ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ​ការបរទេស​៖ UN គ្មាន​ប្រវត្តិ​ដក​ប្រទេស​ណាមួយ ចេញពី​សមាជិកភាព​នោះទេ
26, Sep 2018 , 10:34 am        
រូបភាព
លោក កេត សោផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
លោក កេត សោផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក កេ​ត សោផាន់ ហួសចិត្ត ដែល​ឃើញ​ក្រុមខ្លះ លើកឡើងថា អង្គការសហប្រជាជាតិ (UN) នឹង​ព្យួរ​អាសនៈ​កម្ពុជា ឬក៏​ដក​ចេញពី​សមាជិកភាព​។ លោក សង្កត់​ធ្ងន់ថា អង្គការសហប្រជាជាតិ មិនដែល​ដក​សមាជិក​ភាព​របស់​ប្រទេស​ណា​មួ​យ ក្នុង​ប្រ​វត្តិ​របស់ខ្លួន​ឡើយ​។​

 
​តាមរយៈ​សារ​ដែល​បង្ហោះ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក អ្នកនាំពាក្យ​រូបនេះ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​កោតតែ​ថ្មីៗ​នេះ មាន​ជន​អគតិ​មួយចំនួន ខិតខំ​បំពុលបរិយាកាស ដោយ​បំភ្លៃ​ថា អង្គការសហប្រជាជាតិ បាន​ដក​អាសនៈ​របស់​កម្ពុជា​»​។ ទោះជា​មិន​និយាយ​ឲ្យ​ចំ​ក្តី តែ​អ្នក​ដែល​មន្ត្រី​ក្រសួងការបរទេស ចង់​សំដៅ​នោះ គឺ​គ្មាន​អ្នកណា​ផ្សេង​ក្រៅពី​លោក សម រង្ស៊ី និង​អតីត​ក្រុម​អ្នកប្រឆាំង​នោះទេ​។​
 
​បើតាម​លោក កេ​ត សោផាន់ កម្ពុជា មិន​ត្រឹមតែ​មិនត្រូវ​បាន​ដកចេញ​សមាជិកភាព​នោះទេ តែ​នៅ​ធ្វើជា​អនុប្រធាន​នៃ​កិច្ចប្រជុំ​មហាសន្និបាត​អង្គការ​សហ​ប្រជា​តិ​ក្នុងឆ្នាំនេះ​ថែមទៀត​។ លោក រម្លឹកថា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា នឹង​ដឹកនាំ​គណៈប្រតិភូ ទៅ​ចូលរួម​កិច្ចប្រជុំ​លើក​ទី​៧៣ នៃ​មហាសន្និបាត​អង្គការ​សហ​ប្រជា​តិ ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក​។ 

អត្ថបទទាក់ទង
​សម្តេច ហ៊ុន សែន ក៏​ធ្លាប់​ប្រតិកម្ម​ដែរ ចំពោះ​មតិ​របស់​អតីត​អ្នកប្រឆាំង ដែលថា​កម្ពុជា ប្រឈម​នឹង​ការបាត់​សមាជិកភាព​ពី​អង្គការសហប្រជាជាតិ​។ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី នៅ​ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨​កន្លងទៅ មេដឹកនាំ​កម្ពុជា​រូបនេះ បាន​និយាយ​ខ្លាំងៗ​ថា​៖«​រហូតដល់​អ្នកខ្លះ ឃោសនា​ថា មានការ​ព្យួរ​អាស​នៈក​ម្ពុ​ជា​។ អ្នកណា​ក្បាល​ធំ អ្នកណា​ថ្លើមធំ នៅលើ​លោក​នេះ ដែល​ហ៊ាន​ដក​អាសនៈ​កម្ពុជា នៅ​អង្គការសហប្រជាជាតិ​?»​។​
 
​ក្នុង​រយៈកាល​ចុងក្រោយ​នេះ អតីត​ក្រុម​អ្នកប្រឆាំង​នៅក្រៅ​ប្រទេស តែង​អះអាងថា អង្គការសហប្រជាជាតិ នឹង​ទុក​អាសនៈ​កម្ពុជា ឲ្យ​នំ​នេ​រ​។ សម្រាប់​អតីត​អ្នកប្រឆាំង មូលហេតុ ដែល​អង្គការសហប្រជាជាតិ អាច​នឹងធ្វើ​បែបនេះ គឺ​មកពី​រដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៦ កើតចេញពី​ការបោះឆ្នោត​ក្លែងក្លាយ និង​មិនមាន​លក្ខណ​ស្របច្បាប់​៕ 
 

Tag:
 UN
  កេ​ត សោផាន់​
  ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com