អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រី​ជប៉ុន ប្តេជ្ញា​លើកកម្ពស់​ពាណិជ្ជកម្ម​សេរី​ដើម្បី​ជួយ​ដល់​ប្រទេស​មាន​ធនធានធម្មជាតិ​តិចតួច​
29, Sep 2018 , 7:39 pm        
រូបភាព
ដោយ:
 ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​លោក​ស៊ីន​ហ្សូ អា​បេ បាន​ប្តេជ្ញា​នៅ​ចំពោះមុខ​មេ​ដឹក​ពិភពលោក​ក្នុងការ​លើកកម្ពស់​និង​ការពារ​គោលនយោបាយ​ពាណិជ្ជកម្ម​សេរី ខណៈដែល​ពិភពលោក កំពុងតែ​ជួប​រឿងចម្រូងចម្រាស់​នៃ​ការវិល​ត្រលប់​ទៅរក​ការអនុវត្ត​គោលនយោបាយ​ពាណិជ្ជកម្ម​ចង្អៀតចង្អល់ ឬ​ពាណិជ្ជកម្ម​គាំពារ​និយម​។ លោក អា​បេ ជឿថា មានតែ​ពាណិជ្ជកម្ម​សេរី​ទេ ដែល​ធ្វើ​ឲ្យ​ប្រទេស​មាន​ធនធានធម្មជាតិ​តិចរ​ស់បាន​។​


​នា​វេទិកា​ពិភពលោក​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃ​២៧ កញ្ញា លោកនាយក​រដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ បានលើកឡើង​ពី​ភាព​អកុសល​របស់​ជប៉ុន​ដែ​ល​មិនសូវមាន​ធនធានធម្មជាតិ​ដូច​បណ្តា​ប្រទេស​ភាគច្រើន​របស់​ពិភពលោក​។ ក៏ប៉ុន្តែ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​សង្កត់ធ្ងន់ថា នេះ មិនមែនជា​ឧបសគ្គ​ក្នុងការ​អភិវឌ្ឍ​ប្រទេស និង​កំណើនសេដ្ឋកិច្ច​ឡើយ​។​
​លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា ក្រៅពី​ធ្យូងថ្ម ដែលជា​ធនធានធម្មជាតិ​ធ្វើ​ឲ្យ​ជា​ជប៉ុន​ក្លាយជា​ប្រទេស​ឧស្សាហូបនីយកម្ម ជប៉ុន គ្មាន​ធនធាន​អ្វី​ផ្សេង​ទៀតឡើយ​។ « ការប្រឹងប្រែង តាមរយៈ​ការអនុវត្ត​គោលនយោបាយ​ពាណិជ្ជកម្ម​សេរី បានធ្វើ​ឲ្យ​ជប៉ុន​មាន​កំណើន​ដូច​បច្ចុប្បន្ន ដែល​នេះ ក៏​ជា​សារ​សម្រាប់​បណ្តា​ប្រទេស ដែល​មិនសូវមាន​ធនធានធម្មជាតិ​ផងដែរ​»​។ លោក បន្ថែម​យ៉ាង​ដូច្នេះ​។​
 
​នាឱកាស​ដដែល​នោះ ប្រមុខ​រដ្ឋាភិបាល​ជប៉ុន បាន​លើកយក​ផែនការ​ពាណិជ្ជកម្ម​សេរី​មួយចំនួន ដែល​ជប៉ុន កំពុងតែ​យកចិត្តទុកដាក់​ដែល​រាប់បញ្ចូល​ទាំង កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អភិវឌ្ឍន៍ និង​គ្រប់​ជ្រុងជ្រោយ​អន្តរ​ប៉ាស៊ីហ្វិក ឬ TPP11, កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ជប៉ុន​-​សហភាព​អឺរ៉ុប និង​ជាពិសេស​នោះ លោក បានបង្ហាញ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការចរចា​លើ​សំណើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ផងដែរ​។ 
 
​ឆ្លៀតឱកាស នៃ​ការ​ថ្លែង​សុន្ទ​កថា​ប្រចាំឆ្នាំ​នៃ​មហាសន្និបាត ដែលជា​កន្លែង​លោក ផ្តល់យោបល់​ក្នុងការ​ដោះស្រាយ​បញ្ហា​គំរាមកំហែង​សន្តិសុខ​ពិភពលោក​នោះ លោកនាយក​រដ្ឋមន្ត្រី បានបញ្ជាក់​ជាថ្មី​ពី​ចេតនា​របស់​ជប៉ុន​ក្នុងការ​ទាមទារ​ឲ្យ​មានការ​កែទម្រង់​ក្រុមប្រឹក្សាសន្តិសុខ ដែល​កំពុងតែ​គ្រប់គ្រង​ដោយ​មហាអំណាច​ប្រាំ រួមមាន ចិន បារាំង រុស្សី អង់គ្លេស និង​អាមេរិក​ផងដែរ​៕ 

Tag:
 ជប៉ុន​
  ពាណិជ្ជកម្ម​សេរី
  UN
© រក្សាសិទ្ធិដោយ thmeythmey.com