ជាតិ
នយោបាយជាតិ
ប្រមុខរដ្ឋស្តីទីតែងតាំងទីប្រឹក្សារដ្ឋាភិបាល២០៧នាក់ ក្នុងនោះបរទេស១០នាក់
× ប្រមុខរដ្ឋស្តីទីសម្តេច សាយ ឈុំ បានចុះហត្ថលេខាកាលពីថ្ងៃទី២២ ខែកញ្ញា លើព្រះរាជក្រឹត្យតែងតាំងទីប្រឹក្សារាជរដ្ឋាភិបាលចំនួន២០៧នាក់សម្រាប់អាណត្តិទី៦នេះ។ ក្នុងចំណោមទីប្រឹក្សាទាំង២០៧រូប មាន៣រូបឋានៈស្មើឧបនាយករដ្ឋមន្ត្រី ១៣រូបឋានៈស្មើទេសរដ្ឋមន្ត្រី ៦៣រូបឋានៈស្មើរដ្ឋមន្ត្រី ៤៥រូបឋានៈស្មើរដ្ឋលេខាធិការ និង៨៣រូបឋានៈស្មើអនុរដ្ឋលេខាធិការ។ ជាមួយគ្នានេះ ក៏មានឥស្សរជនជាជនជាតិបរទេស១០រូបផងដែរ។
ចំនួនទីប្រឹក្សារដ្ឋាភិបាល កើនឡើងចំនួន១៦០នាក់ បើប្រៀបធៀបទៅនឹងការតែងតាំងដំបូងកាលពីអណត្តិទី៥ នាឆ្នាំ២០១៣ ដែលមានចំនួនតែ៤៧នាក់ប៉ុណ្ណោះ។ សម្រាប់អណត្តិនេះ លោក ឯក សំអុល មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី ដូចលោក ហេង វង្សប៊ុនឆាត និងលោក ណាឌី តាន់។
លោក ទា ចំរ៉ាត់ ស្ថិតក្នុងទីប្រឹក្សា១៣រូប ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី រីឯឥស្សរជនផ្សេងទៀតរួមមាន លោក ង៉ែត បូរី លោក ប៉ែន ថុល លោក ព្រហ្ម ញាណវិចិត្រ លោក ថោ ប៉េងលាត លោក ប៊ុន អ៊ុយ លោកស្រី លី វួចឡេង លោក ស៊ន សំណាង លោក សុក ស៊ីផាន់ណា លោក ព្រំ ម៉ល់ លោក សេង លឹមនៅ លោក ប៊ុន សម និងលោក រស់ សម័យ។
ក្នុងចំណោមទីប្រឹក្សា៦៣រូប ដែលមានឋានៈស្មើរដ្ឋមន្ត្រី មានស្ត្រីចំនួន៥រូប ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ ទីប្រឹក្សាជាជនបរទេសមានចំនួន១០រូប។ ទីប្រឹក្សាបរទេសទាំងនោះ មានដូចជា លោក ហារុហ៊ីសា ហាន់ដា ( Haruhisa Handa-ជប៉ុន), លោក អាស៊ីឌីន បេឆាអ៊ូជ (Azedine Beschaouch-ទុយនីស៊ី) លោក ក្លូត ហ្គួរ (Claude Gour-បារាំង) លោក ប្រេតតុន ស្ការូន្នី (Bretton Sciaroni-អាមេរិក) លោក រ៉ាអ៊ូល ម៉ាក ជេណា (Raoul Marc Jennar-បែលហ្ស៊ិក) លោក អាឡាំង បេនីស៊ី (Alain Benicy) លោកស្រី ហេឡិន ចាវីស (Helen Jarvis-អូស្ត្រាលី) លោក ចេន លីបគង់ (Chen Lip Keong-ម៉ាឡេស៊ី) លោក តេរូអូ ជីនណៃ (Teruo Junnai)។
លោក ចន ជី រាយស៍ (John G Rice-អាមេរិក) និង លោក យ៉ាម៉ាដា យ៉ូស៊ីតាកា (Yamada Yoshitaka-ជប៉ុន) ស្ថិតក្នុងចំណោមទីប្រឹក្សា៤៥រូបដែលមានឋានៈស្មើរដ្ឋលេខាធិការ ប៉ុន្តែពួកលោកមិនទទួលប្រាក់បៀវត្សឡើយ ពោលគឺដូចជាលោក Haruhisa Handa និង លោក Azedine Beschaouch។
រីឯទីប្រឹក្សាដែលមានឋានៈស្មើអនុរដ្ឋលេខាធិការចំនួន៨៣រូប ភាគច្រើនជាមន្ត្រីជាន់ខ្ពស់ដែលធ្លាប់បម្រើការនៅតាមស្ថាប័នក្រសួង និងថ្នាក់ខេត្តនានា៕
© រក្សាសិទ្ធិដោយ thmeythmey.com