អាមេរិក និងឥណ្ឌាបានបន្តកន្ទុយគ្នាសាទរមេដឹកនាំបក្សប្រឆាំងម៉ាល់ឌីវដែលទើបឈ្នះឆ្នោតប្រធានាធិបតីកាលពីចុងសប្តាហ៍កន្លងទៅ។ មហាអំណាចទាំងនេះសង្ឃឹមពង្រឹងចំណងមិត្តភាពជាមួយកោះម៉ាល់ឌីវក្នុងពេលខាងមុខ ព្រោះប្រធានាធិបតីដែលធ្លាប់តែស្និទ្ធចិននោះអស់អំណាចទៅហើយ។
លោក Ibrahim Mohamed Solih បេក្ខជនប្រធានាធិបតីបក្សប្រឆាំងបានដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាទិត្យទី ២៣ កញ្ញា ដោយបានសំឡេងគាំទ្រ ៥៨,៣ ភាគរយ។ ប្រធានាធិបតីអស់អាណត្តិលោក Abdulla Yameen ដែលស្និទ្ធនឹងចិននោះបានទទួលសំឡេងគាំទ្រត្រឹម ៤១,៧ប៉ុណ្ណោះ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP បន្ទាប់ពីបានដឹងដំណឹងនៃជ័យជម្នះរបស់លោក Solih មហាអំណាចប្រជាធិបតេយ្យមានអាមេរិក និង ឥណ្ឌាដែលជាមិត្តជិតខាងផងនោះហាក់ដូចជារីករាយ និងបន្តកន្ទុយគ្នាចេញសារអបអរសាទរអនាគតប្រធានាធិបតីម៉ាល់ឌីវនេះភ្លាម។
ទាំងអាមេរិក និងឥណ្ឌាសុទ្ធតែរំពឹងចង់ពង្រឹងទំនាក់ទំនងទ្វេភាគីដែលមានជាមួយម៉ាល់ឌីវ ដោយសារទំនាក់ទំនងកន្លងមិនសូវល្អព្រោះរដ្ឋាភិបាលម៉ាល់ឌីវរបស់លោក Yameen ងាកទៅស្និទ្ធនឹងរបបដឹកនាំក្រុងប៉េកាំងខ្លាំងពេក។
ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ខ្លួនដូច្នេះ ៖«ជាប្រទេសប្រជាធិបតេយ្យដូចគ្នា អាមេរិកត្រៀមខ្លួនហើយដើម្បីសហការជាមួយរដ្ឋាភិបាលថ្មីរបស់ម៉ាល់ឌីវដើម្បីពង្រីកកិច្ចសហប្រតិបត្តិការដែលធានាប្រយោជន៍រួមក្នុងប្រទេសម៉ាល់ឌីវ និងនៅក្នុងតំបន់មហាសមុទ្រឥណ្ឌាដែលមានសេរីភាព និងបើកចំហ»។
ក្រៅពីសាទររដ្ឋាភិបាលម៉ាល់ឌីវ អាមេរិក ក៏បានអបអរប្រជាជនម៉ាល់ឌីវផងដែរដែលបន្តជឿជាកលើលើប្រព័ន្ធប្រជាធិបតេយ្យនិងចូលរួមបោះឆ្នោតបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រទេសខ្លួនកន្លងមក។ អាមេរិកក៏បានទទូចឲ្យភាគីពាក់ព័ន្ធជួយធានាឲ្យបាននូវការផ្ទេរអំណាចដោយសន្តិវិធីនៅពេលខាងមុខដូចគ្នា។
ចំណែកឯមហាយក្សអាស៊ីខាងត្បូងឥណ្ឌាឯណោះវិញក៏ផ្តល់សារសាទរប្រហាក់ប្រហែលគ្នាដែរចំពោះលទ្ធផលបោះឆ្នោត។ ប៉ុន្តែមហាអំណាចនេះហ៊ាននិយាយច្បាស់ថា ទំនាក់ទំនងរវាងខ្លួន និងម៉ាល់ឌីវ មិនល្អឡើយក្នុងអាណត្តិដឹកនាំមុន។ ឥណ្ឌាសង្ឃឹមថា លទ្ធផលបោះឆ្នោតនេះនឹងត្រួសត្រាយផ្លូវសម្រាប់ការបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងទំនាក់ទំនងរវាងប្រទេសដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅមហាសមុទ្រឥណ្ឌាទាំងពីរនេះ។
អាចនិយាយបានថា ប្រធានាធិបតីចាញ់ឆ្នោត Yameen មិនត្រឹមតែធ្វើឲ្យទំនាក់ទំនងរវាឥណ្ឌា និងម៉ាល់ឌីវ ល្អក់កករឡើយ ថែមទាំងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខឥណ្ឌាថែមទៀតព្រោះម៉ាល់ឌីវកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅក្លាយជាសម្ព័ន្ធមិត្តរបស់មហាយក្សចិន។
ក្រោយការបោះឆ្នោត វាមានការបារម្ភជុំវិញការផ្ទេរអំណាចផងដែរ ព្រោះមេដឹកនាំបច្ចុប្បន្នលោក Yameen បានបន្តពង្រឹងអំណាចដោយបង្ក្រាបក្រុមអ្នកប្រឆាំង និងងាកទៅរកជំនួយ និងកម្ចីពីចិនច្រើនសន្ធឹកក្នុងអាណត្តិដឹកនាំ ប្រាំឆ្នាំមកនេះ។ ប៉ុន្តែសញ្ញាវិជ្ជមានកើតឡើង ដោយមេដឹកនាំវ័យ ៥៩ឆ្នាំនេះបានទទួលស្គាល់លទ្ធផល និងសាទរគូប្រជែងរបស់ខ្លួនភ្លាមៗក្រោយបានដឹងលទ្ធផលច្បាស់ដែរ៕