ជាតិ
រដ្ឋមន្ត្រីវប្បធម៌៖ ឯកសារកោះកែរប្រើពេលរៀបចំយ៉ាងតិច៤ឆ្នាំដើម្បីដាក់ទៅយូណេស្កូ
× សៀមរាប៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននិងកំពុងមមាញឹករៀបចំឯកសារទាក់ទងនឹងប្រាសាទកោះកែរ ដើម្បីត្រៀមដាក់ស្នើទៅអង្គការយូណេស្កូ បញ្ចូលប្រាសាទនេះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាពេលខាងមុខ។ នេះបើតាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
កោះកែរ ជាឯកសារបន្ទាប់ពីប្រាសាទសម្បូរព្រៃគុក ដែលក្រសួងកំពុងរៀបចំដាក់ទៅអង្គការយូណេស្កូ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា បច្ចុប្បន្នក្រុមការងាររបស់អាជ្ញាធរជាតិព្រះវិហារ ដែលជាសេនាធិការមួយរបស់ក្រសួងវប្បធម៌ កំពុងមមាញឹករៀបចំឯកសារដែលទាក់ទងនឹងប្រាសាទកោះកែរ ហើយការរៀបចំកំពុងដំណើរការទៅមុខផងដែរ។
សូមស្ដាប់ប្រសាសន៍ទាំងស្រុងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទាក់ទងនឹងការរៀបចំឯកសារប្រាសាទកោះកែរ នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាននៅល្ងាចថ្ងៃទី២០ កញ្ញា ក្រោយចប់កិច្ចប្រជុំបច្ចេកទេសលើកទី៤ អាយស៊ីស៊ី-ព្រះវិហារ នៅស្នាក់ការអាជ្ញាធរជាតិអប្សរាដូចតទៅ
យ៉ាងណាតាមការបញ្ជាក់របស់លោកស្រី ភឿង សកុណា វាជាជំហានវែងឆ្ងាយ ហើយការរៀបចំឯកសារមួយៗមិនមែនជារឿងងាយស្រួលឡើយ។ លោកស្រីពន្យល់ថា៖« លក្ខខណ្ឌឯកសាររបស់យូណេស្កូកាន់តែពិបាក តែខ្ញុំសង្ឃឹមថា បើប្រឹងប្រែងមែនទែន អាច២ឆ្នាំកន្លះរៀបចំឯកសារចប់ និងត្រូវបញ្ចូនឯកសារទៅយូណេស្កូចុះឡើងៗ ចឹងមិនតិច៤ឆ្នាំទេ»។
ទន្ទឹមនឹងការរៀបចំឯកសារនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានបង្ហាញជំនឿចិត្តខ្ពស់ចំពោះលទ្ធផលដែលទទួលបាន។ លោកស្រី ភឿង សកុណា ពន្យល់ថា កោះកែរមានសក្កានុពលធំ ព្រោះវាជាអតីតរាជធានីខ្មែរនៅស.វទី១០ ពិសេសគឺតួប្រាសាទពីរ៉ាមីតថ្នាក់ៗ និងរូបចម្លាក់ធំៗដែលកម្ពុជាបានទាមទារបានមកវិញពីសហរដ្ឋអាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com