កីឡាអន្តរជាតិ
អន្តរជាតិ
VAR នឹងប្រើនៅ Asian Cup 2019 និង UCL ចាប់ពីរដូវកាលក្រោយតទៅ
× សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) គ្រោងនឹងដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល Video Assistant Referee (VAR) នៅក្នុងព្រឹត្តិការណ៍ការប្រកួត Asian Cup ឆ្នាំ២០១៩។ នេះបើតាមការបញ្ជាក់របស់អង្គភាពគ្រប់គ្រងកីឡាប្រចាំតំបន់នៅថ្ងៃទី២៧ ខែកញ្ញា។ VAR ក៏នឹងត្រូវដាក់ឲ្យប្រើប្រាស់ជាផ្លួវការក្នុងការប្រកួតពាន UEFA Champions League ចាប់ពីរដូវកាល ២០១៩-២០២០ តទៅដែរ។
AFC បាននិយាយថាខ្លួនបានទទួលការយល់ព្រមពីអង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក FIFA និងក្រុមប្រឹក្សាភិបាលសមាគមកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា IFAB ដើម្បីដាក់ឲ្យប្រើប្រាស់ VAR នៅ Asian Cup ដែលចាប់ផ្តើមការប្រកួតពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ នៅប្រទេសអេមេរ៉ាតអារ៉ាប់រួម។
លើសពីនេះទៀតនោះ វីដេអូជំនួយការអាជ្ញាកណ្តាលនេះក៏នឹងត្រូវយកទៅប្រើនៅ Euro 2020 UEFA Europa League ចាប់ពីរដូវកាល ២០២០-២០២១ និងការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Nations League ឆ្នាំ២០២១ ផងដែរ។ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប UEFA ប្រកាសដូច្នេះ។
ប្រព័ន្ធ VAR ដែលត្រូវបានប្រើដោយជោគជ័យក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ី អនុញ្ញាតឲ្យអាជ្ញាកណ្តាលពិនិត្យឡើងវិញជាមួយវីដេអូដើម្បីសម្រេចចិត្តកាត់សេចក្តីលើកំហុសំខាន់ៗក្នុងអំឡុងការប្រកួត ដូចជាការផ្តល់កាតក្រហម បាល់ពិន័យប៉េណាល់ទី និងការកាត់ក្តីខុសរបស់អាជ្ញាកណ្តល។
ប្រធាន UEFA លោក Aleksander Ceferin បានលើកឡើងជុំវិញការដាក់ឲ្យប្រើប្រព័ន្ធនេះថាស្ថាប័នលោក មានទំនុកចិត្តថានឹងមានពេលវេលាដើម្បីបង្កើតប្រព័ន្ធរឹងមាំបែបនេះ។
លោកបន្តថា វាក៏នឹងផ្តល់នូវពេលវេលាគ្រប់គ្រាន់ដើម្បីបណ្តុះបណ្តាលមន្ត្រីប្រកួតប្រជែងដើម្បីធានាឲ្យមានការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនិងជោគជ័យរបស់ VAR នៅក្នុងការប្រកួតប្រជែងពីបណ្តាក្លិបធំៗនៅជុំវិញពិភពលោក។
VAR ត្រូវបានប្រើប្រាស់ក្នុងក្របខណ្ឌ A-League របស់អូស្ត្រាលីតាំងពីឆ្នាំ ២០១៧ ហើយ Major League Soccer របស់អាមេរិកក៏នឹងប្រើឆាប់ៗនេះដែរ៕
Tag:
បាល់ទាត់
VAR
AFC
Asian Cup
UEFA Champions League
UEFA
© រក្សាសិទ្ធិដោយ thmeythmey.com