សម្តេច ស ខេង ព្រមាន​ចៅហ្វាយ​ខេត្តមណ្ឌលគិរី ពី​រឿង​បញ្ហា​ព្រៃឈើ
ជាតិ
សម្តេច ស ខេង ព្រមាន​ចៅហ្វាយ​ខេត្តមណ្ឌលគិរី ពី​រឿង​បញ្ហា​ព្រៃឈើ
25, Sep 2018 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្រោយ​បានឃើញ​រូបភាព​ដែល​ឈ្មួញ​ដឹកឈើ​ទាំង​ឡានៗ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​បញ្ចេញ​អារម្មណ៍​មិន​សប្បាយ​ចិត្តនឹង​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានឃើញ​ទិដ្ឋភាព​នៃ​ការដឹកឈើ​នៅ​ខេត្ត​មណ្ឌល​គី​រី​នេះ តាម​ប្រព័ន្ធ​ផ្តា​យ​រណប ដែល​ត្រូវបាន​បង្ហោះ​លើ​អាកាស​។

 
​សម្តេច ស ខេង អះអាងថា ទោះជា​ឈ្មួញ ដឹកឈើ​ចេញ​តាម​ច្រក​ឬ​ចេញពី​ទីណា​ក៏ដោយ ក៏​មិនអាច​លាក់​ជិត​ដែរ​។ បន្ទាប់មក រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ផ្តាំ​ទៅ​អភិបាលខេត្ត​មណ្ឌលគិរី  ឲ្យ​ពិនិត្យមើល និង​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន បើ​ពុំ​ដូច្នេះ​ថា អាច​នឹងមាន​រឿង​ដល់​ខ្លួន​ជា​ខាន​។ 
 
​ការព្រមាន​ធ្ងន់ៗ​នេះ គឺ​ធ្វើ​ចេញពី​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ ពេល​សម្តេច ស ខេង ក្នុងនាម​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​ចូលរួម​ប្រជុំ​ស្តីពី​ការ​បូកសរុប​លទ្ធផល​បោះឆ្នោត​នីតិកាល​ទី​៦​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រើ​សម្តី​ខ្លាំងៗ បែបនេះ​ថា​៖«​ឥឡូវ សុំ​ផ្តាំ​ទៅ​អភិបាលខេត្ត​មណ្ឌល​គី​រី សុំ​ឲ្យ​មើល ហើយ​ដោះស្រាយ​វា​។ បើ​មិន​មើល​ទេ ចៅហ្វាយខេត្ត​ហ្នឹង ក៏មាន​រឿង​ដែរ​»​។ 
 
​សម្តេច ស ខេង បញ្ជាក់ថា ការពារ​ព្រៃឈើ  និង​ធនធានធម្មជាតិ​ផ្សេងទៀត គឺជា​កាតព្វកិច្ច​របស់​ដ្ឋា​ភិ​បាល​ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​៕ 
 

Tag:
 ព្រៃឈើ​
  ស ខេង​
  ស្វាយ សំ​អ៊ាង​
© រក្សាសិទ្ធិដោយ thmeythmey.com