ជាតិ
សម្ដេច ហ៊ុន សែន​៖ អ្នក​ដែល​មិន​ចូលចិត្ត​ខ្ញុំ សូម​ចែក​ឲ្យ​ដាច់​រវាង​មុខមាត់ និង​ប្រយោជន៍​ជាតិ​!
27, Sep 2018 , 10:08 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ស្របពេល​កំពុងធ្វើដំណើ​រ​ទៅកាន់​សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​កិច្ចប្រជុំ​លើក​ទី​៧៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នោះ សម្ដេច ហ៊ុន សែន នៅតែ​រំឭក​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ក្នុងការ​ការពារ​ប្រទេសជាតិ​ឲ្យ​រួច​ផុតពី​ភ្លើងសង្គ្រាម​។​

 
​បទ​ចម្រៀង «​លា​ទៅ​បម្រើ​ជាតិ​» ដែល​រៀបរាប់​ពី​ទឹកចិត្ត​កងទ័ព លះបង់​ជីវិត​ដើម្បី​ការពារជាតិ​នេះ គឺជា​រឿងរ៉ាវ​ដែល​សម្ដេច ហ៊ុន សែន ធ្លាប់បាន​ជួបប្រទះ ក្នុងសម័យ​សង្គ្រាម​។ ប្រៀបធៀប​បែបនេះហើយ ប្រមុខ​រដ្ឋាភិបាល ក៏បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក ក្នុង​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដូច្នេះ​ថា​៖« ថ្ងៃនេះ​ខ្ញុំ​សូម​លា​ទៅ​បម្រើ​ជាតិ​ជាថ្មី​ម្តងទៀត​ដោយ​ប្រើ​នយោបាយ​ការទូត​នៅលើ​ឆាក​អន្តរជាតិ​។ កម្ពុជា មិនអាច​ឱ្យគេ​បង្ខូច​ជាន់ឈ្លី​ទោះបី​ក្នុង​រូបភាព​ណាមួយ​ក៏ដោយ ។ ខ្ញុំ​ចេញទៅ​លើក​នេះ​ក៍​នឹងចូលរួម​ផងដែរ​នូវ​ការងារ​ជា​កិច្ចការ​តំបន់ និង​អន្តរជាតិ​ដែល​កំពុង​វិវត្តន៍​យ៉ាង​តានតឹង និង​ស្មុគស្មាញ​»​។​
 
​ក្រៅពី​ចូលរួម​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា នឹង​ជួបពិភាក្សា​ទ្វេភាគី​ដាច់ដោយឡែក​ពីគ្នា​ជាមួយ លោក អង់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស (António Guterres) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​, លោក បូ​យ​កូ បូរី​ស្សូវ (Boyko Borissov) នាយករដ្ឋមន្ត្រី​ប៊ុលហ្គារី​, លោក ខាដ​ហ្កា ប្រ៉ា​សាទ ស្សា​ម៉ា អូ​លី (Khadga Prasad Sharma Oli) នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ និង​ជួបពិភាក្សា​មិត្តភាព​ជាមួយ​ប្រមុខរដ្ឋ និង​រដ្ឋាភិបាល​នៃ​ប្រទេស​មួយចំនួនទៀត ។​
 
​ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏​នឹង​ជួប​ជាមួយ​សហគមន៍​ខ្មែរ​ដែល​រស់នៅ​សហរដ្ឋអាមេរិក និង​កាណាដា​ផងដែរ​។ សម្ដេច នឹង​រៀបរាប់​ពី​សភាពការណ៍​ទូទៅ និង​ការអភិវឌ្ឍន៍​នៅ​កម្ពុជា ដល់​អ្នកគាំទ្រ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​។ និយាយ​ត្រង់ចំណុច​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ដឹងថា មាន​ពលរដ្ឋ​មួយចំនួន​នៅក្រៅ​ប្រទេស​នោះ មិន​ពេញ​ចិត្តនឹង​ការដឹកនាំ​របស់​រដ្ឋាភិបាល ហើយក៏​ត្រៀមខ្លួន​ស្រែក​តវ៉ា ប្រឆាំងនឹង​វត្តមាន​សម្ដេច នៅលើ​ទឹកដី​អាមេរិក​ទៀតផង​។​
 
​ដ្បិត​មិនអាច​ហាមឃាត់​ពលរដ្ឋ​ទាំងនោះ តវ៉ា​ប្រឆាំង​វត្តមាន​ខ្លួន​ក្តី ប៉ុន្តែ​សម្ដេច ហ៊ុន សែន ក៏​ចង់​ឲ្យ​ពួកគេ​ពិចារណា​ឲ្យ​បាន​ច្បាស់​ពី​ផលប្រយោជន៍​ប្រទេសជាតិ​។ ប្រមុខ​រដ្ឋាភិបាល បាន​និយាយ​ដូច្នេះ​ថា ៖«​ចំពោះ​ជនរួមជាតិ​នៅក្រៅ​ប្រទេស​ដែល​មិន​ចូលចិត្ត​ខ្ញុំ ក៏​សូម​ចែកឱ្យដាច់​នូវ​អ្វី​ជា​ផលប្រយោជន៍​មុខមាត់ ហ៊ុន សែន ពីអ្វី​ជា​មុខមាត់ និង​ផលប្រយោជន៍​ជាតិខ្មែរ​ទាំ​ង​មូល ដោយ​សម្បជញ្ញៈ វិចារណញាណ និង​មនសិការ​ផ្ទាល់​រៀងៗ​ខ្លួន​ទៅ​ចុះ​»​។​
 
​សម្តេច ហ៊ុន សែន នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​ទូទៅ​លើក​ទី​៧៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៧ ដល់​៣០ ខែកញ្ញា ។ កម្ពុជា គឺជា​អនុប្រធាន​នៃ​កិច្ចប្រជុំ​នេះ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងទៀត​។ សម្តេចនាយក​រដ្ឋមន្ត្រី នឹងធ្វើ​សេចក្តីថ្លែងការណ៍​មួយ​ផ្តោតលើ​ការវិវត្ត​នាពេល​ថ្មីៗ និង​សមិទ្ធិផល​សំខាន់ៗ ដែល​រាជរដ្ឋាភិបាល​សម្រេចបាន និង​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​ការព្រួយបារម្ភ​រួម​។​
 
មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​លើក​នេះ នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ «​ធ្វើ​ឲ្យ​អង្គការសហប្រជាជាតិ​មាន​សារសំខាន់​ពាក់ព័ន្ធ​ជាមួយ​ប្រជាជន​ទាំងអស់ (​ភាពជា​អ្នកដឹកនាំ​សកល និង​ការទទួលខុសត្រូវ​រួម សម្រាប់​សង្គម​ប្រកបដោយ​សន្តិភាព សមធម៌ និង​និរន្តរភាព​)»៕
 

Tag:
 សម្តេច ហ៊ុន សែន​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com