រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ (Mike Pompeo) បានបង្ហើបថា អាមេរិកំពុងរៀបចំវិធានការចាំបាច់មួយចំនួនដើម្បីប្រឆាំងរបបដឹកនាំវេណេស៊ុយអេឡា។ ប៉ុន្តែប្រមុខការទូតរូបនេះមិនបានពន្យល់ឲ្យច្បាស់ទេថា ចំណាត់ការនោះជាអ្វីឲ្យប្រាកដនោះ។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News នាថ្ងៃសុក្រទី ២១ ខែកញ្ញាសប្តាហ៍មុន ប្រមុខការទូតអាមេរិកលោក ប៉ុមប៉េអូ បានប្រកាសជាផ្លូវការថា សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងរៀបចំវិធានការដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលក្រុងការ៉ាកាស។
លោក ប៉ុមប៉េអូ បានអះអាងថា វិធានការទាំងនោះត្រូវដាក់ចេញនៅពេលឆាប់ៗខាងមុខដើម្បីធានាថា ប្រជាជនវេណេស៊ុយអេឡាអាចមានសិទ្ធិក្នុងការសម្រេចចិត្តចំពោះបញ្ហាដែលខ្លួនកំពុងប្រឈមនេះ។
«អ្នកនឹងឃើញហើយនៅប៉ុន្មានថ្ងៃខាងមុខនូវសកម្មភាពមួយចំនួនដែលបន្តបង្កើនសម្ពាធប្រឆាំងរបបដឹកនាំវេណេស៊ុយអេឡា ដែលកំពុងបំផ្លាញផលប្រយោជន៍របស់ប្រជាជនខ្លួន។ យើងប្រឹងប្រែងធ្វើយ៉ាងណាធានាថា ប្រជាជនវេណេស៊ុយអេឡាមានសិទ្ធិនិងអំណាចក្នុងសម្រេចចិត្ត»។ ប្រមុខការទូតអាមេរិកបានបញ្ជាក់បែបនេះ។
ថ្វីបើមានការប្រកាសពីការរៀបចំចំណាត់ការដាក់សម្ពាធលើរបបដឹកនាំវេណេស៊ុយអេឡារបស់លោក នីកូឡា ម៉ាឌុយរ៉ូ (Nicolas Maduro) បែបនេះក៏ដោយ លោក ប៉ុមប៉េអូ មិនបានបង្ហើបឲ្យដឹងច្បាស់ថា ចំណាត់ការនោះជាអ្វីឲ្យប្រាកដឡើយ។
គេនៅចាំបានថា កន្លងមករដ្ឋបាលអាមេរិកបានបង្កើនទណ្ឌកម្មប្រឆាំងមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលឆ្វេងនិយមរបស់លោក នីកូឡា ម៉ាឌុយរ៉ូ រួចទៅហើយ ដោយចោទប្រកាន់ថារបបដឹកនាំនេះកំពុងព្យាយាមច្របាច់កផ្តាច់ដង្ហើមលទ្ធិប្រជាធិបតេយ្យដែលកំពុងត្រដរខ្យល់ស្រាប់នោះ។
ជុំវិញការលើកឡើងពីវិធានការប្រឆាំងវេណេស៊ុយអេឡានេះដែរ កន្លងមកប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ បានលួចពិភាក្សាជាមួយក្រុមយោធាវេណេស៊ុយអេឡាជាច្រើនលើកច្រើនសារដើម្បីរៀបចំគម្រោងរដ្ឋប្រហារទម្លាក់លោក ម៉ាឌុយរ៉ូ។
ប្រធានាធិបតី ត្រាំ ខ្លួនឯងនោះក៏ធ្លាប់គំរាមប្រើប្រាស់កម្លាំងទម្លាក់របបដឹកនាំវេណេស៊ុយអេឡាដែរកាលពីខែសីហាឆ្នាំមុន ដោយលោកនិយាយថា ចំណាត់ការយោធាអាចធ្វើទៅរួច បើសិនជាចាំបាច់។ ប៉ុន្តែមន្ត្រីជំនិតរបស់លោកបានជំទាស់ដាច់ខាតចំពោះការប្រើប្រាស់កម្លាំងនេះ។
តាមពិតទៅ លោក ប៉ុមប៉េអូ បានបង្ហើបពីវិធានការប្រឆាំងវេណេស៊ុយអេឡានេះ បន្ទាប់ពីអគ្គលេខាធិការអង្គការរដ្ឋអាមេរិកលោក Luis Almagro ថ្លែងក្នុងពេលទស្សនៅកិច្ចនៅកូឡុំប៊ីថា ការអន្តរាគមន៍យោធាទម្លាក់រដ្ឋាភិបាលលោក នីកូឡា ម៉ាឌុយរ៉ូ មិនត្រូវទាត់ចោលឡើយ ព្រោះប្រជាជនប្រទេសនេះបន្តរងទុក្ខវេទនាឥតល្ហែរដោយសារវិបត្តិសេដ្ឋកិច្ចនិងសង្គម។
រដ្ឋាភិបាលលោក ម៉ាឌុយរ៉ូ រងការថ្កោលទោសខ្លាំងពីសហគមន៍អន្តរជាតិនិងប្រជាជនក្នុងស្រុកផងដោយសារការអសមត្ថភាពក្នុងការដឹកនាំ និងគ្រប់គ្រងសេដ្ឋកិច្ចដែលកំពុងដួលរលំនោះ។ អង្គការមូលនិធិរូបីយវត្ថុអន្តរជាតិបានព្យាករថា អត្រាអតិផរណានៅវេណេស៊ុយអេឡាកើនឡើងដល់មួយលានភាគរយនៅក្នុងឆ្នាំនេះ ហើយប្រជាជនកំពុងបន្តភៀសខ្លួនដោយសាររងទុក្ខវេទនាព្រោះកង្វះស្បៀង និងថ្នាំសង្កូវផងនោះ៕