អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​បញ្ជូន​យន្តហោះ B-52 ទៅជិត​សមុទ្រ​ចិន​ខាងត្បូង ខណៈ​កម្តៅ​ជាមួយ​ប៉េកាំង​បន្ត​កើនឡើង​
27, Sep 2018 , 3:03 pm        
រូបភាព
ដោយ:
​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃទី​២៦ ខែកញ្ញា បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ជាច្រើន​គ្រឿង ទៅ​បើក​ប្រតិបត្តិការ​នៅក្បែរ​សមុទ្រ​ចិន​ខាងត្បូង​។ សកម្មភាព​ថ្មី​នេះ​ទំនងជា​បង្ក​កំហឹង​បន្ថែមទៀត​ដល់​ក្រុង​ប៉េកាំង ខណៈ​ភាព​តានតឹង​រវាង​មហាអំណាច​ទាំងពីរ កំពុង​កើនឡើង ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​។



អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក លោក Dave Eastburn បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ជាច្រើន​គ្រឿង​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង​។ ការបញ្ជូន​នេះ​គឺជា​ផ្នែក​មួយ​នៃ​ប្រតិបត្តិការ​ជាប្រចាំ​ដែល​ធ្វើឡើង ក្នុង​គោលបំណង​បង្កើន​សមត្ថភាព​ផ្លាស់ប្តូរ​ព័ត៌មាន​ជាមួយ​ដៃគូ និង​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​តែប៉ុណ្ណោះ​។

«​យោធា​អាមេរិក​នឹង​បន្ត​បើក​ប្រតិបត្តិការ​ទាំង​ការហោះហើរ និង​ធ្វើ​នាវាចរណ៍​គ្រប់​ទីកន្លែង ដោយយោង​តាមច្បាប់​អន្តរជាតិ​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Eastburn ។​
 
យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP  រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក ជេ​ម ម៉ា​ធី​ស (James Mattis) បាន​ថ្លែងថា លោក​មិន​ព្រួយបារម្ភ​ថា ការបញ្ជូន​យន្តហោះ B-52 បែបនេះ នឹង​បង្កើន​ភាព​តានតឹង​ជាមួយ​ក្រុង​ប៉េកាំង​នោះទេ​។ យ៉ាងណាមិញ​ប្រមុខ​ការពារជាតិ​រូបនេះ ពុំបាន​បញ្ជាក់​ឲ្យ​បាន​លម្អិត​នោះឡើយ​។

​បើ​ពិ​តទៅ​ការបញ្ជូន​យន្តហោះ​យោធា​បែបនេះ មិនមែនជា​រឿង​អ្វី​ចម្លែក​នោះទេ ប៉ុន្តែ​ជាធម្មតា​សកម្មភាព​នេះ​តែង​តែង​បង្ក​ជា​កំហឹង​ដល់​ក្រុង​ប៉េកាំង​។ ក្នុង​ខែមិថុនា​កន្លងទៅ ក្រសួងការបរទេស​ចិន​បានប្រកាសថា គ្មាន​នាវា​យោធា ឬ​យន្តហោះ​ចម្បាំង​ណាមួយ អាច​បំភ័យ​ចិន​ឲ្យ​ផ្លាស់ប្តូរ​ជំហរ​ការពារ​ដែន​អធិបតេយ្យភាព​របស់ខ្លួន ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នោះទេ បើទោះជា​អាមេរិក​បាន​បញ្ជូន​យន្តហោះ B-52  ទៅ​ក្បែរ​ដែនសមុទ្រ​ជម្លោះ​ដ៏​ស្មុគស្មាញ​នេះ​ក៏ដោយ​ក្តី​។

​គួរបញ្ជាក់​ផងដែរ​ថា សហរដ្ឋអាមេរិក និង​ចិន ជារឿយៗ​តែងតែ​ចោទ​ដាក់គ្នា​ទៅវិញទៅមក ជុំវិញ​យោ​ធូប​នីយកម្ម​នៅ​សមុទ្រ​ចិន​ខាងត្បូង ទី​ដែល​ចិន តៃវ៉ាន់ វៀតណាម ម៉ាឡេស៊ី ព្រុយ​ណេ និង​ហ្វីលីពីន បាន​អះអាង​ជា​ដែន​អធិបតេយ្យ​របស់ខ្លួន​៕






Tag:
 សហរដ្ឋអាមេរិក​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com