កីឡាជាតិ
ជាតិ
ក្រុម​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា ត្រៀមខ្លួន​ចេញទៅ​ការពារ​ជើងឯក SEA Soft Tennis នៅ​ម៉ានីល​
26, Sep 2018 , 8:59 am        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា នឹង​បញ្ជូន​អត្ត​ព​លិ​ក​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ SEA Soft Tennis 2018 នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន នា​ដើមខែ​តុលា​ខាងមុខនេះ​។ កម្ពុជា ទោះបី​មិន​រំពឹង​១០០​ភាគរយ តែ​ប្តេជ្ញា​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ការពារ​តំណែង​ជើងឯក ទោះបី​ឆ្នាំនេះ​មាន​វត្តមាន​ជើង​ខ្លាំង​ទាំងពីរ​នៅ​អាស៊ីអាគ្នេយ៍​ក៏ដោយ​។​

 
​វត្តមាន​ជើង​ខ្លាំង​ទាំងពីរ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ថៃ និង​ឥណ្ឌូណេស៊ី បាន​ក្លាយជា​ក្តីបារម្ភ​សម្រាប់​កម្ពុជា ក្នុងការ​ការពារ​តំណែង​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជ្រើសរើស​ជើងឯក​កម្រិត​អាស៊ាន SEA Soft Tennis 2018 នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន ចន្លោះ​ពីថ្ងៃ​ទី​៥-៧ ខែតុលា ឆ្នាំ​២០១៨​។    
 
«​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ជើង​ខ្លាំង​មាន​៤​ក្រុម ឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន និង​កម្ពុជា​។ ឆ្នាំ​២០១៧ យើង​បាន​យកឈ្នះ​ម្ចាស់ផ្ទះ​ហ្វីលីពីន​យ៉ាង​ប្រផិតប្រផើយ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ យើង​មិន​ប្រាកដថា អាច​ការពារ​តំណែង​ជើងឯក​បាន​ឬ​យ៉ាងណា​នោះទេ ព្រោះ​ក្រុម​ខ្លាំង​ពីរ​ចូលរួម​ដែរ​នៅ​ឆ្នាំនេះ​។ ឆ្នាំមុន​យើង​បាំង​ហ្វីលីពីន តែ​លើក​នេះ​យើង​ត្រូវ​តតាំង​ជាមួយ​ថៃ និង​ឥណ្ឌូណេស៊ី​»​។ នេះ​ជា​កង្វល់​របស់លោក ជា ប៊ុនហេង អនុប្រធាន​ទី​១​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​។​


 
​លោក​បន្ថែមថា​៖«​ថ្វី​ដ្បិត​ឆ្នាំនេះ​យើង​ត្រូវ​ប្រជែង​ជាមួយ​ថៃ និង​ឥណ្ឌូណេស៊ី​ក៏ដោយ តែ​យើង​ប្តេជ្ញា​តតាំង​ការពារ​តំណែង​ជើងឯក​មេដាយមាស​ក្រុម​បុរស​។ ប៉ុន្តែ​លទ្ធផល​យ៉ាងណា យើង​មិន​ហ៊ាន​សន្យា​ទុក​មុន​នោះទេ គ្រាន់តែ​ជឿជាក់ នឹង​ទទួលបាន​មេដាយ​ណាមួយ​ក្នុងចំណោម​មេដាយ​ទាំងបី​»​។ 
 
​កម្ពុជា​ធ្លាប់​ចូលរួម​ព្រឹត្តិការណ៍​នេះ​ពីរលើក​រួចមកហើយ នៅ​ឆ្នាំ​២០១៧​ពេល​ហ្វីលីពីន​ធ្វើជា​ម្ចាស់ផ្ទះ កម្ពុជា​ឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​វាយ​ជា​ក្រុម​បុរស ក្រោយ​យកឈ្នះ​ម្ចាស់ផ្ទះ​ហ្វី​លីន​យ៉ាង​ប្រផិតប្រផើយ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ប៉ុន្តែ​លើក​នោះ គ្មាន​វត្តមាន​ថៃ និង​ឥណ្ឌូណេស៊ី​នោះទេ​។ ឆ្នាំ​២០១៦ នៅ​ម៉ាឡេស៊ី កម្ពុជា​ទទួលបាន​មេដាយប្រាក់​លើ​វិញ្ញាសា​វាយ​ជា​ក្រុម​នារី​។​
 
​ក្រៅពី​ព្រឹត្តិការណ៍​នេះ អត្ត​ព​លិ​ក​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​ត្រៀម​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ធំៗ​ចំនួន​ពីរ​ផ្សេងទៀត​នៅ​ឆ្នាំនេះ គឺ​ព្រឹត្តិការណ៍ Korean Cup និង​ជើងឯក​យុវជន​ពិភពលោក​នៅ​ប្រទេស​កូរ៉េ​។ នៅ​ចុងខែ​តុលា ខាងមុខ កម្ពុជា​នឹង​បញ្ជូន​អត្ត​ព​លិ​ក​អាយុ​ក្រោម​១៨​ឆ្នាំ​ចំនួន​៥​នាក់ ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​កូរ៉េ ហើយ​ពួកគេ​នៅ​បន្ត​រហូតដល់​ព្រឹត្តិការណ៍ Korean Cup តែម្តង​៕  
  

Tag:
 សូ​ហ្វ​តិ​ន្នី​ស​
  ជា ប៊ុនហេង​
  SEA Soft Tennis Championship
© រក្សាសិទ្ធិដោយ thmeythmey.com