ភ្នំពេញ៖ រដ្ឋាភិបាល បានសម្រេចដាក់ចេញវិធានការ៣ចំណុច ដើម្បីបង្កើនឱកាសច្នៃប្រឌិត លើវិស័យទេសចរណ៍ ឲ្យស្របតាមបែបបច្ចេកវិទ្យាឌីជីថល (Tourism and the Digital Transformation) ។សម្រាប់រដ្ឋាភិបាល កម្ពុជា គឺជាប្រទេសមានសក្តានុពលខ្ពស់ក្នុងការទាញយកប្រយោជន៍ ពីបដិវត្តឧស្សាហកម្មទី៤នេះ។ បណ្ដាប្រទេសទូទាំងពិភពលោក បានប្រារព្វទិវាទេសចរណ៍ពិភពលោក នៅថ្ងៃទី២៧ កញ្ញានេះ ក្រោមប្រធានបទ «វិស័យទេសចរណ៍ និងនិន្នាការផ្លាស់ប្ដូរទៅរកប្រព័ន្ធឌីជីថល»។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានត្រៀមលក្ខណៈសម្បត្តិហើយ ក្នុងការសម្របខ្លួន នឹងបដិវត្តឧស្សាហកម្មទី៤ ដែលកំពុងបង្ហាញពីការរីកចម្រើននៃបច្ចេកវិទ្យានៅក្នុងពិភពលោក និងបានជះឥទ្ធិពលយ៉ាងខ្លាំងលើការកំណត់ឡើងវិញ នូវកត្តាផលិតកម្ម ឥរិយាបទប្រើប្រាស់ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដែលក្នុងនោះរួមមាន ការប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសប្បនិមិត្ត(AI) ការប្រើប្រាស់មនុស្សយន្ត (Robot) ការបោះពុម្ភ 3D ជាដើម។
ប្រមុខរដ្ឋាភិបាល ទទួលស្គាល់ថា បច្ចេកវិទ្យាទាំងនេះ បានធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាងលឿន ដែលមិនធ្លាប់មានពីមុនមក ក្នុងវិស័យផលិតកម្ម អប់រំ សុខាភិបាល ទីផ្សារការងារ ពាណិជ្ជកម្មទេសចរណ៍ ធុរកិច្ច រដ្ឋបាលសាធារណៈ និងបច្ចេកវិទ្យា។
ទន្ទឹមនឹងការមើលឃើញពីភាពវិជ្ជមាន នៃបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍នេះ រដ្ឋាភិបាល ក៏មានការក្តីកង្វល់ចំពោះបដិវត្តឧស្សាហកម្មទី៤នេះ ដែលនាំមកនូវបញ្ហាប្រឈមមួយចំនួនសម្រាប់កម្ពុជា ដូចជាការបាត់បង់ការងារ ការទាមទារឲ្យមនុស្សមានការអប់រំ និងជំនាញខ្ពស់ ការទទួលបាននូវផលប្រយោជន៍កាន់តែមិនស្មើគ្នា ទាំងផ្នែកចំណេះដឹង និងបច្ចេកវិទ្យា ឧក្រិដ្ឋកម្ម ឬបទល្មើសពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មាន ដែលអាចប៉ះពាល់ដល់សន្តិសុខជាតិ និងសន្តិសុខតំបន់ទាំងមូល និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត (Cyber Security) ។
ដូច្នេះដើម្បីចាប់យកការអភិវឌ្ឍជាវិជ្ជមាន និងកាត់បន្ថយកង្វល់ ដែលធានាឲ្យបាននូវទស្សនទាន «បច្ចេកវិទ្យាទំនើបសម្រាប់វិស័យទេសចរណ៍/ វិស័យទេសចរណ៍សម្រាប់បច្ចេកវិទ្យាទំនើប» ឬអាចហៅបានថា «ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពវៃឆ្លាត» នេះ សម្ដេច ហ៊ុន សែន បានសម្រេចអនុវត្តនូវវិធានការ៣ចំណុចរួមមាន៖ ចំណុចទី១ ការផ្សារភ្ជាប់ចក្ខុវិស័យទេសចរណ៍ ឆ្នាំ២០៣០ រួមជាមួយបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងបរិយាប័ន្ន ដោយផ្អែកលើយុទ្ធសាស្ត្ររដ្ឋាភិបាលអាណត្តិទី៦ ព្រមទាំងរួមបញ្ចូលកម្មវិធីអភិវឌ្ឍន៍សំខាន់ៗ លើផ្នែកបច្ចេកវិទ្យាការអភិវឌ្ឍធនធានមនុស្ស ក្នុងឧស្សាហកម្មទេសចរណ៍ សំដៅធានាឲ្យបានថា «ការប្រើប្រាស់នវានុវត្តន៍ និងភាពជឿនលឿនបច្ចេកវិទ្យា និងផ្ដល់ឲ្យវិស័យទេសចរណ៍នូវកាលានុវត្តភាព ដល់ការលើកកម្ពស់ប្រសិទ្ធភាពក្នុងវិស័យទេសចរណ៍។ ការជំរុញបរិយាប័ន្នភាពក្នុងឧស្សាហកម្មទេសចរណ៍ ការលើកកម្ពស់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន និងការគ្រប់គ្រងធនធានប្រកបដោយប្រសិទ្ធភាព និងការចូលរួមសម្រេចបាននូវរបៀបវារៈផ្សេងៗទៀត នៃការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ និងត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិ ១៥លាននាក់ នៅឆ្នាំ២០៣០។
