ជាតិ
សង្គមជាតិ
ចិន ផ្ដល់ជំនួយ​២,៥​លាន​ដុល្លារ សម្រាប់​ការធ្វើជំរឿន​នៅ​កម្ពុជា នៅ​ឆ្នាំ​២០១៩
29, Sep 2018 , 9:53 am        
រូបភាព
ដោយ: ថ្មីៗ
 ​ភ្នំពេញ​៖ ចិន ផ្ដល់ជំនួយ​ដល់​កម្ពុជា ជាង​២​លាន​ដុល្លារ​អាមេរិក សម្រាប់​ការធ្វើជំរឿន នៅ​ឆ្នាំ​២០១៩​ខាងមុខ​។ ជំនួយ​ទាំងនេះ ត្រូវបាន​ផ្ដល់​ដោយ​តំណាង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក លី អាន មក​លោក ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនកា​រ​។​

 
​ជំនួយ​ភាគី​ចិន ដែល​ផ្ដល់​មក​កម្ពុជា មាន​ជា​សម្ភារ​មួយចំនួន រួមមាន​៖ រថយន្ត​៥២​គ្រឿង ម៉ូតូ ៣០០​គ្រឿង កុំព្យូទ័រ​លើ​តុ​៤៥០​គ្រឿង កុំព្យូទ័រ​យួរដៃ​៥០​គ្រឿង ម៉ាស៊ីនបោះពុម្ព​ឯកសារ​៣០​គ្រឿង ម៉ាស៊ីន​បញ្ចាំង​Slide៣០​គ្រឿង ម៉ាស៊ីនថតចម្លង​១០​គ្រឿង  Tablet ២០០​គ្រឿង និង​ម៉ាស៊ីន Server​។ ជំនួយ​នេះ គិត​ជា​ទឹកប្រាក់​មាន​ទំហំ​២,៥​លាន​ដុល្លារ​អាមេរិក​។​
 
​តំណាង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក លី អាន បាន​និយាយថា ការផ្ដល់​ជំនួយ​នេះ គឺ​ក្នុង​គោលបំណង​រួមចំណែក ជួយ​ដល់​ការធ្វើជំរឿន​នៅ​កម្ពុជា ឲ្យ​ទទួលបាន​ភាពល្អប្រសើរ​។​
​លោក ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនកា​រ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​ជំរឿន​ទូទៅ ប្រជាជន​កម្ពុជា នៅ​ឆ្នាំ​២០១៩ បាន​និយាយថា ទិន្នន័យ​ស្ថិតិ​ដែល​ប្រមូលបាន​តាមរយៈ​ការធ្វើជំរឿន អង្កេត និង​ពី​ប្រភព​រដ្ឋបាល​ផ្សេងៗ គឺជា​មូលដ្ឋាន​ទិន្នន័យ​យ៉ាងសំខាន់​សម្រាប់​ការអភិវឌ្ឍ និង​ត្រួតពិនិត្យ វាយតម្លៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​។ ជាពិសេស​វាយតម្លៃ​ការសម្រេចបាន រាល់​ការអនុវត្ត​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាពក្រីក្រ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ លោក ឆាយ ថន បាន​បន្ថែមថា ទិន្នន័យ​ដែល ទទួល​បានមក​ការ​ជំរឿន​នេះ ក៏​ជា​ប្រយោជន៍​ដល់​អ្នកសិក្សា​ស្រាវជ្រាវ​ជាតិ និង​អន្តរជាតិ ។ ជាពិសេស​សម្រាប់​លេខាធិការដ្ឋាន​អាស៊ាន ក្នុងការ​តាមដាន​ត្រួតពិនិត្យ​ការអភិវឌ្ឍ​គ្រប់​វិស័យ​របស់​បណ្តា​ប្រទេស​សហគមន៍​អាស៊ាន​។​
 
​បន្ថែម​ពីនេះ​លោក សន ស៊ីថន រដ្ឋលេខាធិការ​ក្រសួងផែនការ  បាន​បញ្ជាក់ថា កិច្ចការ​ជំរឿន​ទូទៅ​សម្រាប់​ឆ្នាំ​២០១៩​ខាងមុខនេះ គឺមាន​លក្ខណ​ទំនើប​ជាង​ការធ្វើជំរឿន​កន្លងទៅ ដោយ​ក្រុមការងារ​នឹងដាក់​ប្រព័ន្ធ​សម្រាប់​វាយតម្លៃ​ភាព​សុ​ក្រឹត្យ​របស់​ជំរឿន ដោយ​ប្រើប្រាស់ Tablet PDA និង​បច្ចេកទេស NBS ៕
 

Tag:
 ឆាយ ថន​
  ចិន​
  ជំរឿន
© រក្សាសិទ្ធិដោយ thmeythmey.com