ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
សុខភាព
អ្នកជំនាញវិកលវិទ្យា៖យុវវ័យ មានបញ្ហាផ្លូវចិត្តច្រើនជាងវ័យផ្សេងៗ តែមិនសូវចាប់អារម្មណ៍មកព្យាបាល
× ភ្នំពេញ៖ កត្តាសង្គម បានធ្វើឲ្យយុវវ័យជាច្រើន មានជំងឺផ្លូវចិត្តច្រើនជាងបណ្ដាវ័យដទៃទៀត ហើយក្នុងចំណោមយុវវ័យទាំងនោះ គឺស្ត្រីកើតមានបញ្ហាផ្លូវចិត្តលឿនជាងបុរស។ នេះបើតាមលោកវេជ្ជបណ្ឌិត យឹម សុបុត្រា នាយកផ្នែកជំងឺផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ លោក វេជ្ជបណ្ឌិត ក៏ឲ្យដឹងដែរថា ក្រុមយុវវ័យដែលមានជំងឺផ្លូវចិត្ត មិនសូវមកទទួលការព្យាបាលផ្លូវចិត្ត ដូចវ័យដទៃឡើយ។
នៅពេលឈានដល់យុវភាព គឺចាប់ពីអាយុ១៥ឆ្នាំ ទៅ២៥ឆ្នាំសម្រាប់ស្ត្រី និងពីអាយុ២០ ទៅ៣៥ឆ្នាំសម្រាប់បុរស គឺជាវ័យមួយដែលមានបញ្ហាផ្លូវចិត្តច្រើនជាងគេ។ លោកវេជ្ជបណ្ឌិត យឹម សុបុត្រា នាយកផ្នែកជំងឺផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះ។
បញ្ហាផ្លូវចិត្ត អាចធ្វើឲ្យយុវវ័យមានជំងឺស្ត្រេស ហើយក្លាយទៅជាថប់បារម្ភ និងអាចបង្កឲ្យមានជំងឺបាក់ទឹកចិត្ត។ នេះបើតាមលោកវេជ្ជបណ្ឌិត យឹម សុបុត្រា រួមបន្តបញ្ជាក់ថា បញ្ហាទាំងនេះទុកកាន់តែយូរ អាចនាំឲ្យយុវជនធ្លាក់ដល់សភាពវិកលចរិត និងអាចសម្រេចចិត្តសម្លាប់ខ្លួនផងដែរ។
ខាងក្រោមនេះ ជាកិច្ចសម្ភាសរវាងកញ្ញា ថាន រស្មី អ្នកសារព័ត៌មានថ្មីៗ ជាមួយលោកវេជ្ជបណ្ឌិត យឹម សុបុត្រា នាយកផ្នែកជំងឺផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ សូមអញ្ជើញស្តាប់ដូចតទៅ៖
ជំងឺផ្លូវចិត្ត កើតឡើងដោយកត្តាសំខាន់ៗចំនួន៣ គឺកត្តាសង្គម,កត្តាជីវសាស្ត្រ និងកត្តាចិត្តសាស្ត្រ។ ដោយសារតែវាកើតឡើងដោយមូលហេតុទាំង៣នេះហើយ ទើបការព្យាបាលក៏ត្រូវធ្វើឡើង ទៅតាមវិធីសាស្ត្រចំនួន៣ព្រមគ្នាដែរ ដូចជាលើកទឹកចិត្តផ្ដល់ប្រឹក្សា(ចិត្តសាស្ត្រ),ការលើកទឹកចិត្តពីមនុស្សនៅជុំវិញខ្លួន(កត្តាសង្គម),បញ្ឈប់ការពិសាគ្រឿងស្រវឹង ឬគ្រឿងញៀន និងប្រើប្រាស់ថ្នាំ(ជីវសាស្ត្រ)។ លោកវេជ្ជបណ្ឌិត យឹម សុបុត្រា នាយកផ្នែកជំងឺផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បញ្ជាក់ដូច្នេះ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ វេជ្ជបណ្ឌិត យឹម សុបុត្រា បានណែនាំឲ្យយុវវ័យ ដែលបានដឹងថាខ្លួនមានជំងឺផ្លូវចិត្ត មកទទួលការព្យាបាលផ្លូវចិត្ត ជាមួយអ្នកជំនាញ ព្រោះបើមិនដូច្នេះ ជំងឺនេះ នឹងបង្កឲ្យមានបញ្ហាច្រើន ហើយជះឥទ្ធិពលអាក្រក់ដល់ជីវិតពួកគេ និងសង្គមផងដែរ៕
Tag:
យឹម សុបុត្រា
ជំងឺផ្លូវចិត្ត
យុវវ័យ
© រក្សាសិទ្ធិដោយ thmeythmey.com