ចំណុចទី២ រៀបចំកម្មវិធីពង្រឹងសមត្ថភាពមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈការលើកកម្ពស់ជាគុណភាពនៃការអប់រំកម្រិតខ្ពស់ ការបណ្ដុះបណ្ដាលជំនាញពាក់ព័ន្ធនឹងឧស្សាហកម្មទេសចរណ៍ ឲ្យស្របតាមនិន្នាការនៃការរីកចម្រើនបច្ចេកវិទ្យា និងឌីជីថលូបនីយកម្ម និងទី៣ លើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងឧស្សាហកម្មទេសចរណ៍ ពង្រឹងនូវសមត្ថភាពសហគ្រិនភាព ក្នុងការរៀបចំគំរូធុរកិច្ច បង្កើតការងារថ្មី និងតម្រង់ទិសថ្មីរបស់សេដ្ឋកិច្ចឌីជីថល នាពេលអនាគត សម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា។
លិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អបអរទិវាទេសចរណ៍ពិភពលោក បានសរសេរដូច្នេះថា៖ «កម្ពុជាជាប្រទេសមានសក្តានុពលខ្ពស់ ក្នុងការចាប់យកនូវប្រយោជន៍ ដែលកើតចេញពីបដិវត្តឧស្សាហកម្មជំនាន់ទី៤ សម្រាប់វិស័យទេសចរណ៍កម្ពុជា ដោយហេតុថា ១. ភាគលាភប្រជាសាស្ត្រ ដោយសារការកើនឡើងនូវចំនួនយុវជនមានចំណេះដឹង និងនិន្នាការចាប់យកបច្ចេកវិទ្យាឌីជីថលលឿន។ ២. ការកើនឡើងនឿននៃការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទចល័ត និងទូស័ព្ទវៃឆ្លាតជាមួយអត្រាប្រើប្រាស់ទូរស័ព្ទដៃខ្ពស់។
៣. លំហូរនៃការវិនិយោគក្រៅប្រទេសដែលនាំមកនូវបច្ចេកវិទ្យា។ ៤. ឌីជីថលរូបនីយកម្ម បាននិងកំពុងរីកចម្រើនស្ទើរគ្រប់វិស័យសេដ្ឋកិច្ចសំខាន់ៗ តួយ៉ាងដូចជាពាណិជ្ជកម្មអេឡិចត្រូនិក ស្របពេលដែលភ្ញៀវទេសចរកំពុងសម្របខ្លួនជាបណ្ដើរៗ ក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យាទាំងនេះ»។
ប្រមុខរដ្ឋាភិបាល រំពឹងថា ចំណុចខាងលើនេះ នឹងជះឥទ្ធិពលវិជ្ជមាន ដល់ការរីកចម្រើននៃវិស័យទេសចរកម្ពុជា លើគ្រប់ទិដ្ឋភាពរាប់ទាំងការគ្រប់គ្រង ការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ជាដើម។
បច្ចុប្បន្ននេះ ឌីជីថលរូបនីយកម្ម បានក្លាយទៅជាកាលីករកំណើនថ្មីមួយ តាមរយៈការបង្កើនផលិតផល និងប្រសិទ្ធភាពការងារ និងអនុញ្ញាតឲ្យសហគ្រាសធុនតូច និងមធ្យម មានលទ្ធភាពផ្សារភ្ជាប់ទៅនឹងច្រវ៉ាក់ផលិតកម្មតំបន់ និងពិភពលោក។ ជាពិសេសស្វែងរកនវានុវត្តន៍ភាំពនៅក្នុងទំនិញ ឬសេវាកម្មថ្មីៗ និងឲ្យអនុញ្ញាតឲ្យប្រទេសដែលអភិវឌ្ឍន៍តិចតួច ឬមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍អាចចាប់យកបច្ចេកទេសវិទ្យាថ្មីៗ ដើម្បីមានឱកាសអាចហក់ឡើង រំលងឧស្សាហកម្មបែបប្រពៃណី ចូលក្នុងឧស្សាហកម្មបែបទំនើបនេះ។
ទិវាទេសចរណ៍ពិភពលោក គឺជាព្រឹត្តិការណ៍មួយ ដែលជំរុញភាគីពាក់ព័ន្ធនានា រួមមាន ផ្នែកសាធារណៈ ផ្នែកឯកជន ដៃគូអភិវឌ្ឍន៍ អង្គការ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ឲ្យកាន់តែយល់ច្បាស់អំពីតួនាទី និងអត្ថប្រយោជន៍ទេសចរណ៍ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន៕