អន្តរជាតិ
លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ថា សហរដ្ឋអាមេរិក​នឹង​ឈ្នះ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​
24, Sep 2018 , 7:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ: VOA
​លោក​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក Mike Pompeo សន្យាថា សហរដ្ឋអាមេរិក​នឹង​ទទួលបាន​ជ័យជម្នះ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន មួយថ្ងៃ​មុន​ការយក​ពន្ធគយ​នៅពេល​ថ្មីៗ​បំផុត​នេះ​របស់​រដ្ឋបាល​ប្រធានាធិបតី​ត្រាំ​លើ​ការ​នាំចូល​ទំនិញ​របស់​ចិន​ចូល​ជា​ធរមាន​។​

 
​លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក Pompeo បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ Fox News នៅ​ថ្ងៃអាទិត្យ ថា «​យើង​នឹង​ទទួលបាន​លទ្ធផល​ដែល​បង្ខំ​ចិន​ឲ្យ​ប្រកាន់យក​របៀប​មួយ បើ​ចិន​ចង់​ក្លាយជា​មហាអំណាច​សាកលលោក​នោះ ចិន​មិនត្រូវ​លួច​កម្ម​សិទ្ធ​បញ្ញា​នោះទេ​»​។​
 
​រដ្ឋបាល​របស់​ប្រធានាធិបតី​ត្រាំ បាន​ជជែក​ឲ្យ​ហេតុផល​ថា ការយក​ពន្ធគយ​លើ​ទំនិញ​នាំចូល​ពី​ប្រទេស​ចិន​នឹង​បង្ខំ​ឲ្យ​ចិន​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​លក្ខខណ្ឌ​ប្រសើរ​ជាង​មុន​ជាមួយ​សហរដ្ឋអាមេរិក​។​
 
​សហរដ្ឋអាមេរិក​បាន​ទាមទារ​ថា ចិន​ត្រូវតែ​ការពារ​កម្មសិទ្ធិបញ្ញារ​បស់​សហរដ្ឋអាមេរិក រួមមាន​ការបញ្ចប់​ការ​លួច​ចូលក្នុង​ប្រព័ន្ធ​កំ​ព្យូ​ទ័​រ​។ រដ្ឋបាល​របស់លោក​ត្រាំ​ក៏បាន​អំពាវនាវ​ដល់​ប្រទេស​ចិន​ឲ្យ​អនុញ្ញាត​ក្រុមហ៊ុន​សហរដ្ឋអាមេរិក​ចូល​ទីផ្សារ​ចិន​កាន់តែ​ច្រើនឡើង ហើយ​និង​កាត់បន្ថយ​ពាណិជ្ជកម្ម​របស់​ចិន​ដ៏​លើសលុប​ទៅក្នុង​សហរដ្ឋអាមេរិក​។​
 
​កាលពី​សប្តាហ៍​មុន សហរដ្ឋអាមេរិក​បាន​បញ្ជា​ឲ្យ​យក​ពន្ធគយ​លើ​ទំនិញ​របស់​ចិន​ដែលមាន​តម្លៃ​២​រយ​ពាន់​លាន​ដុល្លារ​ដែល​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី​២៤ ខែកញ្ញា នេះ​។ ចិន​បាន​ឆ្លើយតប​ដោយ​ការបន្ថែម​ផលិតផល​សហរដ្ឋអាមេរិក​មានតម្លៃ​៦០​ពាន់​លាន​ដុល្លារ​នៅក្នុង​បញ្ជី​ពន្ធគយ​នាំចូល​ទំនិញ​របស់ខ្លួន​៕

© រក្សាសិទ្ធិដោយ thmeythmey.com