អន្តរជាតិ
អឺរ៉ុប នឹង​បង្កើត​ប្រព័ន្ធ​ទូទាត់​ថ្មី​ជាមួយ​អ៊ីរ៉ង់ ដើម្បី​គេច​ពី​ទណ្ឌកម្ម​របស់​អាមេរិក​
25, Sep 2018 , 10:39 pm        
រូបភាព
ប្រមុខការទូតសហភាពអឺរ៉ុប Federica mogherini (រូបភាព AFP)
ប្រមុខការទូតសហភាពអឺរ៉ុប Federica mogherini (រូបភាព AFP)
​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​២៤ ខែកញ្ញា បានប្រកាសថា ខ្លួន​នឹង​បង្កើត​ប្រព័ន្ធ​ទូទាត់​ថ្មី​មួយ​ដើម្បី​អនុញ្ញាត​ក្រុមហ៊ុន​របស់​អឺរ៉ុប​អាច​រកស៊ី​ជាមួយ​អ៊ីរ៉ង់​ដោយ​ស្របច្បាប់ និង​មិន​ស្ថិតក្រោម​ទណ្ឌកម្ម​របស់​អាមេរិក​។ អាមេរិក​ក្រោម​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ទោះជា​ប្រទេស​ហត្ថលេខី​ផ្សេងទៀត​ប្រឹង​បញ្ចុះបញ្ចូល​ក្ដី​។ អាមេរិក​ក៏បាន​គំរាម​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​បរទេស​ទាំងអស់​ដែល​ហ៊ាន​រកស៊ី​ជាមួយ​អ៊ីរ៉ង់​។​

 
​ជាថ្មី​ម្ដងទៀត ប្រទេស​អឺរ៉ុប​ដែលជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ នៅតែ​បន្ត​ការប្ដេជ្ញាចិត្ត​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ជាមួយ​អ៊ីរ៉ង់​ដដែល ដោយ​មិន​ខ្វល់ខ្វាយ​ពី​ការដើរ​ចេញ​របស់​អាមេរិក​ឡើយ​។ អំឡុងពេល​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​សមាជិក​កិច្ចព្រមព្រៀង​សំខាន់​មួយ​នេះ បាន​ជួបជុំគ្នា​នៅ​ទីក្រុង​ញូវយ៉ក ហើយ​បានសម្រេច​ថា អ៊ីរ៉ង់​ពិតជា​បាន​អនុវត្តតាម​កិច្ចព្រមព្រៀង​នេះ​បាន​ខ្ជាប់ខ្ជួន​។ 
 
​ថ្លែង​ក្រោយ​កិច្ចប្រជុំ​នេះ ប្រមុខ​ការទូត​សហភាព​អឺរ៉ុប Federica Mogherini បានប្រកាស​ការតាំង​ចិត្ត​របស់​ប្រទេស​អឺរ៉ុប​ក្នុងការ​ការពារ​សេរីភាព​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ខ្លួន​ក្នុង​ការបន្ត​ការរកស៊ី​ដោយ​ស្របច្បាប់​ជាមួយ​អឺរ៉ុប​។ យ៉ាងណាមិញ ប្រទេស​ដែល​នៅ​សេសសល់​ត្រូវ​ប្រឈមមុខ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ដែល​គ្របដណ្ដប់​ដោយ​អាមេរិក និង​លុយ​ដុល្លារ​ដ៏​លើសលប់ ក៏ដូចជា​ការ​គំរាម​ដាក់ទណ្ឌកម្ម​រប​ស់​ក្រុង​វ៉ាស៊ីនតោន​ផង​។​
 
​ជាមួយនឹង​ការ​ទទួលស្គាល់ថា អ៊ីរ៉ង់​អនុវត្តតាម​កិច្ចព្រមព្រៀង​ត្រឹមត្រូវ​ហើយ​ភាពចាំបាច់​ក្នុងការ​បន្តធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់​នោះ អឺរ៉ុប​នឹង​បង្កើត​ប្រព័ន្ធ​ថ្មី​មួយ​ដើម្បី​បន្ត​ការទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់ ខណៈ​អាមេរិក​ប្រុង​រឹតត្បិត​ដង្ហើម​នាំចេញ​របស់​ប្រទេស​មជ្ឈិមបូព៌ា​មួយ​នេះ​។ លោកស្រី Mogherini លើកឡើងថា យន្តការ​ថ្មី​ជួយ​សម្រួល​ការទូទាត់​ជាមួយ​អ៊ីរ៉ង់ ជាពិសេស​ការចេញ​ប្រេង​របស់​អ៊ីរ៉ង់​តែម្ដង​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រមុខ​ការទូត​សហភាព​អឺរ៉ុប​ក៏​អះអាង​ដែរ​ថា ប្រទេស​ហត្ថលេខី​ដូចជា​បារាំង អង់គ្លេស រុស្ស៊ី អាល្លឺម៉ង់ និង​ចិន ក៏​រក្សា​ការប្ដេជ្ញាចិត្ត​របស់​ពួកគេ​ក្នុង​ការបន្ត​គាំទ្រ​កម្មវិធី​ថាមពល​អា​តូ​មិ​ក​ស៊ីវិល​របស់​អ៊ីរ៉ង់​ដដែល​។ លោកស្រី Mogherini ពន្យល់ថា គំនិត​ផ្ដួចផ្ដើម​នេះ​មាន​គោលដៅ​រក្សា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ។ 
 
​ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះ ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​អាមេរិក និង​អឺរ៉ុប​ល្អក់កករ​យ៉ាងខ្លាំង​។ អាមេរិក​ដែល​អនុវត្ត​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ឡើងវិញ​នោះ ក៏​មិន​លើកលែង​ឲ្យ​ក្រុមហ៊ុន​អឺរ៉ុប​ដែល​បន្ត​រកស៊ី​ជា​អ៊ីរ៉ង់​ទៅទៀត​។ ប្រឈម​មុខការ​គំរាម​របស់​រដ្ឋបាល​លោក ត្រាំ ក្រុមហ៊ុន​របស់​អឺរ៉ុប​ជាច្រើន​បានសម្រេច​ចិត្ត​ឈប់​ប្រកប​របរ​ជាមួយ​ក្រុង​តេ​ហេ​រ៉ង់ ឯ​ខ្លះ​នៅ​ស្ទាក់ស្ទើរ​នៅឡើយ ព្រោះ​សហភាព​អឺរ៉ុប​កំពុង​រក​ផ្លូវ​បញ្ចៀស​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​៕
 

Tag:
 អឺរ៉ុប​
  អ៊ីរ៉ង់​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com