ជាតិ
សេដ្ឋកិច្ច
អគ្គរដ្ឋទូត៖ មុនចាកចេញ ខ្ញុំព្យាយាមកសាងទំនាក់ទំនងអាមេរិក-កម្ពុជា ពិសេសផ្នែកសេដ្ឋកិច្ច
× ភ្នំពេញ៖ លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងថា ក្នុងអំឡុងពេលចុងក្រោយនៃអាណត្តិរបស់លោកនៅកម្ពុជា លោកនឹងបន្តព្យាយាមកសាងទំនាក់ទំនងអាមរិក និងកម្ពុជា ពិសេសផ្នែកសេដ្ឋកិច្ច។ លោកលើកឡើងដូច្នេះមុខអ្នកកាសែតនាកម្មវិធីស្ដីពីឱកាសធ្វើធុរកិច្ចក្នុងវិស័យកសិកម្មនៅកម្ពុជា នៅថ្ងៃទី២៦ខែកញ្ញានេះ។
ប្រសាសន៍លោក William Heidt ជាភាសាអង់គ្លេស៖
«ខ្ញុំមិនដឹងថាខ្ញុំត្រូវចាកចេញនៅពេលណាទេ ដូចនេះរហូតដល់ពេលខ្ញុំចាកចេញ ពួកយើងនឹងបន្តព្យាយាមកសាងទំនាក់ទំនងអាមេរិក និងកម្ពុជា ជាពិសេសផ្នែកសេដ្ឋកិច្ច»។ លោក William Heidt មានប្រសាសន៍ដូចនេះ។
ទោះយ៉ាងណាលោក William Heidt មិនទាន់ដឹងថាឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិក នឹងត្រូវចូលមកបំពេញភារកិច្ចជំនួសលោកនៅកម្ពុជា នៅពេលណានោះឡើយ ដោយត្រូវរង់ចាំការអនុម័តពីព្រឹទ្ធសភាអាមេរិក។
ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតអាមេរិករូបនេះ បញ្ជាក់ថា ស្ថានទូតអាមេរិកទាំងអស់មានភារកិច្ចដ៏សំខាន់ គឺស្វែងរកផលប្រយោជន៍ជូនប្រទេស និងអ្នកវិនិយោគរបស់ខ្លួន។ លោកថ្លែងដូច្នេះថា៖«ទូតអាមេរិកទាំងអស់មានតួនាទីចម្បងផ្ដោតសំខាន់ទៅលើការលើកកម្ពស់ផលិតផល ការនាំចេញ និងក្រុមហ៊ុនអាមេរិក»។
គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូ ណាល់ត្រាំ នៅខែសីហាឆ្នាំនេះ បានដាក់សំណើទៅព្រឹទ្ធសភាអាមេរិក ដើម្បីតែងតាំងលោក W. Patrick Murphy ចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ជំនួសលោក William Heidt ដែលកំពុងកាន់តំណែងសព្វថ្ងៃ៕
Tag:
William Heidt
ទូតអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com