នាវេទិកាមហាសន្និបាតអង្គការសហប្រជាតិនៅថ្ងៃអង្គារទី ២៥ ខែកញ្ញា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអួតអាងថាសមិទ្ធផលដែលរដ្ឋបាលលោកសម្រេចបានក្នុងរយៈពេលជិតពីរឆ្នាំមកនេះច្រើនជាងរដ្ឋបាលអាមេរិកមុនៗស្ទើរទាំងអស់។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល មេដឹកនាំពិភពលោកនាំគ្នាសើចហ៊ោរ។
លោក ដូណាល់ ត្រាំ បានបង្ហាញមុខជាថ្មីនៅក្នុងមហាសន្និបាតអង្គការសហប្រជាជានាថ្ងៃអង្គារទី ២៥ ខែកញ្ញា ដោយលោកបានផ្តល់សុន្ទរកថាមួយមានរយៈពេលជាង ៣០នាទីទៅកាន់អង្គមហាសន្និបាតទាំងមូលផង។ មេដឹកនាំអាមេរិករូបនេះបានផ្តោតលើបញ្ហាជាច្រើនដូចជាការរំសាយនុយក្លេអ៊ែរកូរ៉េខាងជើង, បញ្ហាអ៊ីរ៉ង់, វិបត្តិមនុស្សជាតិដូចជាសង្គ្រាមស៊ីរី វេណេស៊ុយអេឡា ក៏ដូចជាការកែទម្រង់រចនាសម្ព័ន្ធស្ថាប័នអន្តរជាតិដូចអង្គការសហប្រជាជាតិជាដើម។
ប្រធានាធិបតីរូបនេះបានផ្តើមសុន្ទរកថារបស់លោកដោយរៀបរាប់ពីសមិទ្ធផលដែលរដ្ឋបាលលោកសម្រេចបានជិតពីរឆ្នាំមកនេះទាំងសេដ្ឋកិច្ច សន្តិសុខ និងការពារជាតិមុនចូលបញ្ហាសាច់ការ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ មេដឹកនាំរូបនេះបានប្រកាសជាចំហថា រដ្ឋបាលលោកសម្រេចបានជោគជ័យ និងសមិទ្ធផលច្រើនស្ទើរតែលើសរដ្ឋបាលប្រធានាធិបតីមុនផង។
«ក្នុងរយៈពេលតិចជាងពីរឆ្នាំមកនេះ រដ្ឋបាលរបស់ខ្ញុំបានសម្រេចសមិទ្ធផលច្រើនជាងបណ្តារដ្ឋបាលមុនៗស្ទើរតែទាំងអស់ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសយើង»។ លោក ត្រាំ និយាយមិនទាន់ចប់ស្រួលបួលផង ស្រាប់តែមេដឹកនាំដែលមានវត្តមានក្នុងសាលប្រជុំនាំគ្នាសើច។
លោក ត្រាំ ប្តូរទឹកមុខ ហើយសើចដូចជាហួសជាមួយគេឯងដែរ និងនិយាយបន្តថា៖«វាជារឿងពិត។ ខ្ញុំមិនគិតថា មានប្រតិកម្មបែបនេះទេ ប៉ុន្តែវាមិនអីទេ»។ មេដឹកនាំក្នុងសាលប្រជុំនាំគ្នាសើចទៀត ហើយទះដៃបន្ទរ។
បន្ទាប់មកទៀត លោក ត្រាំ បានលើកយកបញ្ហាកំណើនសេដ្ឋកិច្ចដែលរីកលូតលាស់មិនធ្លាប់មានពីមុនសោះ គិតចាប់ពីពេលដែលលោកជាប់ឆ្នោត។ លោកអះអាងបន្ថែមថា រដ្ឋបាលលោកសម្រេចបាននូវការបន្ថែមហិរញ្ញវត្ថុរហូតដល់ ១០ទ្រីលានដុល្លារក្នុងសេដ្ឋកិច្ច ហើយទីផ្សារហិរញ្ញវត្ថុឯណោះវិញកើនខ្ពស់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាមេរិកសោះ។ ចំណែកអត្រានិកម្មភាពក៏ថយចុះមិនធ្លាប់មានក្នុងរយៈពេល ៥០ឆ្នាំ ដោយរដ្ឋបាលលោកបង្កើតបានការងារថ្មីៗប្រហែលជា ៤លានកន្លែង។ រីឯអត្រាឥតការងារក្នុងចំណោមប្រជាជនអាមេរិកកំណើតអាហ្វ្រិក, អាស៊ី និងឡាទីនក៏ធ្លាក់ចុះទាបដូចគ្នា។
ក្រៅពីសេដ្ឋកិច្ច មេដឹកនាំអាមេរិកខាងលើក៏បានលើកយកគោលនយោបាយកែទម្រង់ប្រព័ន្ធពន្ធអាករ និងចាប់ផ្តើមកសាងជញ្ជាំងព្រំដែនដែលទប់ស្កាត់ជនអន្តោរប្រវេសន៍ និងធានាបានសន្តិសុខព្រំដែនបានល្អប្រសើរ។
រឿងយោធាវិញ លោក ត្រាំ បានលើកឡើងថា យោធាអាមេរិកាន់តែខ្លាំងជាងពេលណាៗទាំងអស់ ហើយអាមេរិកបន្តវិនិយោគលើវិស័យនេះ។ ជាក់ស្តែងលោកលើកឧទាហរណ៍ថា កញ្ចប់ថវិកាការពារដែលរដ្ឋបាលលោកបានកំណត់សម្រាប់ឆ្នាំនេះដែលមានទំហំច្រើនរហូតដល់ ៧០០ពាន់លានដុល្លារ ហើយនៅឆ្នាំក្រោយថវិកានេះនឹងកើនដល់ ៧១៦ពាន់លានដុល្លារឯណោះ។
«យោធារបស់យើងនឹងកាន់តែមានអំណាចខ្លាំងជាងពេលណាៗទាំងអស់។ អាចនិយាយបានម្យ៉ាងទៀតថា អាមេរិកកាន់តែខ្លាំង, មានសុវត្ថិភាពជាងមុន និងកាន់តែមានជាងមុនចាប់ពីពេលដែលខ្ញុំចូលកាន់តំណែងក្នុងរយៈពេលតិចជាងពីរឆ្នាំមកនេះ»។ លោក ត្រាំ បញ្ជាក់។
សូមបញ្ជាក់ថា លោក ត្រាំ បានថ្លែងសុន្ទរកថានេះទៅកាន់កិច្ចពិភាក្សាកម្រិតខ្ពស់នាអង្គមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លើកទី៧៣ នាទីក្រុងញូវយ៉ក។ មេដឹកនាំពិភពលោកជាប្រមុខរដ្ឋ ៧១រូប និងប្រមុខរដ្ឋាភិបាល ៤៧ រូប រួមជាមួយរដ្ឋមន្ត្រីការបរទេសជាច្រើនរូបផ្សេងទៀតត្រូវមានវត្តមានក្នុងវេទិកានេះដែរ៕