កីឡាជាតិ
ជាតិ
បឹងកេតសោកស្តាយ ខណៈវិសាខា ពេញចិត្តនឹងទីតាំងដែលខ្លួនទទួលបាន
× បើទោះបីជាព្រឹត្តិការណ៍មិត្តហ្វូនខេមបូឌានលីគនៅសល់មួយសប្តាហ៍ទៀតក៏ដោយ ប៉ុន្តែណាហ្គាវើល បានក្លាយជាម្ចាស់ជើងឯកឆ្នាំ២០១៨ ដោយស្វ័យប្រវត្តិ ដែលធ្វើឲ្យបឹងកេត ខកខានឱកាសលើកពានបីឆ្នាំជាប់គ្នា។ ថ្នាក់ដឹកនាំបឹងកេតសោកស្តាយដែលក្រុមរបស់ខ្លួនបាត់បង់ឱកាស ប៉ុន្តែរីករាយក្នុងការអបអរសាទរជោគជ័យរបស់ណាហ្គាវើល។ ចំណែកឯក្រុមវិសាខាវិញ ការទទួលបានចំណាត់ថ្នាក់លេខ៣ ជាទីតាំងដ៏ពេញចិត្តមួយសម្រាប់ការបង្ហាញខ្លួនជាលើកដំបូង។
ថ្នាក់ដឹកនាំក្លិបបាល់ទាត់បឹងកេតបានសរសេរសារតាមហ្វេសប៊ុកសុំទោសអ្នកគាំទ្រក្រោយក្រុមរបស់ខ្លួនមិនអាចការពារតំណែងជើងឯកពានរង្វាន់ក្របខណ្ឌខេមបូឌានលីគនៅឆ្នាំ២០១៨។ ជាមួយគ្នានេះ ក្លិបបឹងកេតបានអបអរសាទរក្រុមណាហ្គាវើល ដែលក្លាយជាម្ចាស់ជើងឯកឆ្នាំនេះ បន្តពីខ្លួន។ លោក បែ មករា អ្នកចាត់ការទូទៅក្លិបបាល់ទាត់បឹងកេត បានសរសេរសារតាមហ្វេសប៊ុក ដើម្បីបង្ហាញការសោកស្តាយ និងសុំទោសដល់អ្នកគាំទ្រ។ ជាមួយគ្នានេះ ទាំងលោក បែ មករា និងអ្នកស្រី ពុធ ធីតា ដែលជាម្ចាស់ក្លិប បានសន្យាថា នឹងព្យាយាមធ្វើឲ្យបានល្អនៅរដូវកាលបន្ទាប់។
ការរបូតឱកាសប្រជែងជើងឯកទាំងនៅសល់មួយប្រកួតនេះ បន្ទាប់ពីបឹងកេតបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុមអង្គរថាយហ្គឺរ ក្រោយណាហ្គាវើលយកឈ្នះវិសាខា ២-១ នាការប្រកួតសប្តាហ៍ទី២១ កាលពីថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨។ បច្ចុប្បន្នណាហ្គាវើលស្ថិតនៅកំពូលតារាងមាន៥៣ពិន្ទុ ខណៈបឹងកេតស្ថិតនៅលេខមាន៤៩ពិន្ទុ។ ជាមួយគ្នានេះ ក្រុមចំណូលថ្មីវិសាខាទទួលបានចំណាត់ថ្នាក់លេខ៣ និងក្រសួងការពារជាតិបានលេខ៤។
ចំណែកក្រុមចំណូលថ្មីវិសាខាវិញ ការទទួលបានចំណាត់ថ្នាក់លេខ៣ ជាជោគជ័យដ៏ធំរបស់ក្លិប។ លោក ហុក សុជីវ័ន គ្រូបង្វឹកក្រុមវិសាខា បានលើកឡើងថា៖ «សម្រាប់យើងចំណាត់ថ្នាក់លេខ៣ វាល្អពេកសម្រាប់ក្រុមថ្មីទើបឡើងមកលីគកំពូល។ យើងនឹងប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចគោលដៅធំនៅរដូវកាលក្រោយ»។
ទន្ទឹមនឹងនេះ លោក ហុក សុជីវ័ន បានបង្ហាញការអបអរសាទរចំពោះម្ចាស់ជើងឯកណាហ្គាវើល ដែលបានក្លាយជាម្ចាស់ជើងឯកក្រោយខកខានអស់រយៈពេល៩ឆ្នាំកន្លងមកនេះ។ លោកបានលើកឡើងថា អំឡុងពេលប្រកួតជាសត្រូវនៅលើទីលាន តែក្រោយការប្រកួតជាមិត្តភក្តិ និងមិត្តរួមអាជីព៕
Tag:
Cambodian League ២០១៨
បែ មករា
បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com