ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ​៖​បេក្ខជន​ប្រឡង​ច្រើន ទើប​ធ្វើ​ឲ្យ​ក្រុមការងារ​បង្កើត​កំហុស​លើ​វិញ្ញាបនបត្រ ប៉ុន្តែ​ក្រសួង​ដោះស្រាយ​ហើយ​
27, Sep 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ជាថ្មី​ម្ដងទៀត បញ្ហា​វិញ្ញាបនបត្រ​បណ្ដោះអាសន្ន របស់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ស​ភូមិ (​បាក់​ឌុប​) ឆ្នាំ​២០១៨​នេះ នៅ​បង្ក​ការឈឺ​ក្បាល​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ បញ្ហា​ចោទ​នោះ គឺ​ត្រង់​ថា វិញ្ញាបនបត្រ​បណ្តោះអាសន្ន​របស់​បេក្ខជន​មួយចំនួន មាន​អ្នកខ្លះ​ខុស​ឈ្មោះ និង​ថ្ងៃខែ​ឆ្នាំ​កំណើត​ជាដើម​។ ក្រសួង​អប់រំ បាន​ដោះស្រាយ​បញ្ហា​នេះ ជូន​បេក្ខជន​ប្រឡង​។​

 
​ពិតជា​មាន​ករណី​ខុស​ឈ្មោះ ,​ភេទ​, អាយុ​, ថ្ងៃខែ​ឆ្នាំ​កំណើត និង​ខុស​រូបថត​បេក្ខជន​ប្រឡង​បាក់​ឌុប​មែន​។ បញ្ហា​ទាំងនេះ កើតចេញពី​បច្ចេកទេស​របស់​ក្រុមការងារ​ក្រសួង​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ ដែល​បាន​បន្ថែមថា ក្រសួង​អប់រំ បាន​ដោះស្រាយ​ចំពោះ​បញ្ហា​ប្រក្រតី​លើ​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ ជូន​បេក្ខជន​រួចរាល់​ហើយ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ បញ្ជាក់ថា​៖ «​បញ្ហា​ដែល​បានកើត​ឡើង​នេះ ដោយសារ​តែមាន​ចំនួន​បេក្ខជន​ប្រឡង​ច្រើន ទើប​ធ្វើ​ឲ្យ​ក្រុមការងារ​យើង បង្កើត​កំហុស​យ៉ាង​ដូច្នេះ​»​។ 
 
​បើតាម​លោក ឌី ខាំ​បូ​លី ក្រសួង​អប់រំ នឹង​ត្រួតពិនិត្យ និង​ដោះស្រាយ​ឲ្យ​ទាន់ពេលវេលា ប្រសិនបើ​មាន​ករណី​ផ្សេងទៀត​កើតឡើង​។​
 
​សូមបញ្ជាក់ថា បេក្ខជន​ដែល​បាន​ប្រលង​ជាប់​បាក់​ឌុប​ទូទាំងប្រទេស​សម្រាប់​ឆ្នាំ​២០១៨​នេះ មាន​ចំនួន ៧៦,០៣៤​នាក់ ដែល​និទ្ទេស​A មាន​៤០៨​នាក់​,​និទ្ទេស​B មាន​២,២២២​នាក់​,​និទ្ទេស​C មាន​៦,០៤១​នាក់​,​និទ្ទេស​D មាន​១៥,១៨០​នាក់ និង​និទ្ទេស E មាន​៥២,១៨៣​នាក់​។  បេក្ខជន​ដែល​ទើបតែ​ប្រឡង​ជាប់​បាក់​ឌុប អាច​ដក​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ៕



Tag:
 អប់រំ​
 ​បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com