អន្តរជាតិ
ថ្លែង​ទៅកាន់​កិច្ចប្រជុំ UN ឆ្នាំមុន លោក ត្រាំ គំរាម​កម្ទេច​កូរ៉េខាងជើង​ឲ្យ​ក្លាយជា​ផេះ
24, Sep 2018 , 11:46 am        
រូបភាព
លោក ដូណាល់ ត្រាំ ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិក្នុងឆ្នាំ២០១៧ (រូបភាព AFP)
លោក ដូណាល់ ត្រាំ ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិក្នុងឆ្នាំ២០១៧ (រូបភាព AFP)
​បណ្ដា​មេដឹកនាំ​ពិភពលោក​បាន​ទៅដល់​ទីក្រុង​ញូវយ៉ក​ជា​បន្តបន្ទាប់ ដើម្បី​ចូលរួម​ជំនួប​ប្រជុំ​ចាំ​ឆ្នាំ​មហាសន្និបាត​អង្គការសហប្រជាជាតិ ដែល​ចាប់ផ្ដើម​តាំងពី​ឆ្នាំ​១៨ ខែកញ្ញា​មកម្ល៉េះ​។ នៅ​ថ្ងៃទី​២៥ ខែកញ្ញា ការជជែក​ទូទៅ​នឹង​ធ្វើឡើង​នៅ​ទីស្នាក់ការ​អង្គការ​មួយ​នេះ​ដើម្បី​ជជែក​លើ​បញ្ហា​អន្តរជាតិ ហើយ​ដែល​គេ​រំពឹងថា សំណុំរឿង​កូរ៉េខាងជើង និង​អ៊ីរ៉ង់ នឹង​ជា​ប្រធានបទ​សំខាន់​។ បើ​ចាំ​មិន​ភ្លេច​ទេ ក្នុង​កិច្ចប្រជុំ​នេះហើយ​ដែល​លោក ដូ​ណា​ល់ ត្រាំ គំរាម​កម្ទេច​កូរ៉េខាងជើង​នោះ​។​

 
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​, ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ បាន​ទៅដល់​ទីក្រុង​ញូវយ៉ក​ហើយ ដើម្បី​ចូលរួម​កិច្ចប្រជុំ​លើក​ទី​៧៣ មហាសន្និបាត​អង្គការសហប្រជាជាតិ​។ ទីនោះ​ហើយ​ក្នុង​ឆ្នាំ​២០១៧ លោក ត្រាំ បាន​បង្ក​ការភ្ញាក់ផ្អើល​ពេញ​ពិភពលោក​តាមរយៈ​ការ​គំរាម​កម្ទេច​កូរ៉េខាងជើង​ឲ្យ​ក្លាយជា​ផេះផង់ បើ​រដ្ឋ​មួយ​នេះ​ហ៊ាន​វាយប្រហារ​អាមេរិក ឬ​សម្ព័ន្ធមិត្ត​ណាមួយ​របស់​អាមេរិក​។​
 
​យ៉ាងណាមិញ ១២​ខែក្រោយ​ការបង្ហាញ​ខ្លួន​លើ​ឆាក​អន្តរជាតិ​ជា​លើកដំបូង​ដែល​អមដោយ​ការប្រើ​សម្ដី​ខ្លាំងៗ លោក ត្រាំ បាន​ត្រឡប់​ទៅកាន់​ទី​ស្នាក់​ងារ​អង្គការសហប្រជាជាតិ​ម្ដងទៀត តែ​ស្ថានភាព​ឆ្នាំ​២០១៨ មិន​ដូច​ឆ្នាំ​២០១៧ ឡើយ​។ ពេញ​មួយឆ្នាំ​២០១៧ អាមេរិក និង​កូរ៉េខាងជើង​បាន​គំរាម​វាយប្រហារ​គ្នា​ទៅវិញ​មក​ដែល​ធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​បារម្ភ​ខ្លាំង​។ ប៉ុន្តែ​ចូលឆ្នាំ​២០១៨ ទំនាក់ទំនង​អាមេរិក និង​កូរ៉េខាងជើង ក៏​ប្រែជា​ល្អប្រសើរ​រហូត​មាន​ជំនួប​មេដឹកនាំ​នៅ​សិង្ហ​បុរី​ផង​។​
 
​ការផ្លាស់ប្ដូរ​៣៦០​ដឺ​ក្រេ​នេះ នឹង​ពិបាក​កើតឡើង បើ​គ្មាន​លោក មូ​ន ជួយ​សម្របសម្រួល​ទេនោះ​។ លោក ត្រាំ មាន​ជំនួប​ជាមួយ​លោក មូ​ន ដែល​ទើប​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​។ លោក មូ​ន និយាយថា លោក​មាន​សារ​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន សម្រាប់​លោក ត្រាំ ដែរ​។ តាំងពី​ចូលកាន់​តំណែង​មក លោក មូ​ន បានធ្វើ​ការងារ​យ៉ាងច្រើន​ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដែល​ជាប់គាំង​គ្មាន​ដំណោះស្រាយ​អ្វី​សោះ​។​
 
​ចុងក្រោយ​នេះ កូរ៉េខាងជើង​យល់ព្រម​បិទ​ទីតាំង​បាញ់​មី​ស៊ី​ល Dongchang-ri និង​ជើង​ទម្រ​សម្រាប់​បាញ់​មី​ស៊ី​ល នៅ​ចំពោះមុខ​អ្នកជំនាញ​។ កូរ៉េខាងជើង​ក៏​ចង់​បន្ត​អនុវត្ត​ជំហាន​ផ្សេង​ដើម្បី​សម្រេច​ឲ្យ​បានការ​រំសាយ​នុយក្លេអ៊ែរ ប៉ុន្តែ​អាមេរិក​ក៏ត្រូវ​ឆ្លើយតប​នឹង​ទង្វើ​របស់ខ្លួន​សិន​ដែរ​។ ក្រុង​ព្យុងយ៉ាង​អាច​បិទ​ទីតាំង​នុយក្លេអ៊ែរ Yongbyon ជា​អចិន្ត្រៃយ៍ បើ​ក្រុង​វ៉ាស៊ីនតោន​ចាត់វិធានការ​តប​វិញ​ក្រោម​ស្មារតី​កិច្ចព្រមព្រៀង​ថ្ងៃទី​១២ ខែមិថុនា នៅ​សិង្ហ​បុរី​។​
 
​យ៉ាងណាមិញ អាមេរិក​ហាក់​មិនទាន់​ទទួលយក​លក្ខខណ្ឌ​រប​ស់​កូរ៉េខាងជើង​នៅឡើយ​ទេ ហើយ​នៅតែ​ចង់​ឲ្យ​កូរ៉េខាងជើង​រំសាយ​នុយក្លេអ៊ែរ​សិន មុននឹង​ផ្អាក​ទណ្ឌកម្ម​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ដែល​ទៅកាន់​ព្យុងយ៉ាង​ដល់​ទៅ​៣​លើក​នោះ នឹង​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស ដើម្បី​ពន្យល់​ពី​នយោបាយ​អាមេរិក​លើ​សំណុំ​រឿងនេះ​រាប់ទាំង​ការប្រើប្រាស់​កម្លាំង​ទណ្ឌកម្ម​ឲ្យ​កូរ៉េខាងជើង​ផ្លាស់ប្ដូរ​ឥរិយាបថ​ផង​៕
 

Tag:
 UN
  អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com