ម្ជូរ​ដើម​ចេក​អ្នក​ពោធិ៍សាត់ ផ្អកត្រីប្រៃ​អ្នក​បន្ទាយមានជ័យ បង្អែម​ចេកខ្ទិះ​អ្នក​តាកែវ ជាប់​លេខ​១
ជាតិ
ម្ជូរ​ដើម​ចេក​អ្នក​ពោធិ៍សាត់ ផ្អកត្រីប្រៃ​អ្នក​បន្ទាយមានជ័យ បង្អែម​ចេកខ្ទិះ​អ្នក​តាកែវ ជាប់​លេខ​១
26, Sep 2018 , 11:50 am        
រូបភាព
ដោយ: រួបរួម
​គណៈកម្មការ​មេ​ប្រយោគ​មហោស្រព​ដណ្តាំ​ស្ល​ម្លូ​ប​អាហារ​ខ្មែរ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានប្រកាស​លទ្ធផល​នៃ​ជ័យលាភី​មុខ​ម្ហួ​ប នា​មហោស្រព​ដណ្តាំ​ស្ល​ម្ហូបអាហារ​ខ្មែរ​លើក​ទី​១៩ ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​ថ្ងៃទី​២២-២៣ ខែកញ្ញា កន្លងមក​។ អបអរសាទរ ម្ជូរ​ដើម​ចេក​អ្នក​ពោធិ៍សាត់ ផ្អកត្រីប្រៃ​អ្នក​បន្ទាយមានជ័យ បង្អែម​ចេកខ្ទិះ​អ្នក​តាកែវ ដែល​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ នៅតាម​ផ្នែក​នីមួយៗ​។​

 
​លទ្ធផល​ជ័យលាភី ដែល​ប្រកាស​ដោយ​លោកស្រី នេ​ត ភូ​ម៉ា​រី ប្រធាន​គណៈកម្មការ​មេ​ប្រយោគ​មហោស្រព​ដណ្តាំ​ស្ល​ម្លូ​ប​អាហារ​ខ្មែរ លើក​ទី​១៩ ឆ្នាំ​២០១៨ បានបង្ហាញ​ឲ្យ​ឃើញថា ផ្នែក «​ម្ហូប​សម្លម្ជូរ​ដើម​ចេក​»  ខេត្តពោធិ៍សាត់​ជាប់​លេខ​មួយ ជាមួយនឹង​ឈ្មោះ​ម្ហូប «​ម្ជូរ​ដើម​ចេក​ប្រឡែង​មច្ឆា​តម្រា​សំពៅ​មាស​» លេខ​ពីរបាន​ទៅលើ «​ម្ជូរ​ដើម​ចេក​ត្រី​រ៉ស់​ស្រណោះ​ត្នោត​ទេ​មាត់បឹង​» ពី​ខេត្តស្វាយរៀង និង​លេខ​បី បាន​ទៅលើ «​ម្ជូរ​ដើម​ចេក​ព្រែក​ស្វាយ​ម្លប់​ស្នេហ៍​ត្រពាំងរូង​»​។​
 
​ចំណែក «​ម្ហូប​ពិសេស​ប្រចាំ​តំបន់​» ឯណោះ​វិញ «​ផ្អកត្រីប្រៃ​ស្នាដៃ​យាយ​រវៃសូត្រ​» របស់​ខេត្តបន្ទាយមានជ័យ ជាប់​លេខ​មួយ ម្ហូប «​ប្រោះស្វា​ភ្នំស្រួច​លួច​ស្នេហ៍​ប្រហុក​» របស់​អ្នក​កំពង់ស្ពឺ ជាប់​លេខ​ពីរ រីឯ «​ឆា​គ្រឿង​ឈ្ងុយ​ឈ្ងប់​ម្លប់​ពោធិ៍​ជើង​» របស់​អ្នក​ត្បូងឃ្មុំ បាន​លេខ​បី​។​
 
​សម្រាប់​ផ្នែក​បង្អែម​វិញ «​ចេកខ្ទិះ​ម្លិះ​ស្នេហ៍​នាង​ខ្មៅ​» របស់​អ្នក​តាកែវ ជាប់​ជ័យលាភី​លេខ​១ ដោយ​នាំមុខ «​ចេក​ខ្ទិះ​ចេក​នាង​លាក់​» របស់​អ្នក​រាជធានី​ភ្នំពេញ និង «​ចេក​ខ្ទះ​ទឹកចិត្ត​នា​ងក​ន្ទ​ន់​» របស់​អ្នក​ខេត្តព្រះវិហារ​។​
 
​បើតាម​គណៈកម្មការ​មេ​ប្រយោគ លក្ខណៈវិនិច្ឆ័យ​ផ្អែកទៅលើ​រសជាតិ​ឆ្ងាញ់​ពិសា សោភណភាព​ដែលមាន​ការរៀបចំ និង​មុខម្ហូប​ល្អ​ប្រណិត រួមទាំង​សិល្បៈ​ដណ្តាំ​ស្ល ដែល​មានការ​ប៉ិនប្រសប់ និង​អនាម័យ​ល្អ​៕
 

Tag:
 ​ម្ហូបអាហារ
© រក្សាសិទ្ធិដោយ thmeythmey.com