អន្តរជាតិ
នយោបាយអន្តរជាតិ
នាយករដ្ឋមន្ត្រីបង់ក្លាដែស យកវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិសម្តែងអារម្មណ៍ខកចិត្តរឿងរ៉ូហ៊ីងយ៉ា
× ប្រមុខរដ្ឋាភិបាលបង់ក្លាដែស បានសម្តែងការខកចិត្តចំពោះហេតុការណ៍នៃវិបត្តិមនុស្សជាតិរ៉ូហ៊ីងយ៉ា ដែលអូសបន្លាយអស់រយៈរាប់សិបខែ ដោយគ្មានដំណោះស្រាយច្បាស់លាស់។ បង់ក្លាដែស ក៏បានប្រើវេទិកាអង្គការសហប្រជាជាតិដើម្បីក្រើនរម្លឹកមេដឹកនាំពិភពលោកចូលរួមស្រោចស្រង់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ខណៈកន្លងមកសហគមន៍អន្តរជាតិ សម្ងំមិនអើពើ។
ពីវេទិការបស់មហាសន្និបាតអង្គការសហប្រជាតិនៅថ្ងៃ២៧ កញ្ញាកន្លងទៅ លោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina បានថ្លែងថា បង់ក្លាដែស បានព្យាយាមស្វែងរកដំណោះស្រាយសន្តិវិធីលើវិបត្តិរ៉ូហ៊ីងយ៉ាតាមរយៈការពិគ្រោះយោបល់ទ្វេភាគី ហើយក៏បានរៀបចំឲ្យមានការរៀបបញ្ជូនជនភៀសខ្លួនបីជុំឲ្យត្រលប់ទៅវិញផងដែរ ។ ក៏ប៉ុន្តែលោកស្រី អះអាងថា មីយ៉ាន់ម៉ា មិនបានសហការ ដូចការប្តេជ្ញាចិត្តសោះ។
លោកស្រីនាយករដ្ឋមន្ត្រី តាមរយៈវេទិកាដដែលនោះ បានផ្តល់អនុសាសន៍ដល់មីយ៉ាន់ម៉ាដោយប្រយោល ដោយលោកស្រី លើកយកគោលការណ៍ចំនួនប្រាំ ដែលលោកស្រី ក៏ធ្លាប់បានបង្ហាញកាលពីកិច្ចប្រជុំឆ្នាំមុន។ « យើង ពិតជាខកចិត្តខ្លាំងណាស់ ទោះបីជាយើងប្រឹងប្រែងប៉ុណ្ណាក៏ដោយ យើង នៅតែមិនអាចអនុវត្តការងារចាត់បញ្ជូនជនភៀសខ្លួនបាន។» នេះ គឺជាការលើកឡើងរបស់លោកស្រីនាយករដ្ឋមន្ត្រី។
ដោយមានការគាំទ្រ និងផ្តល់ជំនួយពីអង្គការអន្តរជាតិ លោកស្រី បានកត់សម្គាល់ថា បច្ចុប្បន្ន រដ្ឋាភិបាលបង់ក្លាដែស កំពុងតែផ្តល់ជម្រកដល់ជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាងមួយលាននាក់ដែលបានភៀសខ្លួនមកពីមីយ៉ាន់ម៉ា ដែលនេះ ជាបន្ទុកមួយដ៏ធ្ងន់របស់បង់ក្លាដែស ត្រូវធានារ៉ាប់រង។ លោកស្រី បានទទូចឲ្យសហគមន៍អន្តរជាតិ ចូលរួមជាមួយនឹងខ្លួនដើម្បីបន្តគាំពារជនភៀសខ្លួនរហូតមានដំណោះស្រាយ។
តាមពិតទៅ វិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ារបស់មីយ៉ាន់ម៉ា មិនមែនទើបតែកើតឡើងនៅចុងឆ្នាំ២០១៧នោះទេ។ វិបត្តិ ដែលផ្ទុះចេញឡើងដោយការវាយប្រហារគ្នារវាងកងអាជ្ញាធរមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមនៅក្នុងសហគមន៍ ដែលមានជនជាតិភាគតិចរ៉ូហ៊ីងយ៉ារស់នៅច្រើនជាងគេ បានផ្ទុះឡើងខ្លាំងនៅក្នុងឆ្នាំ២០១២ និងឆ្នាំបន្តបន្ទាប់។ ក៏ប៉ុន្តែគ្រាន់តែវិបត្តិនៅឆ្នាំ២០១៧ មានជនភៀសខ្លួនរហូតដល់ជាង៧០ម៉ឺននាក់ បានបង្ខំចាកចេញពីរដ្ឋរ៉ាខានរបស់មីយ៉ាន់ម៉ាទៅកាន់បង់ក្លាដែស។
គួរកត់សម្គាល់នោះ ក្រោយនៃវិបត្តិជនភៀសខ្លួនចុងឆ្នាំ២០១៧ មីយ៉ាន់ម៉ា បានព្រមព្រៀងទទួលជនភៀសខ្លួនទាំងនេះត្រលប់មកស្រុកកំណើតរបស់ពួកគេទាំងជាមួយនឹងបង់ក្លាដែសផង និងភ្នាក់ងារអង្គការសហប្រជាជាតិផង។ តែតាមជាក់ស្តែង មីយ៉ានម៉ា មិនទាន់បានអនុវត្តតាមការកិច្ចព្រមព្រៀងរបស់ខ្លួនឡើយ ក្រោមហេតុផលថា ប្រទេសត្រូវការស្តារស្ថានភាពឲ្យល្អប្រសើរជាមុនសិន៕
Tag:
បង់ក្លាដែស
រ៉ូហ៊ីងយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com