ជាតិ
បុណ្យភ្ជុំបិណ្ឌ
ហេតុអ្វី​បានជា​ពិធីបុណ្យ​ភ្ជុំបិណ្ឌ មានតែ​នៅ​កម្ពុជា​?
27, Sep 2018 , 6:39 am        
រូបភាព
ដោយ: ថ្មីៗ
​បុណ្យ​ភ្ជុំបិណ្ឌ ជា​ពិធីបុណ្យ​ធំ​មួយ ក្នុងចំណោម​បុណ្យប្រពៃណី​ខ្មែរ​ដទៃៗ​ទៀត​។ បុណ្យ​នេះ គឺជា​ប្រភេទ​បុណ្យប្រពៃណី​ខ្មែរ មិនមែនជា​បុណ្យ​ព្រះពុទ្ធសាសនា​ឡើយ​។ ហេតុ​ដូច្នេះហើយ ទើប​បុណ្យ​ភ្ជុំបិណ្ឌ ត្រូវបាន​ប្រារព្ធ​ឡើង តែ​នៅក្នុង​ប្រទេស​កម្ពុជា​។


 
​បុណ្យ​ភ្ជុំបិណ្ឌ មិន​មាននៅ​ប្រទេស​ដទៃ​ទេ ព្រោះ​បុណ្យ​នេះ ជា​បុណ្យ​បែប​ប្រពៃណី​ខែ្មរ​។ បុណ្យប្រពៃណី គឺជា​កម្ម​ពិធីបុណ្យ​ទាំងឡាយណា ដែល​ត្រូវបាន​ប្រារព្ធ​ឡើង​តាម​ទំនៀមទម្លាប់ បែបផែន និង វប្បធម៌​របស់​ប្រទេស​នីមួយៗ តាំងពី​បុរាណសម័យ​រៀងមក​។​
 
​ជាងនេះទៀត បុណ្យប្រពៃណី តែងតែ​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋិ​ភាព​នៃ​វប្បធម៌ ទំនៀមទម្លាប់ អត្តសញ្ញាណ និង ជំនឿ​របស់​ប្រទេស​ណាមួយ ដែល​បុព្វបុរស​របស់​ពូកគេ បាន​តាក់តែងឡើង និង​ស​ន្ស​ល់​ទុក​មក សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។ ចំណែកឯ​បុណ្យ​សាសនា គឺជា​ពិធីបុណ្យ ដែល​ធ្វើ​ឡើយ​តាម​បែបបទ ឬ​បទបញ្ញត្តិ​របស់​សាសនា ដែល​ចែង​ក្នុង​គម្ពីរ​របស់​សាសនា​នោះ មានដូចជា​សាសនាព្រះពុទ្ធ និង​សាសនា​យេស៊ូគ្រិស្ត ជាដើម​។ 
 
​ពិធីបុណ្យ​ព្រះពុទ្ធសាសនា​មួយចំនួន ត្រូវបាន​គេ​ប្រារព្ធ​ឡើង​នៅ​ទូទាំង​ពិ​ភ​លោក តាម​បណ្ដា​ប្រទេស​នានា ដែល​កាន់​ព្រះពុទ្ធសាសនា ដូចជា​បុណ្យ​វិសាខបូជា ជាដើម​។ បុណ្យ​វិសាខបូជា គឺជា​បុណ្យ​ព្រះពុទ្ធសាសនា ដែល​មានចែង​ក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក​។ ដូច្នេះ ឲ្យ​តែ​ប្រទេស​ណា ដែល​កាន់​ព្រះពុទ្ធ​សា​នា ប្រទេស​នោះ​នឹង​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា​នេះ ដូច​កម្ពុជា​យើង​ដែរ​។ 
 
​ប៉ុន្តែ បុណ្យ​ភ្ជុំបិណ្ឌ គឺជា​បុណ្យប្រពៃណី​ខ្មែរ មិនមែនជា​បុណ្យ​ដែល​ចែង ឬ​បញ្ញត្ត​ក្នុង​គម្ពីរ​ព្រះ​ត្រៃ​ប​បិដក ដូចជា​បុណ្យ​វិសាខបូជា​ឡើយ​។ អ៊ីចឹង​ហើយ បានជា​នៅ​ប្រទេស​មួយចំនួន មានដូចជា ឡាវ មី​យ៉ាន់​ម៉ា ឥណ្ឌា ស្រីលង្កា ។​ល​។ មិនមាន​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ បើទោះបីជា​ប្រទេស​ទាំងនេះ កាន់​ព្រះពុទ្ធសាសនា ដូច​កម្ពុជា​ក៏ដោយ​។​
 
​ទោះបីជា​បុណ្យប្រពៃណី​ខ្មែរ និង​បុណ្យ​ព្រះពុទ្ធសាសនា គឺជា​បុណ្យ​ពីរ​ផ្សេងគ្នា​ក៏ពិតមែន តែ​គ្រប់​បុណ្យប្រពៃណី​ខ្មែរ​ទាំងអស់ សុទ្ធតែ​ធ្វើឡើង​តាម​លំនាំ​ឬ​បែបបទ​ព្រះពុទ្ធសាសនា​។ 
​ចំណែកឯ បុណ្យ​ព្រះពុទ្ធសាសនា​ទាំងឡាយណា ដែល​បាន​បញ្ញត្ត​ទុក​មក ក៏​ប្រារព្ធ​ឡើង​តាមរបៀប​ប្រពៃណី​ខ្មែរ​ដែរ​។ គ្រប់​បុណ្យប្រពៃណី​ខ្មែរ និង​បុណ្យ​ព្រះពុទ្ធសាសនា តែងតែ​ប្រារព្ធ​ឡើង ដោយមាន​ការ​ឡាយ​ឡំ​បញ្ចូល​គ្នា​ជានិច្ច មិនអាច​ដាច់ចេញ​ពីគ្នា​បានឡើយ​៕
 

Tag:
 ភ្ជុំបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com