អន្តរជាតិ
លោក ត្រាំ ថា អាមេរិកនឹងផ្ដល់ជំនួយឲ្យប្រទេសណាជាសម្ព័ន្ធមិត្តខ្លួនប៉ុណ្ណោះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែងក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (រូបភាព AFP)
× នាវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២៥ ខែកញ្ញា បានប្រកាសថា លោកបានបញ្ជាឲ្យរដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុមប៉េអូ ពិនិត្យការផ្ដល់ជំនួយរបស់អាមេរិកទៅកាន់បរទេស។ មូលហេតុដែលលោក ត្រាំ បញ្ជាបែបនេះ គឺដោយសារជំនួយរបស់អាមេរិកនាពេលកន្លងមកមានទំហំសន្ធឹកសន្ធាប់ តែប្រទេសតិចតួចណាស់ដែលបានជួយអាមេរិកវិញ។
ចំពោះមុខមេដឹកនាំបណ្ដាប្រទេសតូចធំក្នុងកិច្ចប្រជុំលើកទី៧៣ មហាសន្និបាតអង្គការសហប្រជាជាតិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមផ្ដាច់ជំនួយឲ្យប្រទេសណាដែលមិនជួយអាមេរិកវិញ។ ជាមួយនឹងកាអះអាងថា អាមេរិកជាប្រទេសផ្ដល់ជំនួយធំជាងគេរបស់ពិភពលោក លោក ត្រាំ បានបង្ហាញការអាក់អន់ចិត្តព្រោះមានប្រទេសមិនច្រើនឡើយដែលបានជួយអាមេរិកវិញនោះ។ តែលោកមិនបាននិយាយថា ជួយតាមរបៀបណាឡើយ។
ក្នុងសុន្ទរកថាជាង៣០នាទី លោក ត្រាំ បាននិយាយពីប្រធានបទសំខាន់ជាច្រើន ជាពិសេសនយោបាយដែលគិតពីប្រយោជន៍របស់អាមេរិកមុនគេ និងការរក្សាតួនាទីរបស់អាមេរិកក្នុងនាមជាមហាអំណាច។ ដោយសារតែមិនពេញចិត្តប្រទេសដែលមិនជួយអាមេរិកវិញ លោក ត្រាំ ក៏ប្រកាសរឹតបន្តឹងការផ្ដល់ជំនួយបរទេស។ លោកបានចាត់ឲ្យរដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុមប៉េអូ ដឹកនាំកិច្ចការត្រួតពិនិត្យជំនួយឡើងវិញ។
«យើងនឹងគិតគូរអ្វីដែលបានផល អ្វីដែលមិនបានផល ហើយថា តើប្រទេសដែលទទួលលុយដុល្លាររបស់យើង និងការការពាររបស់យើង មានបានគិតគូរពីប្រយោជន៍របស់យើងក្នុងបេះដូងពួកគេឬទេ។» នេះជាលើកឡើងរបស់មេដឹកនាំប្រទេសមហាអំណាចដ៏ធំរបស់ពិភពលោក ដែលបន្ថែមថា ចាប់ពីពេលនេះ អាមេរិកនឹងផ្ដល់ជំនួយដល់ប្រទេសដែលគោរពអាមេរិក ហើយបើនិយាយឲ្យត្រង់ គឺមិត្តអាមេរិកតែប៉ុណ្ណោះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
យោងតាមរបាយការណ៍របស់អង្គការ The Borgen Project ដែលធ្វើការលើការប្រយុទ្ធប្រឆាំងភាពក្រីក្រសាកល ប្រទេសដែលទទួលជំនួយអាមេរិកធំជាងគេក្នុងឆ្នាំ២០១៨ គឺអ៊ីស្រាអែលចំនួន៣.១ពាន់លានដុល្លារ អេហ្ស៊ីបចំនួន១.៣៩ពាន់លានដុល្លារ និងហ្ស៊កដានីចំនួន១ពាន់លានដុល្លារ។ ប្រទេសទាំងនេះសុទ្ធតែជាសម្ព័ន្ធមិត្តសំខាន់ៗរបស់អាមេរិក។
តាំងពីដើមមក រដ្ឋបាលលោក ត្រាំ មិនដែលលាក់លៀមឡើយរឿងជំនួយបរទេសនេះ ហើយតែងតែចង់ឲ្យប្រទេសដែលទទួលជំនួយខ្លួនធ្វើអ្វីតបស្នងវិញដែរ។ កាលពីខែធ្នូ ឆ្នាំ២០១៧ ពេលដែលមហាសន្និបាតអង្គការសហប្រជាជាតិបោះឆ្នោតថ្កោលទោសអាមេរិករឿងប្ដូរស្ថានទូតទៅកាន់ហ្ស៊េរុយសាឡិមនោះ អាមេរិកបានគំរាមកត់ឈ្មោះប្រទេសដែលបោះឆ្នោតគាំទ្រ ដើម្បីចាត់វិធានការផ្សេងទៀតរាប់ទាំងរដ្ឋទទួលជំនួយអាមេរកផង៕
Tag:
អាមេរិក
ដូណាល់ ត្រាំ
UNGA
© រក្សាសិទ្ធិដោយ thmeythmey.com