តើ​បរាភវ​សូត្រ មានន័យ​ដូចម្តេច ហើយ​ហេតុអ្វី​បានជា​ព្រះសង្ឃ​សូត្រ​តែ​ពេល​ជិត​ភ្លឺ​?
ជាតិ
បុណ្យភ្ជុំបិណ្ឌ
តើ​បរាភវ​សូត្រ មានន័យ​ដូចម្តេច ហើយ​ហេតុអ្វី​បានជា​ព្រះសង្ឃ​សូត្រ​តែ​ពេល​ជិត​ភ្លឺ​?
26, Sep 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ព្រះសង្ឃ​គ្រប់​វត្ត​អារាម តែងតែ​និមន្ត​សូត្រ​បទ​បរាភវ​សូត្រ នៅលើ​ព្រះវិហារ ឬ​សាលាឆាន់ នាពេល​ទៀបភ្លឺ ក្រោយពី​បញ្ចប់​ការចាក់​បទ​ទំនួញ​ប្រេត និង​បន្ទាប់ពី​បោះ​បាយបិណ្ឌ​រួច​។

 
 
​បរាភវ​សូត្រ មានន័យថា វោហារសាស្ត្រ បែបបទ ឬក៏​មាត្រា ដែល​បង្ហាញ​ពី​អត្ថន័យ​នៃ​សេចក្តី​វិនាស​។ ការសូត្រ​បទ​បរាភវ​សូត្រ​នេះ គឺជា​ការរៀបរាប់​ពី​សេចក្តី​វិនាស​ទាំងឡាយ ដែល​ជន​ប្រុស​ស្រី ត្រូវ​ចៀសវាង​។ នៅពេល​បាន​យល់ថា អ្វី​ជា​សេចក្តី​វិនាស និង​អ្វី​ជាហេតុ​នាំ​ឲ្យ​វិនាស​ហើយ ជនានុជន​គ្រប់រូប គួរ​កុំ​គប្បី​ប្រព្រឹត្ត​ឡើយ នូវ​ហេតុ​ឬ​អំពើ​ដែល​នាំ​ឲ្យ​វិនាស​ទាំងនោះ​។ 
 
​តាម​អត្ថន័យ​នៃ​បរាភវ​សូត្រ​នេះ សេចក្តី​វិនាស​នោះ គឺមាន​១២​ប្រការ គឺ ១. ទ្រុស្ត​ធម៌ ឬ​ស្អប់​ធម៌​, ២. សេពគប់​នឹង​ជន​អសប្បុរស​, ៣. ដេក​ច្រើន និយាយ​ច្រើន​ឥតប្រយោជន៍ ខ្ជិលច្រអូស និង​ខឹង​ច្រើន​, ៤. មិន​ចិញ្ចឹម​មាតាបិតា​, ៥. កុហក​បោក​បញ្ឆោត​អ្នកដទៃ​, ៦. លាក់​អាហារ​ឆ្ងាញ់ៗ និង​ធនធាន ដោយ​មិនចេះ​ចែករំលែក​ដល់​អ្នកផង​ទាំងពួង​, ៧. ប្រកាន់​ជាតិ ប្រកាន់​ត្រកូល ប្រកាន់​ឋានៈ និង​មិន​រាប់រក​សាច់ញាតិ​, ៨. ប្រព្រឹត្ត​ល្បែង​ស្រី ល្បែង​ស្រា និង​ល្បែង​ភ្នាល់​ស៊ីសង​, ៩. មិន​ត្រេកអរ​នឹង​ភរិយា ឬ​ស្វាមី​ខ្លួន​, ១០. ខ្លួន​ចាស់ តែ​យក​បុរស​ឬ​ស្ត្រី​ក្មេង ធ្វើជា​ស្វាមី​ឬ​ភរិយា​, ១១. យក​ស្ត្រី​ឬ​បុរស​ដែល​ខ្ជះខ្ជាយ​ធ្វើជា​គូ​កំណាន់​, ១២. កើត​ក្នុង​ត្រកូល​ក្សត្រ ហើយ​ចង់​ធ្វើជា​ស្តេច ដោយ​គ្មាន​ចំណេះ​វិទ្យា​។   
 
​តាមពិតទៅ ការសូត្រ​បទ​នេះ អាច​សូត្រ​នៅពេលណា​ក៏បាន​ដែរ​។ តែ​ដោយហេតុថា នៅ​ម៉ោង​៤ ឬ ៥ ជិត​ភ្លឺ គឺជា​ពេល​ដ៏​ល្អ​បំផុត​សម្រាប់​ដាស់សតិ និង​អប់រំ​មនុស្ស​។ 
 
