ជាតិ
បន្ទប់​មេធាវី នឹងត្រូវ​សាងសង់​នៅ​គ្រប់​ពន្ធនាគារ ដើម្បីស្រួលជួប​កូនក្តី​
27, Sep 2018 , 7:59 am        
រូបភាព
លោកស្រីមេធាវី លឹម ច័ន្ទលីដា ប្រធានគណកម្មការសាងសង់នៃគណៈមេធាវីកម្ពុជា
លោកស្រីមេធាវី លឹម ច័ន្ទលីដា ប្រធានគណកម្មការសាងសង់នៃគណៈមេធាវីកម្ពុជា
​គណៈមេធាវី​កម្ពុជា កំពុង​សាងសង់​បន្ទប់​មេធាវី នៅតាម​ពន្ធនាគារ ក្នុង​រាជធានី​-​ខេត្ត​ទាំង​២៥​។ នេះ​បើតាម​លោកស្រី​មេធាវី លឹម ច័ន្ទ​លីដា ប្រធាន​គណ​:​កម្ម​ការសាងសង់​នៃ​គណៈមេធាវី​កម្ពុជា​។

 
 
​លោកស្រី លឹម ច័ន្ទ​លីដា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ការសាងសង់​បន្ទប់​មេធាវី​នៅតាម​ពន្ធនាគារ គឺជា​គំនិត​ផ្តួចផ្តើម​របស់លោក សួន វិសាល ប្រធាន​គណៈមេធាវី​កម្ពុជា​។ លោកស្រី បញ្ជាក់​បែបនេះ​ថា​៖«​ការសាងសង់​បន្ទប់​នេះ គឺ​ដើម្បី​រក្សា​សេចក្តីថ្លៃថ្នូរ​របស់​មេធា​វី និង​រក្សា​ការសម្ងាត់​ក្នុងការ​ជួបគ្នា​រវាង​មេធាវី និង​កូនក្តី​»​។
 
​លោកស្រី បន្តថា កន្លងមក មេធាវី តែង​ជួប​ការលំបាក ពេល​ចុះទៅ​ជួប​កូនក្តី​ក្នុង​ពន្ធនាគារ  ព្រោះ​មិនមាន​បន្ទប់​ត្រឹមត្រូវ​។ លោកស្រី លើកឡើងថា​៖«​បច្ចុប្បន្ន តាម​ពន្ធនាគារ ក៏មាន​បន្ទប់​និង​កន្លែង​សម្រាប់​មេធាវី​និង​កូនក្តី​ដែរ តែ​វា មិន​ពេញលក្ខណ​។ បន្ទប់​ក្នុង​ពន្ធនាគារ​ខ្លះ ច្រហ​ទ្វារ ដែល​មិនអាច​រក្សា​ការសម្ងាត់​រវាង​មេធាវី​និង​កូនក្តី​។ ពន្ធនាគារ​ខ្លះទៀត មិនមាន​បន្ទប់​តែម្តង ហើយ​ពេល​មេធាវី​ចុះទៅ គឺ​ជួប​កូនក្តី​នៅក្រោម​ដើមឈើ​ក៏មាន ដែល​មើលទៅ​មិន​សមរម្យ​សម្រាប់​មេធាវី​»​។​
 
​លោកស្រី លឹម ច័ន្ទ​លីដា អះអាងថា មកដល់ពេលនេះ បន្ទប់​មេធាវី​នៅតាម​ពន្ធនាគារ​មួយចំនួន ដូចជា​នៅ​ខេត្តតាកែវ និង​ខេត្តកំពត ត្រូវបាន​សាងសង់​រួចរាល់ និង​អាច​ប្រើប្រាស់​បាន​ហើយ ហើយ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត ដូចជា ស្វាយរៀង ព្រៃវែង បាត់ដំបង និង​ព្រះសីហនុ ជាដើម កំពុង​ចាប់ផ្តើម​សាងសង់​។ លោកស្រី សង្កត់ធ្ងន់​បែបនេះ​ថា​៖«​មិនយូរ​ជាង​កន្លះ​ឆ្នាំ​ទៀត​ទេ យើង នឹង​សាងសង់​ឲ្យ​រួចរាល់​ទាំង​២៥​រាជធានី​-​ខេត្ត​»​។   
 
​ការសាងសង់​បន្ទប់​មេធាវី​នៅតាម​ពន្ធនាគារ​ទូទាំងប្រទេស ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជា​១៤​ម៉ឺន​ដុល្លារ​។ នេះ​ជាការ​អះអាង​របស់លោក​ស្រី លឹម ច័ន្ទ​លីដា ដដែល ដោយ​លោកស្រី បន្ថែម​ចុងក្រោយ​ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់​ថវិកា​៧​ម៉ឺន​ដុល្លារ ហើយ​៧​ម៉ឺន​ដុល្លារ​ទៀត បានមកពី​ការរួមចំណែក​របស់​មេ​ធា​វី​៕ 
 

Tag:
 ពន្ធនាគារ​
  មេធាវី​
  លឹម ច័ន្ទ​លីដា Lim Chanlida
© រក្សាសិទ្ធិដោយ thmeythmey.com