អន្តរជាតិ
រដ្ឋបាល ត្រាំ ត្រៀម​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​តម្លៃ ៣៣០​លាន​ដុល្លារ
26, Sep 2018 , 9:18 am        
រូបភាព
រូបភាព AFP
រូបភាព AFP
​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៤ ខែកញ្ញា បានស្នើ​លក់​អាវុធ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​ដែលមាន​តម្លៃ​ចំនួន​៣៣០​លាន​ដុល្លារ​។ គម្រោង​នៃ​កិច្ចព្រមព្រៀង​លក់​សម្ភារ​សម្រាប់​យន្តហោះ​នេះ នឹង​ដុត​កម្ដៅ​ទំនាក់ទំនង​អាម​រិ​ក និង​ចិន ដែល​កំពុង​តានតឹង​ស្រាប់​ដោយសារ​ជម្លោះ​ពាណិជ្ជកម្ម​។ ក្រុង​ប៉េកាំង​នឹង​រឹតតែ​មិន​សប្បាយចិត្ត​ខ្លាំង​ថែមទៀត ព្រោះ​ក្រុង​វ៉ាស៊ីនតោន​នៅតែ​បន្ត​មាន​ទំនាក់ទំនង​ជាមួយ​ក្រុង​តៃប៉ិ ទាំង​ខ្លួន​មិន​ទទួលស្គាល់​ឯករាជ្យ​ក្ដី​។​

 
​សំណើ​លក់​អាវុធ​តម្លៃ​៣៣០​លាន​ដុល្លារ​ដែល​ប្រកាស​ដោយ​ក្រសួងការពារជាតិ​អាមេរិក​នៅ​ថ្ងៃទី​២៤ ខែកញ្ញា មាន​បញ្ចូល​សម្ភារ​សម្រាប់​យន្តហោះ​តៃវ៉ាន់​ធុន F-16, C-130 និង​យន្តហោះ​ក្នុងស្រុក​ប្រភេទ F-5 ព្រមទាំង​សម្ភារ​ដែល​ប្រើ​លើ​ប្រព័ន្ធ​យន្តហោះ​ផ្សេងទៀត​។ សំណើ​នេះ នឹងត្រូវ​ដាក់​ឲ្យ​ឆ្លង​សភា​អាមេរិក​ជាមុនសិន តែ​វា​នឹងធ្វើ​ឲ្យ​អាមេរិក និង​ចិន​មើលមុខ​គ្នា​កាន់តែ​លែង​ចំ​ថែមទៀត ខណៈ​មិនត្រូវ​គ្នា​ដោយសារ​បញ្ហា​ពានិជ្ជកម្ម​ស្រាប់​ទៅហើយ​។​
 
​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​យោធា​ចំណុះ​មន្ទីរ​បញ្ច​កោណ សំណើ​លក់​អាវុធ​នេះ​នឹង​រួមចំណែក​ដល់​នយោបាយ​ការបរទេស និង​សន្តិសុខ​ជាតិ​របស់​អាមេរិក​តាម​រយៈ​ការជួយ​ពង្រឹងសមត្ថភាព​សន្តិសុខ និង​ការពារ​របស់​ប្រទេស​អ្នកទិញ​អាវុធ​។ លើសពីនោះ ការកើនឡើង​សមត្ថភាព​ការពារ​ខ្លួន​របស់​តៃវ៉ាន់ គឺជា​កម្លាំង​សំខាន់​ក្នុងការ​រក្សា​ស្ថិរភាព​នយោបាយ តុល្យភាព​យោធា និង​ដំណើរការ​សេដ្ឋកិច្ច​តំបន់​។​
 
​រដ្ឋាភិបាល​តៃវ៉ាន់​ឯណោះ​វិញ ពិតជា​រីកមុខ​រីក​មាត់​យ៉ាងខ្លាំង​ចំពោះ​សំណើ​លក់​អាវុធ​របស់​អាមេរិក ដែលជា​ខ្នងបង្អែក​ដ៏​ធំ​របស់ខ្លួន​។ អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​តៃវ៉ាន់​និយាយថា តៃវ៉ាន់​ពិតជា​សាទរ​ខ្លាំង​ដែល​រដ្ឋាភិបាល​អាមេរិក​គិតគូរ​សន្តិសុខ​ជាតិ​របស់​តៃវ៉ាន់ និង​បន្ត​ការប្ដេជ្ញាចិត្ត​ក្នុង​ការគោរព​តាមច្បាប់​ស្ដីពី​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ និង​គោលការណ៍​ធានា​៦​ចំណុច​ជុំវិញ​នយោបាយ​របស់​អា​មេ​រិ​ក​មកលើ​តៃវ៉ាន់​។ 
 
​ការលក់​អាវុធ​ពី​សំណាក់​អាមេរិក ធ្វើ​ឲ្យ​តៃវ៉ាន់​សប្បាយចិត្ត ព្រោះ​នឹង​ជួយ​បង្កើន​ទំនុកចិត្ត​របស់​កោះ​មួយ​នេះ ដែល​កំពុង​ប្រឈមមុខ​ចង្កូម​របស់​ចិន​។ ចិន​ដែល​នៅតែ​ចាត់ទុក​តៃវ៉ាន់​ជា​ដែន​កោះ​របស់ខ្លួន​មិនអាច​ផ្ដាច់ចេញ​បាន​នោះ តែងតែ​គំរាម​ប្រើ​អ្នក​ន​យ​យោ​បាយ​តៃវ៉ាន់​ឲ្យ​បោះបង់​គំនិត​ប្រកាស​ឯករាជ្យ  ព្រោះ​ខ្លួន​មិន​រួញរា​ក្នុង​ការប្រើ​កម្លាំង​ដើម្បី​ដណ្ដើម​តៃវ៉ាន់​មក​គ្រប់គ្រង​ឡើងវិញ​ឡើយ​។ ចំណែកឯ​ទំនាក់ទំនង​រវាង​តៃវ៉ាន់ និង​អាមេរិក គឺជា​ចំណុចរសើប​មួយ​សម្រាប់​ក្រុង​ប៉េកាំង​។​
 
​ទោះជា​ផ្ដាច់ចំណង​ការទូត​ផ្លូវការ​ជាមួយ​តៃវ៉ាន់​ក្នុង​ឆ្នាំ​១៩៧២ ក្ដី អាមេរិក​នៅតែ​បន្ត​ទំនាក់ទំនង​ល្អជា​មួយ​តៃវ៉ាន់​ដដែល ហើយ​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​រឹងមាំ​ក្នុង​អាណត្តិ​លោក ដូ​ណា​ល់ ត្រាំ ។ កាលពី​ឆ្នាំ​១៩៨២ ប្រធានាធិបតី​អាមេរិក Ronald Reagan បាន​ដាក់ចេញ​ការធានា​៦​ចំណុច​សម្រាប់​តៃ​វ៉ាប់​ដូចជា​អាមេរិក​សន្យា​មិន​កំណត់​កាលបរិច្ឆេទ​លក់​អាវុធ​ឲ្យ​តៃវ៉ាន់ មុន​ជជែក​ជាមួយ​ចិន​ជាមុន​លើ​ការលក់​អាវុធ​ឲ្យ​តៃវ៉ាន់ មិន​ដើរតួនាទី​សម្រុះសម្រួល​ឲ្យ​តៃវ៉ាន់ និង​ចិន​ជាដើម​៕ 
 

Tag:
 អាមេរិក​
  តៃវ៉ាន់​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com