ជាតិ
សេដ្ឋកិច្ច
«​នាឡិ​»​ចង់​បង្កើត​នំ​ខ្មែរ​ឲ្យ​មាន​ស្តង់ដារ​ដូច​នំ​បរទេស​
25, Sep 2018 , 1:57 pm        
រូបភាព
​ភ្នំពេញ​៖ នាឡិ គឺជា​សិប្បកម្ម​ផលិត​នំ​ខ្មែរ​គ្រប់​ប្រភេទ ដែល​ទើប​បង្កើតឡើង​ជាង​១​ឆ្នាំ​ប៉ុណ្ណោះ​។ លោក អ៊ិន ច័ន្ទ​ធារ៉ា ម្ចាស់​សិប្បកម្ម​នំ​ខ្មែរ​«​នាឡិ​» បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​ចង់​ឲ្យ​នំ​ខ្មែរ​មាន​ស្តង់ដារ​រួមមួយ ដោយ​ផ្តោតលើ​គុណភាព អនាម័យ ការ​វេច​ខ្ចប់ និង​វត្ថុធាតុដើម ដូច​នំ​បរទេស​ដែរ​។ បំណង​បង្កើត​ស្តង់ដារ​រួម​នេះ ក៏​ព្រោះតែ​លោក ច័ន្ទ​ធារ៉ា ចង់​រក្សា​អត្តសញ្ញាណ និង​បង្ហាញ​ឧត្តមភាព​នំ​ខ្មែរ​។


 
​បច្ចុប្បន្ន «​នាឡិ​» បាន​ជ្រើសរ​រើស​នំ​ប្រពៃណី​ចំនួន​១២​មុខ ដើម្បី​ធ្វើជា​មូលដ្ឋាន​នៃ​ការបង្កើត​ស្តង់ដារ​នៃ​ការផលិត ដែល​រួមមាន នំអន្សម​(​ជ្រូក​,​ចេក​,​ខ្នុរ​),​នំគម​,​នំ​បត់​,​នំស្លឹកស្រស់​,​ត្រៀបបាយ នំ​កន្សែង​ស្រស់ និង​ចាហួយ​ដូង​ជាដើម​។ លោក អ៊ិន ច័ន្ទ​ធារ៉ា បញ្ជាក់​ដូច្នេះ​៖«​ការអភិវឌ្ឍ​នំ​ខ្មែរ​ឲ្យ​ក្លាយជា​ស្តង់ដារ​ថ្មី​នេះ គឺ​ឈរលើ​មូល​ដ្ឋា​នំ​ប្រពៃណី​ដោយ​សំដៅ​ដល់​ការ​យកនំ​ខ្មែរ មក​កែច្នៃ ដើម្បី​ឈានដល់​ការអភិវឌ្ឍ​មួយកម្រិត​ទៀត​ក្នុង​វិស័យ​នំ​ខ្មែរ​»​។ 
 
​នំ​ប្រពៃណី​មួយចំនួន​ដែល​នាឡិ បាន​យកមក​កែច្នៃ​មាន នំអន្សមជ្រូក​-​ចេក នំគម នំ​បត់​ជាដើម ដោយ​ច្នៃ​ចេញ​ជា​រូបមន្ត​នំ​ថ្មី សម្រាប់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ក៏​អាច​ពិសា​បាន ដោយមាន​ការ​វេច​ខ្ជ​ប់ និង​រក្សា​អនាម័យ គុណភាព​ត្រឹមត្រូវ​។ 


 
​បើតាម​លោក អ៊ិន ច័ន្ទ​ធារ៉ា «​នាឡិ​» ក៏​នឹង​ចងក្រង​រូបមន្ត​ធ្វើ​នំ​ខ្មែរ​គ្រប់​ប្រភេទ ទុកជា​ឯកសារ​សម្រាប់​ប្រជាជន​ខ្មែរ​ផងដែរ ដើម្បី​ជាការ​រួមចំណែក​ក្នុងការ​អភិរក្ស​នំ​ខ្មែរ សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​។ លោក អ៊ិន ច័ន្ទ​ធារ៉ា អះអាងថា​៖«​នាឡិ​ធ្វើបែបនេះ គឺ​ក្នុង​បំណង​តែមួយគត់ គឺ​ចង់​ឲ្យ​ប្រជាជន​ខ្មែរ​ទាំងអស់ ងាក​មក​ចាប់អារម្មណ៍ និង​ប្រើប្រាស់​អ្វី​ដែលជា​របស់ខ្លួន​ឡើងវិញ​។ ជាពិសេស គឺ​ចៀសវាង​ឲ្យ​ខាងតែបាន​ការចម្លង ឬ​កែច្នៃ​ពី​របស់គេ​ធ្វើ​របស់ខ្លួន ដែល​ធ្វើ​ឲ្យ​បាត់​អត្តសញ្ញាណ​ពិតប្រាកដ​របស់​ខែ្មរ​»​។​

 
​បច្ចុប្បន្ន​សិប្បកម្ម​ផលិត​នំ​ខ្មែរ​«​នាឡិ​»​មាន​អាយុ​ជាង​១​ឆ្នាំ ដោយបាន​ចងក្រង​ប្រភេទ​នំ​បែប​ប្រពៃណី​ខ្មែរ និង​នំ​កែច្នៃ​ជាច្រើន​ជិត​៦០​ប្រភេទ និង​មាន​ដៃគូ​ចែកចាយ​លក់​បន្ត ក្នុង​រាជធានី​ភ្នំពេញ ៤២​កន្លែង​។ លោក អ៊ិន ចន្ទ​ធារ៉ា មាន​ក្តីរំភើប​យ៉ាងខ្លាំង ដែល​សិប្បកម្ម​ផលិត​នំ​ខ្មែរ​របស់លោក អា​ចប​ញ្ច្រៀ​ត​ខ្លួន​ទៅក្នុង​ទីផ្សារ​បាន​យ៉ាងរ​ហ័យ​បែបនេះ​៕
 



Tag:
 នាឡិ​
 ​នំ​ខ្មែរ​
 ​អ៊ិន ច័ន្ទ​ធារ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com