ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡា ម៉ាឌុយរ៉ូ ទំនងជាមិនទៅចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៣ នៅទីក្រុងញូវយ៉កសប្តាហ៍នេះឡើយ។ កាលពីសប្តាហ៍មុនលោកប្រកាសថា លោកចង់ទៅចូលរួមប៉ុន្តែលោកបារម្ភពីសុវត្ថិភាពព្រោះអាចមានការលបលួចធ្វើឃាតរូបលោកនៅទីនោះ។
កិច្ចប្រជុំពេញអង្គមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៣ ចាប់ផ្តើមតាំងពីថ្ងៃ ១៨ ខែកញ្ញានៅទីស្នាក់ការអង្គការសហប្រជាជាតិនាក្រុងញូវយ៉ក ហើយប្រមុខរដ្ឋប្រហែល ៧១រូប និង ប្រមុខរដ្ឋាភិបាល ៤៧ រូបរួមជាមួយរដ្ឋមន្ត្រីការបរទេសច្រើននាក់ផ្សេងទៀតធ្វើដំណើរទៅចូលរួមក្នុងវេទិកានេះ។
យ៉ាងណាក៏ដោយ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ប្រមុខវេណេស៊ុយអេឡាលោក នីកូឡា ម៉ាឌុយរ៉ូ ទំនងជាមិនមានវត្តមានក្នុងការជួបជុំ និងផ្តល់សុន្ទរកថាទៅកាន់អង្គសន្និបាតនេះឡើយ។ កាលពីសប្តាហ៍មុនលោកបានប្រកាសថា លោកចង់ទៅចូលរួមប៉ុន្តែរឿងដែលគួរឲ្យបារម្ភនោះគឺសុវត្ថិភាពរបស់លោកស្ថិតនៅក្រោមការគំរាមកំហែងខ្លាំង។
មេដឹកនាំរូបនេះបានអះអាងដូច្នេះ៖«ខ្ញុំនៅតែបន្តវាយតម្លៃមើលស្ថានភាពតើខ្ញុំអាចនឹងទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិឬក៏អត់ដ្បិតអីអ្នកដឹងហើយថា គេកំពុងរកវីធីសាស្ត្រសម្លាប់ខ្ញុំចោល»។
ទោះជាអះអាងច្បាស់បែបនេះក្តី លោក ម៉ាឌុយរ៉ូ មិនបានបង្ហាញភស្តុតាង អ្វីជាក់ស្តែងជាដុំកំភួនដើម្បីបកអាក្រាតអ្នកដែលចង់ធ្វើឃាតលោកឡើយ។ លោកគ្រាន់តែចង្អុលទៅការវាយប្រហារដែលកើតឡើងកាលពីខែមុនដែលមានករណីបំផ្ទុះយន្តហោះដ្រូនពីរគ្រឿងផ្សេងគ្នាពេលដែលលោកថ្លែងសុន្ទរកថាទៅកាន់កងទ័ពវេណេស៊ុយអេឡានោះ។ លោកគ្រានតែនិយាយថា វាជាផែនការសម្ងាត់អចិន្ត្រៃយ៍មួយដែលសត្រូវរបស់លោកកំពុងព្យាយាមសម្រេចឲ្យបាន។
ត្រឡប់មកវិញ លោក ម៉ាឌុយរ៉ូ ធ្លាប់ថ្លែងសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិនៅឆ្នាំ ២០១៥ នៅពេលនោះហើយដែលលោកបានឆ្លៀតឱកាសទិតៀនយុទ្ធនាការរបស់ក្រុងវ៉ាស៊ីនតោនដែលប៉ុនប៉ងប្រឆាំងរបបដឹកនាំសង្គមនិយមរបស់លោកនោះ។ ចាប់ពីពេលនោះមក លោកមិនដែលអញ្ជើញទៅចូលរួមក្នុងមហាសន្និបាតនៅក្រុងវ៉ាស៊ីនតោនទៀតឡើយ។
តាមពិតទៅ រដ្ឋាភិបាលលោក ម៉ាឌុយរ៉ូ រងការថ្កោលទោសខ្លាំងពីសហគមន៍អន្តរជាតិនិងប្រជាជនក្នុងស្រុកផងដោយសារការអសមត្ថភាពក្នុងការដឹកនាំ និងគ្រប់គ្រងសេដ្ឋកិច្ចដែលកំពុងដួលរលំនោះ។ អង្គការមូលនិធិរូបីយវត្ថុអន្តរជាតិបានព្យាករថា អត្រាអតិផរណានៅវេណេស៊ុយអេឡាកើនឡើងដល់មួយលានភាគរយនៅក្នុងឆ្នាំនេះ ហើយប្រជាជនកំពុងបន្តភៀសខ្លួនដោយសាររងទុក្ខវេទនាព្រោះកង្វះស្បៀង និងថ្នាំសង្កូវផងនោះ។
របបដឹកនាំវេណេស៊ុយអេឡានេះមិនខ្វល់ឡើយពីបញ្ហាសេដ្ឋកិច្ច និងទុក្ខវេទនារបស់ប្រជាជន ប៉ុន្តែបែរជាព្យាយាមបន្ទោសអាមេរិក និងចោទប្រកាន់ថាមហាអំណាចនេះបន្តព្យាយាមលូកលាន់លួចពិភាក្សាជាមួយអតីតមន្ត្រីយោធាខ្លួនជាច្រើនលើកច្រើនសារក្នុងន័យប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់រូបលោកពីតំណែង។ ប៉ុន្តែលោក ម៉ាឌុយរ៉ូ បានអះអាងពេញមាត់ថា ក្រុមយោធានៅតែស្មោះស្ម័គ្រចំពោះលោក និងគោរពតាមការដឹកនាំរបស់លោកដដែលនៅពេលនេះ។