​ទី​១. ពេលនេះ ជា​ពេលដែល​ជន​ប្រុស​ស្រី​ភ្ញាក់​ពី​ដំណេក រៀបចំខ្លួន​មក​វត្ត​ជុំគ្នា ដើម្បី​បោះ​បាយបិណ្ឌ សមាទានសីល និង រៀបចំ​បាយទឹក នំចំណី​ប្រគេន​ព្រះសង្ឃ​។ ដូច្នេះ ពេលនេះ ជា​ឱកាស​ដែល​ប្រជាជន អាច​ស្តាប់ឮ ព្រះសង្ឃ​សូត្រ​បរាភវ​សូត្រ​ច្រើនជាង​ពេលណា​ទាំងអស់​។ 
 
​ទី​២. ពេលនេះ ជា​ពេលដែល​មនុស្ស​យើង​មាន​អារម្មណ៍​ស្រស់ថ្លា​ល្អ មិនសូវ​ស្មុគស្មាញ ឬ​ជាប់ជំពាក់​នឹង​បញ្ហា​ជីវិត​ដែល​កើតមាន ដែលជា​ហេតុ​នាំ​ឲ្យ​បរិស័ទ អាច​ឆាប់​យល់​ពី​អ​ន្ថ​ន័យ​នៃ​បរាភវ​សូត្រ​នេះ​។ 
 
​ទី​៣. ដោយសារតែ​ក្នុងចំណោម​សេចក្តី​វិនាស​ទាំង​១២​កង នៃ​បរាភវ​សូត្រ មាន​សេចក្តី​វិនាស​១ គឺ​សេចក្តី​វិនាស​ទី​៣ ដែល​សម្តែង​ពី​សេចក្តី​វិនាស ដែល​កើតឡើង​ពី​ការ​ដេក​ច្រើន និង​សេចក្តី​ខ្ជិលច្រអូស​។ អ​ន្ថ​ន័យ​នេះ ពិត​ជាប់​គាប់​ជួន​នឹង​ការ​ដាស់សតិ​ប្រជា​ពុទ្ធបរិស័ទ​ឲ្យ​ក្រោក​ពី​ព្រលឹម ដើម្បី​បំពេញភារកិច្ច​។ ហេតុដូច្នេះ ត្រង់នេះ ហាក់ដូចជា​ការណែនាំ​ប្រជាជន​ឲ្យ​អនុវត្ត​ផ្ទាល់​តែម្តង កុំ​ឲ្យ​ដេក​ទ្រមក់​នាំ​ឲ្យ​វិនាស​។ 
 
​ទី​៤. គ្មាន​ពេលណា​អំណោយផល​ល្អ ដូច​ពេល​ជិត​ភ្លឺ​នោះទេ​។ ពេលព្រឹក​បរិស័ទ​ច្បាស់​ជា​ជាប់ដៃ​ជាប់ជើង​នឹង​កិច្ចការ​ផ្សេងៗ​។ ដល់ពេល​ថ្ងៃ​ជាប់រវល់​នឹង​ការរកស៊ី​។ ហើយ​ពេល​ល្ងាច​ហត់នឿយ​នឹង​ការងារ ច្បាស់​ជា​ស្តាប់ធម៌​មិន​ចូល​។ ចំណែក ពេល​ព្រលប់​ត្រូវការ​សម្រក់​ព្រោះ​អស់កម្លាំង​។ ដូច្នេះ​ពេលដែល​ល្អ​បំផុត​គឺជា​ពេល​ជិត​ភ្លឺ​នេះឯង​។​
  
​បន្ទាប់ពី​សេចក្តី​អត្ថាធិប្បាយ​មក​ខាងលើនេះ យើង​ឃើញថា បរាភវ​សូត្រ ពិត​មាន​អ​ន្ថ​ន័យ​ជ្រាលជ្រៅ និង​គ្រប់​ជ្រុងជ្រោយ ក្នុងការ​អប់រំ​មនុស្ស​ឲ្យ​យល់​ពីអ្វី​ដែល​ហៅថា សេចក្តី​វិនាស និង​អ្វីដែល​ជាហេតុ​នាំ​ឲ្យ​វិនាស​អន្តរាយ​ដល់​ជីវិត​។ 
 
​បើ​យើងទាំងអស់គ្នា អាច​យល់ និង​អាច​ចៀសបាន​នូវ​សេចក្តី​វិនាស​ទាំង​១២​ប្រការនេះ ជីវិត​យើង​ហាក់ដូចជា​មិនមាន​សេចក្តី​វិនាស​ណា​ផ្សេង​ទៀតឡើយ​។ ហើយ​ពេលដែល​ប្រសើរ​បំផុត​ដើម្បី​ឲ្យ​ឱវាទ​នេះ ចូលក្នុង​សតិអារម្មណ៍​របស់​ជនានុជន​នោះ គឺ​មានតែ​ការសូត្រ​នៅ​ម៉ោង ៤ ឬ​៥ ទៀបភ្លឺ​នេះឯង​៕
 

Tag:
 ភ្ជុំបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com