អន្តរជាតិ
នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់​នាំ​កូន​អាយុ​បី​ខែ​ចូលប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​
25, Sep 2018 , 5:42 pm        
រូបភាព
នាយករដ្ឋមន្ត្រីនូវែលសេឡង់ ជាមួយកូន និងស្វាមីក្នុងអង្គប្រជុំ (រូបភាព Reuters)
នាយករដ្ឋមន្ត្រីនូវែលសេឡង់ ជាមួយកូន និងស្វាមីក្នុងអង្គប្រជុំ (រូបភាព Reuters)
ដោយ: ថ្មីៗ
​នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់​លោកស្រី  Jacinda Ardern បង្ហាញ​វត្តមាន​នៅក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​នាទី​ក្រុង​ញូវយ៉ក​ជាមួយ​ប្រមុខរដ្ឋ​ប្រមុខ និង​រដ្ឋាភិបាល​ជាង ១២០​ទៀត​នៅ​សប្តាហ៍​នេះ​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ប្រមុខ​រដ្ឋាភិបាល​រូបនេះ​នាំយក​កូនស្រី​អាយុ ៣ ខែ​ទៅក្នុង​សាល​សន្និបាត​អង្គការសហប្រជាជាតិ​ផង​។​

 
​លោកស្រី Arderm ដែលមាន​វ័យ ៣៨​ឆ្នាំ បាន​ក្លាយជា​មេដឹកនាំ​ពិភពលោក​ទី​ពីរ​ដែល​បាន​សម្រាលកូន​ពេល​កំពុង​កាន់តំណែង​កំពូល​របស់​រដ្ឋ ហើយក៏​ជា​មេដឹកនាំ​ដំបូង​គេ​ដែល​យក​កូន​ចូលប្រជុំ​ដូច្នេះ​។ មេដឹកនាំ​ស្ត្រី​ដំបូង​ដែល​សម្រាលកូន​ក្នុងពេល​កាន់តំណែង​គឺ នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោកស្រី Benazir Bhutto ក្នុង​ឆ្នាំ ១៩៩០​។  
 
​យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោកស្រី Arderm នឹងត្រូវ​ចូលរួម​ប្រជុំ និង​ថ្លែង​សុន្ទរកថា​ទៅកាន់​អង្គសន្និបាត​អង្គការសហប្រជាជាតិ​នា​ក្រុង​ញូវយ៉ក​សប្តាហ៍​នេះ​។ 
 
​គេ​ឃើញ​លោកស្រី Arderm មាន​វត្តមាន​នៅក្នុង​ទីតាំង​នៃ​កិច្ចប្រជុំ​ជាមួយ​ស្វាមី​លោកស្រី Clarke Gayford និង​កូនស្រី​លោកស្រី​ដែលមាន​អាយុ​ត្រឹម ៣ ខែ​មាន​ឈ្មោះថា Neve​។ ក្នុងពេលនោះ គឺ​លោកស្រី​ត្រូវ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​សន្តិភាព​ណេ​ល​សិន ម៉ាន់​ដេ​ឡា (Nelson Mandela Peace Summit)​។​
 
​តាមពិតទៅ​រយៈពេល​ជាច្រើន​ថ្ងៃមុន​កិច្ចប្រជុំ​នេះ​ចាប់ផ្តើម លោកស្រី បានប្រកាស​រួចទៅហើយ​ថា លោកស្រី​នឹងធ្វើ​ដំណើរ​ជាមួយ​គ្រួសារ​ទៅកាន់​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​នៅ​ក្រុង​ញូវយ៉ក​។ ក្រៅពី​ថ្លែង​សុន្ទរកថា​ទៅកាន់​អង្គ​មហាសន្និបាត លោកស្រី ក៏បាន​ចូលរួម​ការប្រកាស់​ដាក់​ដំណើរការ​ ​«​សប្តាហ៍​អាកាសធាតុ​» ដែលជា​កម្មវិធី​ប្រចាំឆ្នាំ​ផ្តោតលើ​ការដោះស្រាយ​អាកាសធាតុ​ដែរ​។​      
 
Arderm បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​កាលពី​ខែតុលា​ឆ្នាំមុន រយៈពេល​បី​ខែក្រោយ​ពេលដែល​លោក​ឡើងកាន់តំណែង​ជា​ប្រធាន​បក្ស​ពលករ​នូ​វែ​ល​សេ​ឡង់​។ ក្រោយ​លោកស្រី​បាន​សម្រាកលំហែ​មាតុភាព​រយៈពេល​ប្រាំមួយ​សប្តាហ៍ ហើយ​ទើប​ត្រឡប់​ចូលកាន់​តំណែង​វិញ​កាលពី​ខែសីហា​ប៉ុណ្ណោះ​។​
 
​ត្រឡប់មកវិញ ការនាំ​កូនខ្ចី​ទៅ​ចូលក្នុង​មហាសន្និបាត​នេះ​ជា​រឿង​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។ ប៉ុន្តែ​ឥរិយាបថ​នេះ​ប្រហែលជា​អាចធ្វើ​ឲ្យ​លោកស្រី​រង​ការរិះគន់​ខ្លះ​ដែរ​។  ទាក់ទិន​នឹង​ការនាំ​កូន​ទៅជា​មួយ​ក្នុង​កិច្ចប្រជុំ លោកស្រី Arderm បានបញ្ជាក់​ដូច្នេះ​ថា​៖« Never តែងតែ​នៅក្បែរ​ខ្ញុំ​ស្ទើរតែ​រាល់ពេល នៅពេល​យើង​នៅ​នូ​វែ​ល​សេ​ឡង់​»​។​
 
​ការសម្រេច​នាំយក​កូន​ខ្ចី​ទៅ​ចូលរួម​ប្រជុំ​នេះ​ជាការ​សម្រេចចិត្ត​មួយ​ដ៏​ចាំបាច់ ដ្បិតថា Neve ទើប​មាន​វ័យ ៣ ខែ ហើយ​នៅ​ទទួល​ការ​បំបៅ​ពី​ម្តាយ​របស់គេ​រាល់ពេល​ដែរ​៕  
 

Tag:
 នូ​វែ​ល​សេ​ឡង់​
  UNGA
  Jacinda Ardern
© រក្សាសិទ្ធិដោយ thmeythmey.com