ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានព្យាករណ៍ថាកម្ពុជាបន្តរក្សាកំណើនសេដ្ឋកិច្ចរឹងមាំ ៧ភាគរយ សម្រាប់ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ដោយសារភាពល្អប្រសើរនេះ ការនាំចេញ និងតម្រូវការក្នុងស្រុក។ ប៉ុន្តែទោះយ៉ាងណា ADB បារម្ភថា កំណើនប្រាក់ឈ្នួលដ៏ឆាប់រហ័ស ដោយពុំមានកំណើនផលិតភាព អាចបង្កជាហានិភ័យក្នុងស្រុកចម្បងមួយ ដែលអាចប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយប្រទេសដទៃដែលបន្តពឹងអាស្រ័យ លើកកម្លាំងពលកម្មដែលមានថ្លៃឈ្នួលទាប។
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប ផ.ស.ស) របស់កម្ពុជា នឹងបន្តរក្សាកំណើនរឹងមាំ ក្នុងឆ្នាំ២០១៨ ជាមួយនឹងការរំពឹងទុកថា ការនាំចេញ និងការប្រើប្រាស់ក្នុងស្រុក នឹងមានលទ្ធផលល្អប្រសើរ។
ការធ្វើបច្ចុប្បន្នភាពរបាយការណ៍ពិសេសរបស់ខ្លួន ដែលមានឈ្មោះថា«ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី(ADO) ឆ្នាំ២០១៨» ADBព្យាករណ៍ថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចប្រមាណ ៧,០% សម្រាប់ឆ្នាំ២០១៨ និង២០១៩ ខណៈពេលដែលសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍភាគច្រើននៅអាស៊ី នៅបន្តកំណើនថេរ ហើយប្រទេសឧស្សាហកម្មធំៗ មានភាពរឹងមាំកម្រិតមធ្យម។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា លោកស្រី Sunniya Durrani-Jamal នាយកADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បន្តកើនឡើងក្នុងល្បឿនដ៏រឹងមាំ ដោយសារតែមានការជំរុញពីកំណើនការនាំចេញដ៏រឹងមាំ ការកើនឡើងនៃចំនួនភ្ញៀវទេសចរ តម្រូវការក្នុងស្រុកមានសន្ទុះខ្លាំងក្លា និងការពង្រីកគោលនយោបាយសារពើពន្ធ។ តែបើតាមលោកស្រី Sunniya Durrani-Jamal កំណើនប្រាក់ឈ្នួលដ៏ឆាប់រហ័ស ដោយពុំមានកំណើនផលិតភាព អាចបង្កឱ្យមានហានិភ័យក្នុងស្រុកចម្បងមួយ ដែលអាចប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយប្រទេសដទៃ ដែលបន្តពឹងអាស្រ័យ លើកកម្លាំងពលកម្មដែលមានថ្លៃឈ្នួលទាប។
តាមប្រកាសព័ត៌មានដដែល ការនាំចេញទំនិញ កើនឡើង១៣,៣% ឯការនាំចូលទំនិញ កើនឡើង ២៥,៧% ដោយសារតម្រូវការក្នុងស្រុកខ្ពស់ក្នុងឆមាសទីមួយ ឆ្នាំ២០១៨។ ឱនភាពគណនីចរន្ត ដោយមិនរាប់បញ្ចូលជំនួយឥតសំណងពីបរទេស ត្រូវបានរំពឹងថាកើនឡើងដល់ ១២,១% នៃផលិតផលក្នុងស្រុកសរុប(ផ.ស.ស)នៅឆ្នាំនេះ ពោលគឺកើនពី ១០,៩% ក្នុងឆ្នាំ ២០១៧ ប៉ុន្តែគេរំពឹងថា ឱនភាពនេះ នឹងថយចុះមកវិញ នៅឆ្នាំក្រោយ។ នេះបើតាមប្រកាសព័ត៌មានរបស់ ADB។
