ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
អ្នកស្រី មុនីរ័ត្ន ធ្វើនំច័ក្កច័ន ច្នៃជានំខួបកំណើតជំនួសនំ Cake ព្រោះមិនចង់ឱ្យបាត់បង់នំខ្មែរ
× ពោធិ៍សាត់៖ «ច័ក្កច័ន» ជានំស្រស់មួយប្រភេទមានស្រទាប់តម្រួតគ្នាចម្រុះពណ៌ផ្សេងៗ។ នំច័ក្កច័ន ជាបង្អែមខ្មែរដែលមានរសជាតិឈ្ងុយឆ្ងាញ់ ប៉ុន្តែ មិនសូវពេញនិយមសម្រាប់យុវជនសម័យទំនើបនេះឡើយ។ អ្នកស្រី ដុម មុនីរ័ត្ន បានធ្វើនំច័ក្កច័ននេះ ច្នៃជានំខួបកំណើតជំនួសនំ Cake ព្រោះចង់អភិរក្ស និងលើកតម្កើងនំខ្មែរមួយនេះកុំឱ្យបាត់បង់។
បទពិសោធន៍៣ឆ្នាំនៃការធ្វើការនៅក្នុងភោជនីយដ្ឋានមួយនៅរាជធានីភ្នំពេញ អ្នកស្រី ដុម មុនីរ័ត្ន បានរៀនពីរបៀបធ្វើនំ និងបង្អែមខ្មែរមួយចំនួនពីម្ចាស់ហាង។ ក្រោយត្រឡប់មករស់នៅស្រុកកំណើតវិញ អ្នកស្រី មុនីរ័ត្ន បានផ្តើមគំនិតលើកតម្កើងនំ«ច័ក្កច័ន» ដោយច្នៃនំនេះទៅជានំខួបកំណើតបែបខ្មែរ ជំនួសនំ Cake ដែលពេញនិយមបំផុតនៅក្នុងស្រទាប់យុវវ័យខ្មែរ។ បំណងនៃការកែច្នៃនំខ្មែរមួយប្រភេទនេះ គឺអ្នកស្រីមិនចង់ឱ្យយុវជនសម័យទំនើបបំភ្លេចរូបរាង និងរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់វា ដែលមានតាំងពីយូរលង់មកហើយ។
ទើបតែចាប់ផ្តើមបានជាង១ខែប៉ុណ្ណោះ មានសាធារណជនចាប់អារម្មណ៍នឹងការច្នៃនំខួបកំណើតបែបខ្មែរមួយនេះ គួរសម។ អំឡុងពេលនៃការចាប់ផ្តើមមុខរបរថ្មីរបស់អ្នកស្រី មុនីរ័ត្ន មានអ្នកបញ្ជាទិញជាបន្តបន្ទាប់ ដោយនំមួយមានតម្លៃចាប់ពី ៥ដុល្លាររហូតដល់១០ដុល្លារ។ សម្រាប់នំច័ក្កច័នមួយដុំ ទាំងការចម្អិន និងការច្នៃឱ្យចេញជារូបរាងនំខួបកំណើត ឬហៅថា នំ Cake ខ្មែរ គឺអ្នកស្រីចំណាយពេល ១ម៉ោង។
តាមពិតការច្នៃនំច័ក្កច័ននេះលក់ គឺជាមុខរបរបន្ទាប់បន្សំពីមុខរបរលក់ចាប់ហួយរបស់អ្នកស្រី មុនីរ័ត្ន ប៉ុណ្ណោះ។ ប៉ុន្តែ ស្ត្រីវ័យ៣៤ឆ្នាំរូបនេះ បានប្រាប់ ThmeyThmey 25 ថា ប្រសិនជាមានការគាំទ្រច្រើនអ្នកស្រីនឹងបើកជាហាងសម្រាប់លក់នំខួបកំណើតដែលច្នៃពីនំច័ក្កច័នខ្មែរនេះ នៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដែលជាផ្ទះរបស់អ្នកស្រីតែម្តង។
ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, ជំនួញខ្នាតតូច និងមធ្យម, បរិស្ថាន និងទេសចរណ៍ សូមចុច Download App «ថ្មីៗ២៥ រាជធានី-ខេត្ត» សម្រាប់ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv ៕
© រក្សាសិទ្ធិដោយ thmeythmey.com