ជាតិ
សាសនា / ធម៌
៥២​ឆ្នាំ​នៃ​ការយាង​ចូល​ព្រះ​ទិវង្គត​របស់​អ្នកប្រាជ្ញ​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត​
25, Sep 2021 , 5:29 pm        
រូបភាព
សម្តេចព្រះមហាសង្ឃរាជ ជួន ណាត និងសម្តេចព្រះវររាជបិតា នរោត្តម សីហនុ កាលពីឆ្នាំ១៩៦៧។ រូបថត Larry Burrows/TimeLife
សម្តេចព្រះមហាសង្ឃរាជ ជួន ណាត និងសម្តេចព្រះវររាជបិតា នរោត្តម សីហនុ កាលពីឆ្នាំ១៩៦៧។ រូបថត Larry Burrows/TimeLife
​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២១ នេះ ជា​ពិធី​គម្រប់​ខួប​៥២​ឆ្នាំ​នៃ​ការយាង​ចូល​ព្រះ​ទិវង្គត​របស់​សម្តេចព្រះ​មហាសុមេធាធិបតី ជួន ណាត ជោ​ត​ញ្ញា​ណោ សម្ដេចព្រះសង្ឃរាជ​ថ្នាក់​ទី​១ គណៈមហានិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​កំពូល​អ្នកប្រាជ្ញ​របស់​ក​ម្ពុ​ជា​។ សម្តេចព្រះសង្ឃរាជ បាន​សោយ​ទិវង្គត​កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​១៩៦៩ ក្នុង​ព្រះ​ជន្មាយុ​៨៦​ព្រះវស្សា​។

 
​ប្រសូត​នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​១៨៨៣ ពី​ត្រកូល​កសិករ​នៅ​ភូមិ​កំរៀង សង្កាត់​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ សម្តេចព្រះសង្ឃរាជ បានចាប់ផ្តើម​សិក្សា​រៀនសូត្រ​អក្សរសាស្ត្រ​ពី​សំណាក់​លោក​គ្រូសូត្រស្ដាំ​នាម កែវ ម៉ន វត្ត​ពោធិព្រឹក្ស ហៅ​វត្ត​ពោល្យំ សង្កាត់​រលាំង​កែន ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល តាំងពី​ពេល​មាន​ព្រះជន្ម​១២​ព្រះវស្សា​។​
 
​បន្ទាប់មក ព្រះអង្គ​បាន​បួស​ជា​សាមណេរ​នៅ​ឆ្នាំ​១៨៩៧ ហើយ​នៅ​បំពេញ​កិច្ច​សិក្សា​នាវ​ត្ត​ពោធិព្រឹក្ស​ពីរ​ឆ្នាំ មុន​បន្តទៅ​រៀនសូត្រ​ព្រះ​បរិយត្តិ​ធម៌ ឯ​វត្ត​ឧណ្ណាលោម ក្រុងភ្នំពេញ ក្នុង​សំណាក់​ព្រះពុទ្ធ​គ្រូ ទេព សោ នា​កុដិ​ថែវ​ប្រប​កំពែង​ខាងជើង​ក្នុង​ឆ្នាំ​១៨៩៩​។​
 
​សម្ដេចព្រះសង្ឃរាជ មាន​សេចក្ដី​ព្យាយាម​ប្រកបដោយ​ថាមពល​ដ៏​ក្លៀវក្លា​ក្នុងការ​សិក្សា ទាំង​ផ្នែក​ភាសាបាលី ទាំង​ផ្នែក​ភាសា​ឯទៀតៗ ដែល​ធ្វើ​ឲ្យ​ព្រះអង្គ​មាន​ព្រះ​កិត្តិ​ស័ព្ទ​ល្បីល្បាញ​ជា​លំដាប់​។ នៅ​ឆ្នាំ​១៩១៩ សម្ដេច​ទ្រង់​បាន​ធ្វើជា​សមាជិក​នៃ​ក្រុម​ជំនុំ​តែង​វចនានុក្រម​ខ្មែរ ដែល​ទ្រង់​ជា​លេខាធិការ កាន់​កិច្ចការ​ផ្ទាល់ លុះត្រា​បាន​ចប់​ចុង​ចប់​ដើម​។ នៅ​ឆ្នាំ​១៩២៧ សម្ដេច​ទ្រង់​បានទទួល​ការតែងតាំង​ជា​សមាជិក នៃ​ក្រុម​ជំនុំ​ផ្ទៀង​សម្រេច​ខាង​វចនានុក្រម​ខ្មែរ ហើយ​សម្ដេច​ទ្រង់​បានទទួល​ភារៈ​ធ្វើ​វចនានុក្រម តែមួយ​ព្រះអង្គឯង​។ 
 
​សូម​អាន​ព្រះរាជ​ជីវប្រវត្តិ​ពិស្តា​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត នៅលើ​គេហទំព័រ 5000-years.org 
 

Tag:
 អប់រំ​
  សម្តេចព្រះសង្ឃរាជ ជួន ណាត
© រក្សាសិទ្ធិដោយ thmeythmey.com