ក្នុង​ថ្ងៃ​រម្លឹក​ខួប​រដ្ឋធម្មនុញ្ញ មេដឹកនាំ​កម្ពុជា ប្តេជ្ញា​ថា មិន​ឲ្យ​បដិវត្ត​ពណ៌ កើតឡើង​ជាដាច់ខាត
ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្នុង​ថ្ងៃ​រម្លឹក​ខួប​រដ្ឋធម្មនុញ្ញ មេដឹកនាំ​កម្ពុជា ប្តេជ្ញា​ថា មិន​ឲ្យ​បដិវត្ត​ពណ៌ កើតឡើង​ជាដាច់ខាត
24, Sep 2018 , 10:21 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អ្នកណា​ក៏ដោយ កុំ​សង្ឃឹមថា អាច​បះបោរ ឬ​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យ​សោះ​។ នេះ​ជាការ​ប្តេជ្ញា​យ៉ាង​មោះមុត​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​ធ្វើឡើង​ចំ​ថ្ងៃ​រម្លឹក​ខួប​នៃ​ការប្រកាស​ឲ្យ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​។​


 
​ថ្ងៃនេះ ជា​ទិវា​រម្លឹក​ខួប​២៥​ឆ្នាំ នៃ​ការប្រកាស​ឲ្យ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​។ វា ក៏​ជាការ​រម្លឹក​ខួប​២០​ឆ្នាំ នៃ​ការប៉ុនប៉ង​ធ្វើឃាត​សម្តេចនាយក​រដ្ឋមន្ត្រី សម្តេច ហ៊ុន សែន ផងដែរ​។

អត្ថបទទាក់ទង
 
​តាមរយៈ​សារ ដែល​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក សម្តេច ហ៊ុន សែន បានរៀបរាប់​ពី​ព្រឹត្តិការណ៍​គួរ​ឲ្យ​រន្ធត់​នាពេលនោះ​ថា នៅ​ម៉ោង​៨​និង​៥២​នាទី ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៨ មាន​គ្រាប់​រ៉ុកែត​បេ​៤០ មួយ​គ្រាប់​ក្នុងចំណោម​៤​គ្រាប់ បាន​ហោះ​សំដៅទៅ​រថយន្ត​របស់​ស​ម្តេច​។ ប៉ុន្តែ គ្រាប់​រ៉ុកែត មិនបាន​ត្រូវ​រថយន្ត​របស់​សម្តេច​ទេ តែ​បាន​ហោះ​ទៅ​ត្រូវ​ផ្ទះ​ប្រជាជន ដែល​បណ្តាល​ឲ្យ​ប្រជាជន​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត រងរបួស​ធ្ងន់​។  
 
​មេដឹកនាំ​កម្ពុជា បាន​បន្តថា គម្រោង​ធ្វើឃាត​នាពេលនោះ ត្រូវបាន​ធ្វើឡើង ស្រប​ពេលដែល​ខ្លួន ធ្វើដំណើរ​ទៅ​ប្រជុំ​សភា​នីតិកាល​ទី​២ នៅ​ព្រះរាជដំណាក់ ក្នុង​ទីក្រុង​សៀមរាប ក្រោម​ព្រះរាជអធិបតីភាព​សម្តេច​ព្រះ នរោត្តម សីហនុ​។ ប្រមុខ​រដ្ឋាភិបាល បាន​ប្រាប់​បែបនេះ​ថា​៖«​ប្រសិនបើ ពេលនោះ គ្រាប់​រ៉ុកែត​ទាំង​៤​គ្រាប់ ផ្ទុះ​ព្រម​គ្នា​ទាំងអស់ ឬ​ព្រឹក​នោះ មិនមាន​ភ្លៀង​ធំ​ស្ទើរ​បាក់​មេឃ ដែល​ធ្វើ​ឲ្យ​ខ្សែភ្លើង​បញ្ជា​គ្រាប់​ទាំងនេះ ឆ្លង​ទឹក​នោះទេ ប្រហែលជា​ជីវិត​ខ្ញុំ ត្រូវ​ចប់​តាំងពី​ពេលនោះ មកហើយ​»​។​
 
​នាយករដ្ឋមន្ត្រី​កម្ពុជា ជឿ​លើផ្លូវ​ងងឹត ដូចជា​ទេវតា បារមី​ព្រះអង្គ​ចេក និង​ព្រះអង្គ​ចម ជាដើម ថា​បាន​ជួយ​ជីវិត​ខ្លួន​ឲ្យ​រួច​ផុតពី​ការធ្វើឃាត​។ ប្រមុខ​រដ្ឋាភិបាល សុខចិត្ត​បញ្ឈប់​ការស្រាវជ្រាវ​រក​អ្នក​ដែល​រៀប​គម្រោង​ធ្វើឃាត តែ​ប្តេជ្ញា​យ៉ាងខ្លាំង​ក្លា​ថា មិន​អនុញ្ញាត​ឲ្យ​អ្នកណា មក​បំផ្លាញ​ប្រទេស​ជាដាច់ខាត​។  
 
​សម្តេច ហ៊ុន សែន បានបញ្ជាក់​បែបនេះ​ថា​៖«​ខ្ញុំ បាន​អហោសិកម្ម​ឲ្យ​អ្នក​ដែល​ចង់​សម្លាប់​ខ្ញុំ នៅ​ខេត្តសៀមរាប​រួចហើយ បើទោះជា​ខ្ញុំ​មាន​ពន្លឺ​ក្នុងការ​ស្រាវជ្រាវ​ក៏ដោយ​។ តែ អ្នក​ត្រូវ​ដឹងថា​ពេលណា ខ្ញុំ​នៅ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី ខ្ញុំ​មិន​ឲ្យ​ពួក​អ្នក​សម្លាប់​ខ្ញុំ​បានទេ មិន​ឲ្យ​ពួក​អ្នក ធ្វើ​រដ្ឋប្រហារ ឬ​ធ្វើ​បដិវត្ត​ពណ៍​បានទេ​។ ទោះជា​តម្លៃ​ណាក៏ដោយ ខ្ញុំ​ត្រូវការពារ​សន្តិភាព និង​ការពារ​ជីវិត​ប្រជាជន​កម្ពុជា ឲ្យ​ខាន​តែ​បាន​»​។ 
 
​តាម​ការពិតទៅ កន្លងមក មេដឹកនាំ​កម្ពុជា ដែល​កាន់អំណាច​រាប់​ទសវត្ស​រ៍​រូបនេះ ក៏​ធ្លាប់​និយាយ​ដែរ អំពី​ការការពារ​រដ្ឋធម្មនុញ្ញ និង​ការទប់ស្កាត់​មិន​ឲ្យ​មាន​បដិវត្ត​ពណ៌ ជាពិសេស​ចាប់តាំងពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រង​ការចោទប្រកាន់ថា មាន​គម្រោង​ផ្តួលរំលំ​រដ្ឋាភិបាល​។ ក្រោម​ហេតុផល​ថា​ខ្លាច​មាន​បដិវត្ត​ពណ៌​កើតឡើង រដ្ឋាភិបាល​កម្ពុជា ក៏​ប្តឹង​ឲ្យ​តុលាការ​រំលាយ​គណបក្ស​ប្រឆាំង​ចោល និង​បាន​ឃាត់ខ្លួន​ប្រធាន​គណបក្ស​នេះ កាលពី​ចុងឆ្នាំ​២០១៧៕ 

Tag:
 ហ៊ុន សែន​
  រដ្ឋធម្មនុញ្ញ​
© រក្សាសិទ្ធិដោយ thmeythmey.com