ជាតិ
បណ្តាញសង្គម Tik Tok របស់ចិន កំពុងវាយលុកខ្លាំងនៅកម្ពុជា និងអាស៊ីទាំងមូល លោក Zhang Yiming ស្ថាបនិកបណ្តាញសង្គម Tik Tok
× Tik Tok ជាបណ្តាញសង្គមសម្រាប់អ្នកប្រើប្រាស់ទូរសព្ទដៃក្នុងការបង្ហោះសារជាវីដេអូខ្លីៗ។ Tik Tok ដែលគេហៅម្យ៉ាងទៀតថា Douying នេះ ត្រូវបានបង្កើតនៅខែកញ្ញា ឆ្នាំ២០១៦ ដោយលោក Zhang Yiming វិស្វករសូហ្វែរ និងជាមហាសេដ្ឋីម្នាក់របស់ចិន។
មានអាយុកាលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ Tik Tok បានវាយលុកយ៉ាងខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមនៅតំបន់អាស៊ី ក្នុងនោះមានកម្ពុជាផងដែរ។ គិតត្រឹមខែមិថុនា ឆ្នាំ២០១៨ Tik Tok មានអ្នកប្រើប្រាស់ប្រមាណ១៥០លាននាក់ ដែលសកម្មជារៀងរាល់ថ្ងៃ។
យោងតាមរបាយការណ៍របស់ Sensor Tower បណ្តាញសង្គមរបស់ចិនមួយនេះ មានការចុះឈ្មោះ Download ប្រមាណ៤៥,៨លានដង នៅត្រីមាសទីមួយឆ្នាំ២០១៨ ពោលគឺមានចំនួនច្រើនជាង Youtube, WhatsApp, Messenger, Instagram, Facebook, WeChat, QQ, iQiYi និង Google Maps។
Tik Tok អនុញ្ញាតឲ្យអ្នកប្រើប្រាស់បង្ហោះសារជាវីដេអូខ្លីៗ ឬអាចធ្វើតាមជាកាយវិការទៅតាមសំឡេង ឬចម្រៀងដែលមានស្រាប់។ ក្រៅពីមនុស្សទូទៅ តារាសំដែង និងតារាចម្រៀងក៏និយមប្រើប្រាស់បណ្តាញសង្គមនេះ ដើម្បីភ្ជាប់ទំនាក់ទំនងទៅកាន់ក្រុមអ្នកគាំទ្ររបស់ខ្លួនផងដែរ។
ទោះបីមានការវាយលុកពេញអាស៊ី-អាគេ្នយ៍ក៏ដោយ ប៉ុន្តែបណ្តាញសង្គមនេះ មិនទទួលបានការស្វាគមន៍ឡើយនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ លោក Rudiantara រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មានរបស់ឥណ្ឌូនេស៊ី បានអះអាងប្រាប់សារព័ត៌មានរ៉យទ័រថា Tik Tok ជាបណ្តាញសង្គមដែលនាំឲ្យប៉ះពាល់ផ្នែកសីលធម៌។ លោកថា នេះជាការហាមឃាត់បណ្តោះអាសន្ន ហើយអាចដកចេញវិញ ក្នុងករណីដែល Tik Tok ពិចារណាទៅលើខ្លឹមសារនានា។
មិនខុសពីការលើកឡើងរបស់លោក Rudiantara នោះឡើយ អ្នកប្រើប្រាស់ Tik Tok មួយចំនួន បានបញ្ចូល និងធ្វើត្រាប់កាយវិការតាមសំឡេងអាសអាភាស និងគ្រោតគ្រាត រួមជាមួយនឹងការបង្ហោះរូបភាពស្រើបស្រាលមួយចំនួនផងដែរ៕
Tag:
បច្ចេកវិទ្យា
បណ្តាញសង្គម
© រក្សាសិទ្ធិដោយ thmeythmey.com