ជាតិ
នយោបាយជាតិ
លោក សម រង្ស៊ី ប្តូរចិត្តមិនទៅដឹកនាំបាតុកម្មប្រឆាំងសម្តេច ហ៊ុន សែន នៅញូយ៉កទេ
× ភ្នំពេញ៖ លោក សម រង្ស៊ី នឹងមិនទៅសហរដ្ឋអាមេរិក ដើម្បីដឹកនាំបាតុកម្មប្រឆាំងនឹងសម្តេច ហ៊ុន សែន ឡើយ។ ប៉ុន្តែ គម្រោងនៃការធ្វើបាតុកម្មនេះ នឹងមិនរំសាយចោលនោះទេ។
អតីតគណបក្សសង្គ្រោះជាតិ បានផ្សព្វផ្សាយខិត្តប័ណ្ណលើបណ្តាញសង្គមហ្វេសប៊ុកស្តីពីគម្រោងនៃការធ្វើបាតុកម្មទ្រង់ទ្រាយធំ ដើម្បីប្រឆាំងនឹងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា ដែលត្រូវទៅចូលរួមក្នុងកិច្ចប្រជុំលើកទី៧៣នៃមហាសន្និបាតអង្គការសហប្រជាតិ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។
ខិតប័ណ្ឌ ដែលត្រូវបានចែកចាយលើបណ្តាញសង្គមហ្វេសប៊ុក បានសរសេរថា អតីតគណបក្សប្រឆាំង នឹងប្រមូលផ្តុំគ្នានៅមុខទីស្នាក់ការអង្គការសហប្រជាជាតិ ដែលមានលោក សម រង្ស៊ី ជាអ្នកដឹកនាំ។ ប៉ុន្តែ នៅថ្ងៃទី២៦ ខែកញ្ញា គឺមុន១ថ្ងៃ ដែលប្រមុខរដ្ឋាភិបាល ត្រូវដឹកនាំគណៈប្រតិភូ ចេញពីប្រទេសកម្ពុជា ដើម្បីឆ្ពោះទៅកាន់សហរដ្ឋអាមេរិក ស្រាប់តែលោក សម រង្ស៊ី សម្រេចចិត្តបោះបង់គម្រោង ដែលចង់ទៅដឹកនាំធ្វើបាតុកម្មដោយផ្ទាល់។
តាមរយៈបណ្តាញសង្គម Twitter អតីតប្រធានគណបក្សប្រឆាំង បានសរសេរសារជាភាសាអង់គ្លេស និងមានន័យជាភាសាខ្មែរយ៉ាងដូច្នេះថា៖«ខ្ញុំ សូមអភ័យទោស ដែលខ្ញុំមិនអាចទៅចូលរួមធ្វើបាតុកម្មនៅទីក្រុងញូយ៉ក នៅថ្ងៃទី២៩ ខែកញ្ញា ដោយសារតែជាប់រវល់នឹងការងារផ្សេង។ យ៉ាងណា ខ្ញុំ សូមអរគុណជាខ្លាំងចំពោះអ្នកដែលទៅចូលរួមធ្វើបាតុកម្មដ៏សំខាន់មួយនេះ»។
បំណងនៃការធ្វើបាតុកម្មរបស់អតីតគណបក្សប្រឆាំង គឺដើម្បីទាមទារឲ្យសហគមន៍អន្តរជាតិ កុំទទួលស្គាល់រដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតអាណត្តិទី៦។ អតីតគណបក្សប្រឆាំង នៅតែចង់ប្រាប់សហគមន៍អន្តរជាតិថា ការបោះឆ្នោតលើកនេះ គឺជាការបោះឆ្នោតក្លែងក្លាយ ហើយរដ្ឋាភិបាល ក៏មិនមានលក្ខណស្របច្បាប់ដែរ៕
Tag:
សម រង្ស៊ី
ហ៊ុន សែន
បាតុកម្ម
UN
© រក្សាសិទ្ធិដោយ thmeythmey.com