ភ្ជុំបិណ្ឌ​៖​ក្រសួងសុខាភិបាលប្រាប់​ពលរដ្ឋ​ឲ្យ​ប្រយ័ត្ន​ចំពោះ​ការ​ពិសា​ស្រា និង​ចំណីអាហារ​
ជាតិ
សុខភាព
ភ្ជុំបិណ្ឌ​៖​ក្រសួងសុខាភិបាលប្រាប់​ពលរដ្ឋ​ឲ្យ​ប្រយ័ត្ន​ចំពោះ​ការ​ពិសា​ស្រា និង​ចំណីអាហារ​
25, Sep 2018 , 9:17 pm        
រូបភាព
 ​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​ប្រាប់​ឲ្យ​ប្រជា​ពលរ​រដ្ឋ ប្រុងប្រយ័ត្ន​ចំពោះ​ការបរិភោគ​ចំណីអាហារ និង​ការ​ពិសា​ស្រា នា​អំឡុងពេល​បុណ្យ​ភ្ជុំ​នេះ​។ ការណែនាំ​នេះ គឺ​ដោយសារ​ក្រសួង​បារម្ភ​រឿង​ពុល​ចំណីអាហារ ដោយសារ​កន្លងមក មាន​អ្នកស្លាប់ ដោយសារតែ​ការពុល​ចំណីអាហារ និង​ពុល​ស្រា ឬ​ស្រាថ្នាំ​កន្លងមកនេះ ព្រោះតែ​ទុកដាក់​ចំណីអាហារ​មិន​ត្រឹមត្រូវ និង​ផ្ទុក​សារធាតុ​មេ​តា​ណុល​ខ្ពស់ ដែល​បណ្តាល​ឲ្យ ក្អួត ចង្អោរ រាក​មូល ថប់ដង្ហើម សន្លប់ វិលមុខ និង​បាត់បង់​អាយុជីវិត​ជាដើម​។



​សេចក្តី​ជូន​ព័ត៌មាន ចេញផ្សាយ​នៅ​ថ្ងៃទី​២៥ កញ្ញា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បញ្ជាក់ថា ការពុល​ចំណីអាហារ​ភាគច្រើន បណ្តាលមកពី​ការរៀបចំ​អាហារ​មិនមាន​អនាម័យ​ល្អ ទាំង​នៅក្នុង​ចំណីអាហារ និង​ការរៀបចំ​ទុកដាក់​។ ចំណែក​ការពុល​ស្រា បណ្តាលមកពី ការផលិត ឬ​បិត​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស និង​មាន​ផ្ទុក​សារធាតុ​មេ​តា​ណុល​កម្រិត​ខ្ពស់ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​។  
 
​ដើម្បី​ការពារ​សុខភាព និង​ជៀស​ផុតពី​ការពុល​ចំណី  ឬ​ជំងឺឆ្លង​ផ្សេងៗ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​រូបនេះ បាន​ណែនាំ​វិធាន​ការពារ​មួយចំនួន​ដល់​សាធារណជន ដូចជា​ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ​, លាង​សំអាត​បន្លែ​ផ្លែឈើ​ឲ្យ​បាន​ស្អាត​,​ច​ង្អិ​ន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ ជាពិសេស សាច់ជ្រូក​,​ស៊ុត និង​គ្រឿង​សមុទ្រ​ជាដើម​, ទុកដាក់​អាហារ​ឆៅ និង​ឆ្អិន​ឲ្យ​នៅ​ដោយឡែក​ពីគ្នា និង​កុំ​បរិភោគ​ចំណីអាហារ​ណា​ដែល​ហួស​កាលបរិច្ឆេទ​។​
 
​ក្នុង​សេចក្តី​ជូន​ព័ត៌មាន​ដដែល  លោក ម៉ម ប៊ុនហេង បានលើកឡើង​ដូច្នេះ​ថា​៖«​សូម​ពលរដ្ឋ ជាពិសេស​មនុស្សពេញវ័យ បញ្ឈប់​ពិសារ​ស្រា​«​ស​» ឬ​ស្រាថ្នាំ ដែល​ទិញ​ពី​ប្រភព​មិន​ច្បាស់លាស់ និង​គ្មាន​ការផលិត​ត្រឹមត្រូវ និង​សូម​ពិសារ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​តិចតួច និង​ហាម​ពិសារ​ស្រា​ក្នុងពេល​បើកបរ ឬ​បញ្ជា​គ្រឿង​ម៉ាស៊ីន ហើយ​រួមគ្នា​ការពារ និង​ជៀសវាង​ការគ្រោះថ្នាក់​ដ៏​សាម​ញ្ញា​មួយចំនួន ដោយសារ​ពុល​ចំណីអាហារ និង​ស្រា​ជាយថាហេតុ​»​។​
 
​យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល នៅ​ឆ្នាំ​២០១៧​កន្លងទៅ មាន​ករណី​ពុល​ស្រា ១៣​ករណី ស្លាប់​២ នាក់​នៅ​ខេត្ត​មណ្ឌល​គី​រី​។ ឯ​ឆ្នាំ​២០១៦ មាន​ចំនួន ៩២​ករណី ក្នុងនោះ​ស្លាប់​១៥​នាក់​។ ដោយឡែក ក្នុង​ឆ្នាំ​២០១៥ មាន​ករណី​ពុល​ស្រា​ចំនួន ២៨៤​ករណី សម្លាប់​មនុស្ស​អស់ ៣៣​នាក់ ក្នុង​ខេត្ត​ចំនួន​៣ គឺ ត្បូងឃ្មុំ​, ក្រចេះ និង​មណ្ឌល​គី​រី​៕

Tag:
 ក្រសួងសុខាភិបាល​
 ស្រា​
 ​ចំណីអាហារ​
 ម៉ម ប៊ុនហេង
© រក្សាសិទ្ធិដោយ thmeythmey.com