ​នៅសល់​ម្នាក់​មួយ​ប្រកួត​ទៀត​ក៏ដោយ​។ តែ​យ៉ាងណា បឹងកេត​ទំនងជា​មិន​ធ្វេសប្រហែស​ឲ្យ​ចាញ់​ក្រុម​ស្ថិតនៅ​លេខ​៧​អង្គ​រថា​យ​ហ្គឺ​រ​នោះឡើយ ខណៈ​ជើង​ទី​១​ក្រុម​នេះ​បាន​យកឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ​ក្នុង​លទ្ធផល ៤-០​។​
 
​ក្រៅពី​ជំនួប​ដ៏​ជក់ចិត្ត​ទាំងពីរ​ខាងលើ នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃអាទិត្យ​នេះដែរ ក្រុម​ភ្នំពេញ​ក្រោ​ន​ត្រូវ​បើកទ្វារ​កីឡដ្ឋាន RSN ស្វាគមន៍​ភ្ញៀវ​វេ​ស្ទើ​ន​ភ្នំពេញ ដែលជា​ក្រុម​ត្រូវ​កាត់​ចេញពី​ក្របខណ្ឌ​នៅ​ឆ្នាំនេះ​។ កាល​ជួបគ្នា​ជើង​ទី​១ ក្រុម​ស្ថិតនៅ​លេខ​៦​មាន​៣០​ពិន្ទុ​ភ្នំពេញ​ក្រោ​ន​យកឈ្នះ​ក្រុម​បាត​តារាង​មាន​១​ពិន្ទុ​វេ​ស្ទើ​ន​ភ្នំពេញ​ក្នុង​លទ្ធផល ១-០​។ 
 
​សម្រាប់​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍ ទី​២២ ខែកញ្ញា ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​សងសឹក​ក្រសួងការពារជាតិ ដែល​បាន​យកឈ្នះ​ខ្លួន ២-១ ក្នុង​ជើង​ទី​១​បានសម្រេច​ជាមួយ​ជ័យជម្នះ​យ៉ាង​ប្រផិតប្រផើយ ១-០ នា​ការប្រកួត​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​។ ជ័យជម្នះ​នេះ​ជ័យ​ស្វាយរៀង​ឡើងទៅ​ឈរ​លេខ​៥​បណ្តោះអាសន្ន​។ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អាស៊ី​អឺរ៉ុប​បាន​វាយបក​តាម​ស្មើ ២-២ ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ​។ ចំណែក​សូល​ទី​ឡូ​អង្គរ​បាន​យកឈ្នះ​អគ្គិសនី​កម្ពុជា​ក្នុង​លទ្ធផល ៤-០៕   

Tag:
 Cambodian League 2018
  ណាហ្គា​វើ​ល​
  វិសាខា​
  បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com