ទោះយ៉ាងណា ការព្យាករណ៍ចុងក្រោយនេះរបស់ ADB នៅតែលើសកម្រិតព្យាករណ៍ក្នុងរបាយការណ៍ ADO កាលពីខែមេសា ដែលបានប៉ាន់ប្រមាណ ឱនភាពគណនីចរន្ត ក្នុងកម្រិត ១១,១% នៃផផលិតផលក្នុងស្រុកសរុប ក្នុងឆ្នាំ២០១៨ និង១០,៨% ក្នុងឆ្នាំ២០១៩។ បើតាម ប្រកាសព័ត៌មានដដែល វិស័យទេសចរណ៍ បានបន្តកើនឡើងដែលមួយផ្នែកធំ ដោយសារកំណើនចំនួនភ្ញៀវទេសចរមកពីប្រទេសចិន។
ជញ្ជីងទូទាត់ជារួម នឹងនៅបន្តរក្សាអតិរេក ដោយសារតែលំហូររឹងមាំនៃការវិនិយោគដោយផ្ទាល់ពីបរទេស ដែលនាំឱ្យមានការបន្តការកើនឡើងនូវទុនបម្រុងបរទេសបន្ថែមទៀត គឺពី ៩,១ ពាន់លានដុល្លារក្នុងខែកក្កដា ឆ្នាំ២០១៨ រហូតដល់ប្រមាណជា ១០ពាន់លានដុល្លារ នៅចុងឆ្នាំ២០១៨ ដែលអាចរ៉ាប់រងចំណាយសម្រាប់ការនាំចូលបានរយៈពេល ៦ខែ។ ADB បានបញ្ជាក់ដូច្នេះនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន។
បើទោះជាកំណើនសេដ្ឋកិច្ចមានភាពរឹងមាំក៏ដោយ អត្រាអតិផរណាបានថមថយមកវិញ ដោយគិតជាមធ្យម ស្ថិតក្នុងកម្រិត ២,៤% នៅក្នុងរយៈពេល ៦ដំបូង ក្នុងឆ្នាំ២០១៨ គឺថយចុះពី៣,៤% រយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែកំណើនក្នុងកម្រិតទាប នៃតម្លៃស្បៀងអាហារ។ មានការព្យាករណ៍ថា អត្រាអតិផរណាគិតជាមធ្យម នឹងមានកម្រិត២,៦% នៅឆ្នាំនេះ ហើយនឹងកើនឡើងដល់ប្រមាណ ៣,០% នៅឆ្នាំក្រោយ។
ការកើនឡើងចំណាយរបស់រដ្ឋាភិបាល តាមរយៈការបង្កើនការវិនិយោគសាធារណៈ និងបៀវត្សរ៍សម្រាប់វិស័យសាធារណៈ ក៏បានជួយរុញច្រានកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៨ដែរ។ នេះបើតាម ADB ដែលបានបន្តទៀតថា ចំណូលក្នុងរយៈពេល៦ខែដំបូង ក្នុងឆ្នាំ២០១៨ ស្មើនឹង៥៣,៣% នៃផែនការថវិកាសម្រាប់ឆ្នាំនេះ។ ក្នុងពេលជាមួយគ្នា ចំណាយមានត្រឹមតែ ៣៤,៥% តែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ បទពិសោធន៍កន្លងមកបង្ហាញថា ចំណាយមានការកើនឡើងនៅចុងឆ្នាំ។ គេរំពឹងថា ឱនភាពសារពើពន្ធនៅឆ្នាំនេះ នឹងកៀកទៅនឹងផែនការថវិកា ពោលគឺប្រហាក់ប្រហែលនឹង ៥,១% នៃ ផលិតផលក្នុងស្រុកសរុប។ សេចក្តីប្រកាសព័តមានរបស់ ADB បញ្ជាក់ដូច្នេះ៕