ជាតិ
សង្គមជាតិ
គណៈកម្មាធិការគ្រប់គ្រងឆ្នេរ ច្រានចោលព័ត៌មាន ដែលថាមាន ការចាក់ដីចូលឆ្នេរពយកំពេញ
× ភ្នំពេញ៖ ក្រោយពីមានការភ្ញាក់ផ្អើលលើការចាក់ដីបំពេញនៅឆ្នេរពយកំពេញ តាមបណ្ដាញសង្គម និងសារព័ត៌មានមួយចំនួន គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដើម្បីពន្យល់ពីករណីនេះ។
សេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា តំបន់ពយកំពេញ ត្រូវបានរដ្ឋាភិបាល ធ្វើប្រទានកម្ម ដល់ពលរដ្ឋចាប់តាំងពីឆ្នាំ២០១៦ ដោយប្រជាពលរដ្ឋទាំង១០៣គ្រួសារ ក្នុងតំបន់នេះ បានរស់នៅតាំងពីឆ្នាំ១៩៨៦មកម្ល៉េះ។ ហេតុនេះហើយ បានជាតំបន់ពយកំពេញ ដែលស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវអនុញ្ញាតឲ្យមានការអភិវឌ្ឍ ដូចជាកសាងផ្លូវបេតុង ប្រព័ន្ធលូ គម្រោងអភិវឌ្ឍន៍នានា និងការកែលម្អឆ្នេរថ្មី ឲ្យទៅជាឆ្នេរខ្សាច់ ដែលអាចឲ្យសាធារណជន និងភ្ញៀវទេសចរចូលទៅលេងកម្សាន្តបាន។
សេចក្ដីប្រកាសព័ត៌មានដដែល បានបន្តថា ការអភិវឌ្ឍឆ្នេរនេះ ធ្វើឡើងក្នុងគោលដៅរួមចំណែក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។ ហេតុផលទាំងនេះ គឺផ្ទុយស្រឡះពីសារព័ត៌មានមួយចំនួន ដែលបានផ្សព្វផ្សាយថា មានការចាក់ដីចូលឆ្នេរសមុទ្រនៅតំបន់ពយកំពេញ។
កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋាភិបាល បានអនុម័តដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ ២០៣០ សំដៅធានាការអភិវឌ្ឍនៅខេត្តព្រះសីហនុ ប្រកបដោយចីរភាព៕
Tag:
ពយកំពេញ
ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com