ជាតិ
ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
កវី​កំណាព្យ​វ័យក្មេង សំ នឿន ឆ្លងឆ្លើយ​កំណាព្យ​ជាមួយ​«​សេ្ត​ច​»​កំណាព្យ ជ័យ ចាប និង​បណ្ឌិត ច័ន្ទ សំណព្វ
24, Sep 2018 , 11:09 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រោយ​ពេលដែល​លោក​សាស្ត្រាចារ្យ​អក្ស​សាស្ត្រ​ខ្មែរ និង​ជា​កវី​កំណាព្យ​ជើងចាស់ ជ័យ ចាប ជូនពរ​លោក​បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ ច័ន្ទ សំណព្វ ជា​កំណាព្យ ហើយ​លោក ច័ន្ទ សំណព្វ តប​វិញ​ភ្លាមៗ​ជា​កំណាព្យ​រួចមក​, លោក សំ នឿន កវី​កំណាព្យ​ជំនាន់​ថ្មី ឬ​កវី​បន្តវេន​ផ្នែក​កំណាព្យ​បាន​តាក់តែង​កំណាព្យ​លើកសរសើរ​ថ្វីដៃ​លោក ជ័យ ចាប (​ចាប ពូក​ឈ្មោះ​និពន្ធ​កំណាព្យ​) និង​លោក ច័ន្ទ សំណព្វ ជាមួយនឹង​ខ្លឹមសារ​ស៊ីជម្រៅ​។ ខាងក្រោម​នេះ គឺជា​កំណាព្យ​របស់លោក សំ នឿន សូម​អញ្ជើញ​អាន​ដូចតទៅ​៖


 
​បទ ពាក្យ​៧ 

-​ណែងណង​ចង​ន័យ​លៃ​ឡើង​លង់​ ​លង់​នឹង​ទម្រង់​កាព្យ​ពរជ័យ​
​ថ្ងៃ​ខួប​បណ្ឌិត​ដ៏​មានន័យ​ ​ស្តេច​កាព្យ​វាងវៃ​វាស​វាចា​។ 

-​ចាបពូក​កវី​ថ្វីគំនិត​ ​អ្នក​ថែ​កាព្យ​ពិត​កេរ​ខេមរា​
​ស្មេរ​ស្ម័គ្រ​ហៅ​ស្មោះ​ថា​គ្រូ​តា​ ​ឃ្វាង​ខ្វះ​យ៉ាងណា​លោក​ខន្តី​។​

-​កាព្យ​ចួន​រណ្តំ​ផ្សំ​ផ្គូផ្គង​ ​គ្មាន​ទាស់​ទំនង​ទេ​កវី​
​បួន​ល្បះ​បើ​អាន​គិតថា​ខ្លី​ ​ន័យ​វិញ​គ្មានអ្វី​វាស់វែង​បាន​។​

-​រី​លោក​បណ្ឌិត​ពិត​ប្រសប់​ ​គ្រូ​ច័ន្ទ សំណព្វ ច្បាស់​មិន​ស្មាន​
​ផ្ទៀង​ផ្ទេរ​ចំណេះ​តា​មល​ម្អា​ន​ ​ត្រួសត្រាយ​ត្រាប់​ដាន​កេរ​កាព្យ​ខ្មែរ​។​

-​លោក​ចែក​ចំណេះ​មិនចេះ​ណាយ​ ​សប្បាយ​នៅពេល​សិស្ស​ពូកែ​
​ជ័យ ចាប សំណព្វ​សម​អ្នក​ថែ​ ​ថួន​កំណាព្យ​ខ្មែរ​ស្មេរ​ហ៊ាន​ថា​៕
 
​ខាងក្រោម​នេះ គឺជា​ការជូន​ពរ​រប​ស់​សេ្ត​ច​កំណាព្យ ចាប ពូក (​ជ័យ ចាប​) ជា​កំណាព្យ​ទៅកាន់​លោក ច័ន្ទ សំណព្វ កាលពី​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០១៨​កន្លងមក​។​
 
+​ថ្ងៃនេះ ពិសេស​ជាង​ធម្មតា​
​ថ្ងៃនេះ អស្ចារ្យ​ជុំ​ញាតិមិត្ត​
​ថ្ងៃនេះ កំណើត​នៃ​ជីវិត​
​ថ្ងៃនេះ កើត​ពិត​និត្យ​អ្នក​ម៉ែ ។​
 
+ ជូនពរ សូម​មាន​សុខសួស្ដី​
​ជូនពរ សិរី រយ​ឆ្នាំ​ខែ​
​ជូនពរ សុខ​ភាពល្អ​ហូរហែ​
​ជូនពរ ជួបតែ​ស្នេហ៍​ភក្ដី !!!
 
+ ខួប​ដ៏ បវរ​សែនសប្បាយ​
​ខួប​ដ៏ ក្អាកក្អាយ​ក្អែ​សំដី​
​ខួប​ខាំ នំ Cake ខួប​ឆ្នាំ​ថ្មី​
​ខួប​ឱ មេឃ​ដី​តាម​ថែថួន ។​
 
+ សូម ពុទ្ធពរ​ដ៏​ប្រត្យក្ស​
​សូម ឈ្នះ​ឧ​ប​ស័គ្គ​ទិស​ទាំង​បួន​
​សូម មាន​យសស័ក្ដិ​ជាក់​មាំមួន​
​សូម ឲ្យ​ហំហួន​រហូត​ហោង !!!
(​ចាបពូក​)
 
​មួយ​រំពេច​ក្រោយមក លោក បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ ច័ន្ទ សំណព្វ ក៏​ថ្លែងអំណរគុណ​បែប​កំណាព្យ​ជូនទៅ​លោក ជ័យ ចាប វិញ​យ៉ាង​ដូច្នេះ​ថា​៖
 
​អរគុណ​លោកគ្រូ​លោក​កវី​
​ចំពោះ​ពរជ័យ​ដ៏​បវរ​
​ឱន​កាយ​ទទួល​ដោយ​អំណរ​
​ដោយ​ចិត្ត​ស្មោះស​ចិត្ត​ជ្រះថ្លា​។​
 
​កំណាព្យ​ចុងចួន​ផ្ទួន​រណ្ដំ​
​ន័យធៀប​ន័យចំ​ល្អ​អស្ចារ្យ​
​ពិតជា​កវី​ជា​គ្រូ​តា​
​ខ្ញុំ​សុំ​ហៅថា​ស្ដេច​កំណាព្យ​។​
 
​បណ្ឌិតសភា​ចា​រ្យ ច័ន្ទ សំណព្វ​
 

Tag:
 កំណាទ្យ
  ThmeyThmey25
 
© រក្សាសិទ្ធិដោយ thmeythmey.com