ជាតិ
នយោបាយជាតិ
អាយុកាល២៧ឆ្នាំ រដ្ឋធម្មនុញ្ញកម្ពុជា រងការធ្វើវិសោធនកម្មដល់ទៅ៩លើក
× ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកញ្ញា កាលពីឆ្នាំ១៩៩៣ ព្រះមហាក្សត្រ បានឡាយព្រះហស្តប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា។ រដ្ឋធម្មនុញ្ញកម្ពុជា ដែលមានអាយុកាល២៧ឆ្នាំមកហើយនោះ ត្រូវបានធ្វើវិសោធនកម្មរហូតដល់ទៅ៩លើក។
រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានប្រកាសឲ្យប្រើប្រាស់ ក្រោយពីបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ កិច្ចព្រមព្រៀងនេះហើយ ដែលបានបើកផ្លូវឲ្យប្រទេសកម្ពុជា មានការបោះឆ្នោតសាកលជាលើកទីមួយ ដើម្បីជ្រើសតាំងតំណាងរាស្ត្រ និងដើម្បីបង្កើតរាជរដ្ឋាភិបាល រួមទាំងស្ថាប័ជាតិនានា។
រដ្ឋធម្មនុញ្ញកម្ពុជា មាន១៧ជំពួក និង១៦០មាត្រា។ ជំពួកទាំង១៧នោះ ចែងអំពីអធិបតេយ្យ, ព្រះមហាក្សត្រ, សិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ, របបនយោបាយ , សេដ្ឋកិច្ច, អប់រំ វប្បធម៌ និងសង្គមកិច្ច, រដ្ឋសភា, ព្រឹទ្ធសភា, សមាជរដ្ឋសភានិងព្រឹទ្ធសភា, រាជរដ្ឋាភិបាល, អំណាចតុលាការ, ក្រុមប្រឹក្សាធម្មនុញ្ញ, ការគ្រប់គ្រងរដ្ឋបាល , សមាជជាតិ, ការអនុភាព ការសើរើ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ, និងអន្តរប្បញ្ញត្តិ។
រដ្ឋធម្មនុញ្ញកម្ពុជា មានលក្ខណប្លែកពីរដ្ឋធម្មនុញ្ញនៃបណ្តាប្រទេសនានាលើពិភពលោក នៅត្រង់ថា រដ្ឋធម្មនុញ្ញកម្ពុជា នៅមាន «រដ្ឋធម្មនុញ្ញបន្ថែម» មួយទៀត។ ច្បាប់រដ្ឋធម្មនុញ្ញបន្ថែមនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៤ ដើម្បីដោះស្រាយការជាប់គាំងនយោបាយ។
មាត្រា១នៃច្បាប់រដ្ឋធម្មនុញ្ញបន្លែម បានចែងថា៖«ច្បាប់នេះមានគោលដៅធានាក្នុងគ្រប់កាលៈទេសៈនូវដំណើរការល្អប្រសើរនៃស្ថាប័នជាតិ ដោយគោរពទៅតាមគោការណ៍ជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សមស្របតាមតំរូវការនៃភាពចាំបាច់»៕
© រក្សាសិទ្ធិដោយ thmeythmey.com