ជាតិ
សេដ្ឋកិច្ច
ក្រសួង កំពុង​សិក្សា​ការប្រមូល​ចំណូល​សារពើពន្ធ ពី​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​
26, Sep 2018 , 8:59 pm        
រូបភាព
រូបពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រូបពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
​ភ្នំពេញ​៖ កម្ពុជា​កំពុង​សិក្សា​យន្តការ​ប្រមូល​ចំណូល​សារពើរ​ពន្ធ​ពី​ប្រតិបត្តិ​ការពារ​ណិ​ជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ( E-tax) ដើម្បី​ឲ្យ​ស្របតាម​គោលដៅ​សេដ្ឋកិច្ច​ឌីជីថល និង​ឆ្លើយតប​នឹង​បដិវត្ត​ឧស្សាហកម្ម​ទី​៤ ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

 

 
​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើកឡើងថា និន្នាការ​សេដ្ឋកិច្ច​ឌីជីថល បាន​លេច​រូបរាង​ជា​បណ្ដើរៗ ដែល​បាន​បង្កើតជា​សកម្មភាព​ធុរកិច្ច​ថ្មី នៅក្នុង​ប្រទេស​កម្ពុជា​។ សេដ្ឋកិច្ច​ឌីជីថល បាន​ជំរុញ​ឲ្យ​អតិ​ជន​សម្រប​ខ្លួន ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​នានា​ផងដែរ​។ ស្ថិតនៅក្នុង​បរិបទ​នេះ កម្ពុជា​មិនទាន់មាន​យន្តការ​ជាក់លាក់​ក្នុងការ​ប្រមូល​ចំណូល​សារពើរ​ពន្ធ ពី​ប្រតិបត្តិ​ការពារ​ណិ​ជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅឡើយ ហើយ​បញ្ហា​នេះ កំពុង​ត្រូវបាន​គិតគូរ ទាំង​ក្នុង​ក្របខណ្ឌ​សកលលោក និង​តំបន់​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួង​សេដ្ឋកិច្ច បានបញ្ជាក់​ដូច្នេះ​ថា​៖ «​បណ្ដាញ និង​បច្ចេកវិទ្យា​ឌីជីថល បាន​បង្កើត​ឲ្យ​មាន វិសាលភាព​និង​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​ថ្មី​មួយ​ខុសពី​មុន ដែល​ធ្វើ​មានការ​ផ្លាស់ប្ដូរ ពី​ការធ្វើ​ពាណិជ្ជកម្ម​តាមបែប​ប្របៃណី មក​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​បណ្ដាញ​អ៊ីនធឺណិត​។ បរិបទ​ថ្មី​នេះ តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល​ត្រូវ​រៀបចំ និង​កែសម្រួល​គោលនយោបាយ និង​បទ​បញ្ញា​ត្តិ​ពាក់ព័ន្ធ​ផ្សេងៗ ឲ្យ​ស្របទៅតាម​និន្នាការ​នេះ ដើម្បី​ចាប់យក​ឳ​កាស ជំរុញ​ការ​រិ​ក​ចម្រើន​នៃ​ទីផ្សារ​ធុរកិច្ច​ប​ច្ចក​វិទ្យា គ្រប់គ្រង​បរិស្ថាន​ធុរកិច្ច ក៏ដូចជា កាត់បន្ថយ​នូវ​ហានិភ័យ​ដែល​អាច​កើតមាន​ជាយថាហេតុ​ដោយ​បច្ចេកវិទ្យា​ទាំងនេះ​»​។​
 
​រដ្ឋាភិបាល​នឹង​បង្កើត​មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ច​ថ្មី តេ​ជោ ( Techo Startup Center) ដែលមាន​ទីតាំងនៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ផ្ដោតលើ​ការពង្រឹង​សហគ្រិនភាព តាមរយៈ​ការបង្កើត និង​បណ្ដុះបណ្ដាល​ធុរកិច្ច​ថ្មីៗ​ផ្អែកលើ​ថ្នាល​ប​ច្ចេ​វិទ្យា​,​ការផ្សារភ្ជាប់​បណ្ដាញ​ការងារ​, ការសិក្សា​ស្រាវជ្រាវ និង​ពិគ្រោះ​យោបល់​លើ​បំ​ណិ​ន​សហគ្រិន​។ ជាពិសេស​ជំរុញ​ដល់​ការលូតលាស់​របស់​សហ​គ្រាស​ធុន​តូច និង​មធ្យម ដើម្បី​អាចមាន​ឱកាស​ចាប់យក​វិស័យសេដ្ឋកិច្ច តាមបែប​បច្ចេកវិទ្យា​នេះ​៕

Tag:
 ​អូន ព័ន្ធមុនីរ័ត្ន​
© រក្សាសិទ្ធិដោយ thmeythmey.com