អត្ថបទពាណិជ្ជកម្ម
អេ អឹម ខេ កំពុងលើកកម្ពស់ស្ត្រីនៅឱ្យដើរតួកាន់តែសំខាន់ក្នុងការសម្រេចចិត្តលើសេដ្ឋកិច្ចគ្រួសារ
× ភ្នំពេញ៖ របាយការណ៍ហិរញ្ញវត្ថុឆមាសទី១ ឆ្នាំ២០១៨ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានបង្ហាញថា ភាគច្រើនលើសលប់នៃអតិថិជនកម្ចីរបស់ខ្លួន គឺជាស្ត្រីដែលមានរហូតដល់ជាង៨០% នៃចំនួនអតិថិជនកម្ចីសរុប។ អតិថិជន អេ អឹម ខេ ភាគច្រើនជាប្រជាជនក្រីក្ររស់នៅតំបន់ជនបទ។ តួលេខនេះបញ្ជាក់យ៉ាងច្បាស់ថា អេ អឹម ខេ បាន និងកំពុងតែចូលរួមលើកកម្ពស់ស្ត្រីនៅតំបន់ជនបទ ឱ្យដើរតួ នាទីយ៉ាងសកម្ម ក្នុងការសម្រេចចិត្តលើជីវភាព និងសេដ្ឋកិច្ចគ្រួសារ។
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗ នៅក្នុង ប្រទេសកម្ពុជា។ ជាមួយទស្សនវិស័យ គឺដើម្បីសង្គមកម្ពុជាដែលប្រជាពលរដ្ឋទាំងឡាយមានឱកាសគ្រប់គ្រាន់ និងស្មើភាពគ្នា ក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ពួកគេ មានភាពប្រសើរឡើង និងអាចជួយជាវិភាគទានយ៉ាងមានប្រយោជន៍ ចំពោះការអភិវឌ្ឍប្រទេសជាតិ។ អេ អឹម ខេ បាន និងកំពុងតែផ្តោតទៅលើការអភិវឌ្ឍផលិតផល និងសេវាហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីឱ្យមានភាពងាយស្រួល និងមិនស្មុគស្មាញក្នុងការប្រើប្រាស់ជូនដល់អតិថិជនរបស់ខ្លួន ជាពិសេសអតិថិជនជាស្ត្រី។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានលើកឡើងថា ការផ្តល់ឱកាសឱ្យមានការចូលរួមពីស្ត្រី ក្នុងការសម្រេចចិត្តចំពោះសកម្មភាពសេដ្ឋកិច្ចគ្រួសារពេញលេញ អាចជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ និងជួយកាត់បន្ថយភាពក្រីក្រ។ បើតាមលោក គា បូរាណ ជាទូទៅ អេ អឹម ខេ តែងតែរៀបចំនូវសេវាហិរញ្ញវត្ថុផ្សេងៗ ដែលមានលក្ខណៈអំណោយផលដល់អ្នកប្រើប្រាស់ ជាពិសេសគឺស្ត្រីដែលកំពុងរស់នៅតាមទីជនបទ ធ្វើយ៉ាងណាឱ្យពួកគាត់មានឱកាសគ្រប់គ្រាន់ ក្នុងការប្រើប្រាស់សេវារបស់ខ្លួន។
បើយោងតាមរបាយការណ៍ហិរញ្ញត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ រយៈពេល៦ខែចុងក្រោយ អតិថិជន អេ អឹម ខេ ជិត៣០ម៉ឺននាក់គឺជាស្ត្រី ដែលស្មើនឹងប្រមាណជាង៨០% នៃអតិថិជនកម្ចីសរុប ហើយភាគច្រើននៃពួកគេ គឺរស់នៅតំបន់ជនបទ។
លោកបូរាណ បានបន្តដូចនេះថា៖«បើមើលទៅលើបេសកកម្មរបស់ អេ អឹម ខេ គឺជួយដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើន។ ត្រង់នេះយើងចង់សង្កត់ធ្ងន់ទៅលើស្ត្រី និងកុមារនៅតាមជនបទ។ ដូចនេះ អេ អឹម ខេ ពីមួយឆ្នាំទៅមួយឆ្នាំតែងតែបង្កើតផលិតផល និងសេវាហិរញ្ញវត្ថុថ្មីៗ ដើម្បីបំពេញតម្រូវការអតិថិជនរបស់យើងជាពិសេសអតិថិជនដែលជាស្ត្រីយកទៅ ប្រើប្រាស់ក្នុងន័យអភិវឌ្ឍ សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់»។
គួរកត់សម្គាល់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានដែលឈានមុខគេ លើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី។ គិតត្រឹមខែសីហា ឆ្នាំ២០១៨នេះ អេ អឹម ខេ មានបុគ្គលិកសរុបចំនួនជាង ២.៦០០នាក់ អតិថិជនចំនួនជាង ៨១ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង២៤០លានដុល្លារអាមេរិក និងប្រាក់បញ្ញើជាង ១២៤លានដុល្លារអាមេរិក។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥០ កន្លែង និងមានភ្នាក់ងារជាង ៣.៥០០កន្លែងនៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើន កំពុងផ្តល់ជូនអតិថិជនដូចជា សេវាប្រាក់កម្ចី ប្រាក់សន្សំ ផ្ទេរប្រាក់ សេវាទូទាត់វិក្កយបត្រ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com